ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ នយោបាយឈ្នះ-ឈ្នះ បានបង្រួបបង្រួមប្រទេសកម្ពុជា ជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រប្រមាណ ៥០០ឆ្នាំចុងក្រោយនេះ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១៥ ខែមករា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 34
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ នយោបាយឈ្នះ-ឈ្នះ បានបង្រួបបង្រួមប្រទេសកម្ពុជា ជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រប្រមាណ ៥០០ឆ្នាំចុងក្រោយនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ នយោបាយឈ្នះ-ឈ្នះ បានបង្រួបបង្រួមប្រទេសកម្ពុជា ជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រប្រមាណ ៥០០ឆ្នាំចុងក្រោយនេះ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំលឹកថា កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ កន្លងទៅនេះ កម្ពុជាទើបតែប្រារព្ធខួបនៃការបញ្ចប់សង្គ្រាមទាំងស្រុងនៅកម្ពុជា តាមរយៈនយោបាយឈ្នះ ឈ្នះ ដែលគិតចាប់ពីឆ្នាំ១៩៩៨ រហូតមកដល់ឆ្នាំ២០១៨ មានរយៈពេល ២០ឆ្នាំហើយ។ លោកនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «យើងធ្លាប់មានតំបន់ត្រួតត្រារហួតទៅដល់ ៤ ក្នុងពេលតែមួយ យើងធ្លាប់មានតំបន់ត្រួតត្រាមិនតិចជាង ២ និងរដ្ឋាភិបាល ២ក្នុងពេលតែមួយ ប៉ុន្តែចាប់តាំងពីឆ្នាំ១៩៩៨ ពេលដែលយើងខ្ញុំអនុវត្តគោលនយោបាយឈ្នះ-ឈ្នះ យើងខ្ញុំបានសម្រេចតាំងពីពេលនោះ រហូតមកដល់ពេលនេះ គឺបានក្លាយទៅជាប្រទេសមួយ តំបន់ត្រួតត្រាមួយ រដ្ឋធម្មនុញ្ញ១ ព្រះមហាក្សត្រតែមួយ រាជរដ្ឋាភិបាលតែមួយ និងកងកម្លាំងប្រដាប់អាវុធតែមួយ ដែលជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រប្រមាណ ៥០០ឆ្នាំរបស់កម្ពុជា»។

លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ ក្នុងឱកាសឡើងថ្លែងសុន្ទរកថា បើកកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ (APPF-27) ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប។

លោកនាយករដ្ឋមន្ត្រី បានបន្តថា «បន្ទាប់ពីកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ នៅចុងឆ្នាំ១៩៩៨ សេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើន គួរឱ្យកត់សម្គាល់ ដោយចាប់ផ្តើមពីចំណុច០ ហើយក្នុងរយៈពេលជាង ២០ឆ្នាំចុងក្រោយនេះ កម្ពុជាទទួលបានចំណាត់ថ្នាក់ជាប្រទេស ដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតលំដាប់ទី៦ ក្នុងពិភពលោក»៕

អត្ថបទទាក់ទង