ខ្មែរប៉ុស្ដិ៍ Close

រដ្ឋមន្ត្រីក្រសួងអប់រំ ចាត់ទុកថា ទីលានបាល់ទាត់ថ្មីវិទ្យាល័យព្រះស៊ីសុវត្ថិ គឺជាចំណែកនៃការអភិវឌ្ឍកីឡាឱ្យកាន់តែប្រសើរ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៥ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 76
រដ្ឋមន្ត្រីក្រសួងអប់រំ ចាត់ទុកថា ទីលានបាល់ទាត់ថ្មីវិទ្យាល័យព្រះស៊ីសុវត្ថិ គឺជាចំណែកនៃការអភិវឌ្ឍកីឡាឱ្យកាន់តែប្រសើរ រដ្ឋមន្ត្រីក្រសួងអប់រំ ចាត់ទុកថា ទីលានបាល់ទាត់ថ្មីវិទ្យាល័យព្រះស៊ីសុវត្ថិ គឺជាចំណែកនៃការអភិវឌ្ឍកីឡាឱ្យកាន់តែប្រសើរ

ទីលានបាល់ទាត់ថ្មីមានតម្លៃជាង ៩ម៉ឺនដុល្លាររបស់វិទ្យាល័យព្រះស៊ីសុវត្ថិ ដែលជាអំណាយ​របស់ក្រុមហ៊ុន ខ្មែរប៊ែវើរីជីស (Khmer Beverages) ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹក ថ្ងៃចន្ទ ទី២៤​ ខែធ្នូ ឆ្នាំ២០១៨ ដោយលោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលបានចាត់ទុកថា ទីលានថ្មីនេះគឺជាការរួមចំណែកក្នុងការអភិវឌ្ឍ​វិស័យអប់រំ និងកីឡាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ លោករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះលោកឧកញ៉ា លាង ឃុន ប្រធានអគ្គ​នាយក​ក្រុមហ៊ុន ខ្មែរប៊ែវើរីជីស ដែលបានជួយកសាងទីលានបាល់ទាត់ដល់សាលារៀន ដើម្បីរួម​ចំណែកអភិវឌ្ឍវិស័យកីឡា ឱ្យកាន់តែរីកចម្រើន ដោយបានជួយធ្វើទីលានបាល់ទាត់នៅតាម​វិទ្យាល័យចំនួន៣កន្លែងនៅរាជធានីភ្នំពេញ និង ៦កន្លែងនៅទូទាំងប្រទេស ដែលទាំងនេះ​គឺកាយវិការដ៏សប្បុរសរបស់លោកឧកញ៉ា។ លោករដ្ឋមន្ត្រីចាត់ទុកថា ការរៀបចំទីលានបាល់ទាត់នៅក្នុងសាលារៀននេះ គឺជាគោលដៅរបស់ក្រសួង ក្នុងការលើកកម្ពស់ និង អភិវឌ្ឍវិស័យអប់រំ និងកីឡាឱ្យកាន់តែរីកចម្រើន។

លោកឧកញ៉ា លាង ឃុន បានបញ្ជាក់ថា ទីលានបាល់ទាត់នេះបានប្រើប្រាស់​ស្មៅសប្បនិមិត្ត ដោយមានទំហំដី ៥២ម៉ែត្រគុណនឹង៧២ម៉ែត្រ ស្មើនឹង ៣.៧៤៤ម៉ែត្រការ៉េ ដែលបានចំណាយទឹកប្រាក់ជាង ៩ម៉ឺនដុល្លារ សហរដ្ឋអាមេរិក។ លោកឧកញ៉ាបន្ថែមថា បេស​កកម្មសង្គមរបស់ក្រុមហ៊ុន ខ្មែរប៊ែវើរីជីស គឺផ្តោតសំខាន់លើវិស័យចម្បងៗចំនួន៣ ដូចជាវិស័យអប់រំ និងកីឡា បរិស្ថាន និងទេសចរណ៍ ដែលក្រុមហ៊ុនតែងតែប្តេជ្ញាចិត្តរួមចំណែកលើកកម្ពស់វិស័យអប់រំ និងកីឡា តាមរយៈការកែលម្អហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងសាលា និងការឧបត្ថម្ភដល់សកម្មភាពកីឡាបាល់ទាត់ទាំងថ្នាក់ជាតិ និងថ្នាក់តំបន់ផងដែរ៕