មិនធម្មតា! ត្រីធូណាមួយក្បាលមានតម្លៃដល់ទៅជាង ៣លានដុល្លារសហរដ្ឋអាមេរិក
ត្រីធូណាមួយក្បាល ត្រូវបានម្ចាស់ហាងសូស៊ីមួយកន្លែងក្នុងប្រទេសជប៉ុនឈ្នះការដេញថ្លៃក្នុងតម្លៃ ៣,១លានដុល្លារនៅឯផ្សារត្រីដ៏ល្បី Toyosu ក្នុងទីក្រុងតូក្យូកាលពីថ្ងៃសៅរ៍កន្លងទៅ។
យោងតាមម្ចាស់ហាងសូស៊ីឈ្មោះ Sushi-Zanmai ឲ្យដឹងថា លោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលបានដេញថ្លៃត្រីនេះក្នុងតម្លៃបំបែកកំណត់ត្រាកាលពីឆ្នាំ ២០១៣ដែលថ្លៃត្រឹម ១៥៥លានយេន។ លោកបន្ដថា “ខ្ញុំគិតទុកមុនថា ត្រីធូណាដែលមានទម្ងន់ ២៧៨គីឡូក្រាមនេះ នឹងថ្លៃចន្លោះពី ២៧០ ០០០ ទៅ ៤៦០ ០០០ដុល្លារប៉ុណ្ណោះ តែទីបំផុតវាថ្លៃជាងនេះ ៥ដងឯណោះ។” យោងតាមសារព័ត៌មាន NHK ឲ្យដឹងថា ត្រីធូណាយក្សនេះ ត្រូវគេនេសាទបាននៅជិតអាណាខេត្ត Amomori ភាគខាងជើងប្រទេសជប៉ុន ហើយមើលទៅគួរឲ្យចង់ទទួលទានបំផុតដោយសារសំបូរខ្លាញ់ច្រើន។
ជាមួយគ្នាដែរ ការដាក់ដេញថ្លៃនេះ ត្រូវបានធ្វើឡើងនៅផ្សារត្រីថ្មីដែលបានប្ដូរឈ្មោះមកជា Toyosu ក្រោយការបិទផ្សារត្រីចាស់ឈ្មោះ Tsukiji ដែលជាផ្សារត្រីដ៏ល្បីល្បាញក្នុងទីក្រុងតូក្យូ ទាក់ទាញភ្ញៀវទេសចរពីជុំវិញពិភពលោក៕
ប្រភព៖ សប្បាយ