ខ្មែរប៉ុស្ដិ៍ Close

កម្ពជា-រុស្ស៊ី បន្តប្តេជ្ញាបង្កើនទំនាក់ទំនង ចំណងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំយូរអង្វែង

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១៦ ខែមករា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 52
កម្ពជា-រុស្ស៊ី បន្តប្តេជ្ញាបង្កើនទំនាក់ទំនង ចំណងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំយូរអង្វែង កម្ពជា-រុស្ស៊ី បន្តប្តេជ្ញាបង្កើនទំនាក់ទំនង ចំណងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំយូរអង្វែង

លោក ហេង សំរិន ប្រធានរដ្ឋសភា បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី អុលហ្គា យេពីហ្វាណូវ៉ា (Olga Epifanova) អនុប្រធានសភាឌូម៉ា សហព័ន្ធរុស្ស៊ី នៅព្រឹកថ្ងៃទី១៦ ខែ មករា ឆ្នាំ២០១៩ នៅសណ្ឋាគារ សុខាសៀមរាប ខណៈលោកស្រីដឹកនាំគណៈប្រតិភូ មកចូលរួមកិច្ចប្រជុំ លើកទី២៧ APPF ដែលសភាកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះ។ លោកស្រី បានថ្លែងអំណរគុណសភាកម្ពុជា ដែលបានជ្រើសរើសលោកស្រីធ្វើ ជាសហប្រធានដឹកនាំកិច្ចប្រជុំសមាជិកសភាស្រ្តី APPF ដ៏មានសារៈសំខាន់។ លោកស្រី បានជម្រាបថា ខ្លឹមសារកិច្ចប្រជុំសមាជិកសភាស្រ្តី APPF មានសារៈ សំខាន់ណាស់ក្នុងការពង្រឹងតួនាទីស្រ្តីក្នុងការចូលរួមចំណែកកសាងសុខសន្តិភាពនៅក្នុងសង្គមជាតិ។

លោកស្រី អុលហ្គា យេពីហ្វាណូវ៉ា បានគូសបញ្ជាក់ថា នៅក្នុងដំណើរបំពេញ ទស្សនកិច្ចការងារនៅម្ពុជានេះ គណៈប្រតិភូសភាឌូម៉ារុស្ស៊ី ក៏បានជួបពិភាក្សា ការងារជាមួយសមាជិកស្រ្តីរដ្ឋសភាកម្ពុជាផងដែរ ដើម្បីពង្រឹងពង្រីកកិច្ចសហ ប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែរឹងមាំថែមទៀត។ ក្រៅពីនេះ លោកស្រី បានស្នើប្រធានរដ្ឋសភា ជួយជំរុញទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ កាន់តែរឹងមាំឡើងពិសេសទំនាក់ទំនងក្នុងស្រទាប់យុវជនប្រទេសទំាងពីរ។

លោក ហេង សំរិន ប្រធានរដ្ឋសភា បានសម្តែងក្តីសោមនស្សរីករាយជាទីបំផុត ដែលលោកស្រី អុលហ្គា យេពីហ្វាណូវ៉ា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកបំពេញទស្សនកិច្ចនៅកម្ពុជា និងចូលរួមកិច្ចប្រជុំ APPF លើកទី២៧ ។ វត្តមានសភាឌូម៉ារុស្ស៊ីនៅពេលនេះ បានរួមចំណែកដល់ការបន្តរឹតបន្តឹងទំនាក់ ទំនង ចំណងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទំាងពីរ ជាពិសេសរវាងស្ថាប័ននីតិប្បញ្ញត្តិ កម្ពុជា-រុស្ស៊ី ឱ្យកាន់តែរឹងមាំ ជិតស្និទ្ធ និងយូរអង្វែង។ លោក បានចាត់ទុកប្រទេសរុស្ស៊ី ជាមិត្តចាស់ ជាមិត្តល្អ និងជាអ្នកជិតខាងល្អ របស់កម្ពុជា នៅគ្រប់កាលៈទេសៈ។ រុស្ស៊ីបានជួយគំាទ្រ កម្ពុជាចាប់ពី ទសវត្សឆ្នាំ ១៩៨០ មកដល់បច្ចុប្បន្ននេះ។ ក្នុងការពង្រឹងកិច្ចសហ ប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរ ប្រធានសភាឌូម៉ា សហព័ន្ធរុស្ស៊ីគ្រោង អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាក្នុងឆ្នាំនេះផងដែរ៕