ខ្មែរប៉ុស្ដិ៍ Close

រដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់ចំនួន៥ សេចក្តីស្នើច្បាប់ចំនួន៣ និងបានបំពេញកិច្ចការផ្សេងទៀត

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣ ខែមករា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 77
រដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់ចំនួន៥ សេចក្តីស្នើច្បាប់ចំនួន៣ និងបានបំពេញកិច្ចការផ្សេងទៀត រដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់ចំនួន៥ សេចក្តីស្នើច្បាប់ចំនួន៣ និងបានបំពេញកិច្ចការផ្សេងទៀត

ប្រធានរដ្ឋសភា លោក ហេង សំរិន នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ បានដឹកនាំសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៦ ដើម្បីពិភាក្សា និងអនុម័តសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង សេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការបោះឆ្នោតក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ។

ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩នេះ ជាថ្ងៃបិទបញ្ចប់សម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៦ ផងដែរ បន្ទាប់ពីបានដំណើរ ការរយៈពេលជាងបីខែកន្លងមក ស្របតាមរដ្ឋធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ដែលបានចែងថាសម័យប្រជុំរដ្ឋសភានីមួយៗ រដ្ឋសភាមានថិរវេលា យ៉ាងតិច៣ខែនោះ។

ចំពោះសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បានធ្វើឡើងបន្ទាប់ពីច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ចូលជាធរមានអស់រយៈពេល១០ឆ្នាំមក ដោយផ្អែកតាមកត្តាប្រជាសាស្រ្ត និងកត្តាភូមិសាស្រ្តនៃរដ្ឋបាលដែនដីនីមួយៗ។

ការធ្វើវិសោធនកម្មច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅត្រង់មាត្រា១៨ ដែលនិយាយពីចំនួនសមាជិកក្រុមប្រឹក្សា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពក្នុងការផ្តល់សេវា និងការអភិវឌ្ឍស្របពេលដែលមុខងារ និងធនធាន ត្រូវផ្ទេរជាបន្តបន្ទាប់ពីថ្នាក់ជាតិ ទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។ រីឯសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការបោះឆ្នោតក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ វិញ ត្រូវបានធ្វើឡើងដើម្បីឱ្យមានលក្ខណៈស្របគ្នាទៅនឹងច្បាប់មួយចំនួន ដូចជាច្បាប់ស្តីពីការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្ត និងច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជាដើម។ បន្ទាប់ពីបានពិភាក្សានិងអនុម័តសេចក្តីស្នើច្បាប់ខាងលើចប់សព្វគ្រប់ លោក ហេង សំរិន បានប្រកាសបិទសម័យប្រជុំរដ្ឋសភាលើកទី១នីតិកាលទី៦ ចាប់ពីពេលនេះ។

គួរបញ្ជាក់ថា ក្នុងរយៈពេល៣ខែកន្លងមកនេះ សម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៦ បានសម្រេចលទ្ធផលដូចតទៅ៖
១- សម្រេចអំពីសុពលភាពនៃអាណត្តិរបស់បេក្ខជនជាប់ឆ្នោតតំណាងរាស្រ្ត១២៥រូប នីតិកាលទី៦ នៃរដ្ឋសភា។
២- អនុម័តបទបញ្ជាផ្ទៃក្នុងរដ្ឋសភា នីតិកាលទី៦
៣- បោះឆ្នោតជាកញ្ចប់ដើម្បីជ្រើសតំាងប្រធាន អនុប្រធានរដ្ឋសភា ប្រធាន អនុប្រធានគណៈកម្មការជំនាញទំាងអស់ នៃរដ្ឋសភា និងផ្តល់សេចក្តីទុកចិត្តចំពោះរាជរដ្ឋាភិបាល។
៤- សម្រេចអំពីសុពលភាពនៃអាណត្តិរបស់បេក្ខជនជាប់ឆ្នោតតំណាងរាស្រ្តចំនួន៣៨រូប ជំនួសតំណាងរាស្រ្តដែលបានលាលែងនីតិកាលទី៦នៃរដ្ឋសភា។
៥- បោះឆ្នោតជ្រើសតំាងបំពេញបន្ថែមសមាជិកគណៈកម្មការនានានៃរដ្ឋសភា។
៦- អនុម័តសេចក្តីព្រាងច្បាប់បានចំនួន៥ ដែលស្នើឡើងដោយរាជរដ្ឋាភិបាល។
៧- អនុម័តសេចក្តីស្នើវិសោធនកម្មច្បាប់ចំនួន៣ ដែលស្នើឡើងដោយក្រុមតំណាងរាស្រ្តហត្ថលេខី៕

អត្ថបទទាក់ទង