ខ្មែរប៉ុស្ដិ៍ Close

ទីស្តីការគណៈរដ្ឋមន្ត្រី រៀបចំពិធីអបអរខួបលើកទី ៤០ ថ្ងៃបង្កើតសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២១ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 80
ទីស្តីការគណៈរដ្ឋមន្ត្រី រៀបចំពិធីអបអរខួបលើកទី ៤០ ថ្ងៃបង្កើតសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ទីស្តីការគណៈរដ្ឋមន្ត្រី រៀបចំពិធីអបអរខួបលើកទី ៤០ ថ្ងៃបង្កើតសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍

នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨នេះ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលអបអរខួបលើកទី ៤០ ថ្ងៃបង្កើតសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ (ថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ – ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨) របស់គណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នៃទីស្តីការគណៈរដ្ឋមន្ត្រី។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី ដែលជាមន្ត្រីរាជការនៃទីស្តីការគណៈរដ្ឋមន្ត្រី ជាច្រើនរូបផងដែរ។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បានគូសបញ្ជាក់ថា នៅក្នុងប្រវត្តិសាស្ត្រកម្ពុជា ស្រី្តគឺជាអ្នកដឹកនាំ និងគ្រប់គ្រងនគរខ្មែរដ៏ឆ្នើម ក្នុងនោះព្រះនាងលីវយី គឺជាកុលស្ត្រីខ្មែរគ្រប់គ្រងនគរសម័យហ្វូណន ដែលមានឈ្មោះល្បីរន្ទឺពេលសកលលោក ។ លោកបន្តថា ក្នុងសម័យកាលព្រះមហាក្សត្រខ្មែរព្រះបាទជ័យវរ្ម័នទី៧ ដែលជាស្តេចដ៏អង់អាចក្លាហានក្នុងសម័យអង្ករ ក៏មានព្រះមហេសីចាំជួយជ្រោមជ្រែងព្រះអង្គដែរ គឺព្រះនាងឥន្ទ្រទេវី ។ ដូចគ្នានេះដែរ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា « ភាពជោគជ័យនៃបុរសជាថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាលបច្ចុប្បន្ន ក៏មិនអាចខ្វះបានពីការគាំទ្រ និងជ្រោមជ្រែងពីឧត្តមភរិយាដែរ ដូចជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាភរិយាដ៏ឆ្នើមនៅពីក្រោយដែលជាកំលាំងស្នូលមួយយ៉ាងរឹងមាំ និងសំខាន់បំផុត »។ លោកក៏បានចាត់ទុកស្ត្រីជាឆ្នឹងខ្នងដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចជាតិ ហើយក្នុងនាមជាបុរសយើងមិនអាចមើលរំលងពីតំលៃស្ត្រីក្នុងសង្គម និងគ្រួសារបានឡើយ ។

លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បានថ្លែងឱ្យដឹងថា « តាមរយៈសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកិត្តិយស និងមានលោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ជាប្រធាន កន្លងមកនេះ បានជួយដល់ជនក្រីក្រ និងជួបទុក្ខលំបាកជាបន្តបន្ទាប់ដោយគ្មានការរើសអើងឡើយ » ។ រយៈពេល៤០ឆ្នាំមកនេះ សមាគមនារីបានចាក់ឬសយ៉ាងជ្រៅក្នុងសង្គមកម្ពុជា ដើម្បីជួយសម្រួលការលំបាកដល់នារីៗ និងរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិផងដែរ។

គួរបញ្ជាក់ថា សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានបង្កើតឡើង ក្នុងគោលដៅលើកកំពស់ស្ថានភាពស្រ្តីនៅក្នុងប្រទេសកម្ពុជា ដោយផ្តល់ភាពអង់អាចដើម្បីអោយមានភាពជាអ្នកដឹកនាំ ភាពម្ចាស់ការដោយខ្លួនឯង និងមានសិទ្ធិក្នុងការចែករំលែកដោយសមធម៌ នូវធនធាន និងផលប្រយោជន៍ពីគ្រប់ការចូលរួមដោយសកម្ម ក្នុងសកម្មភាពសង្គម វប្បធម៌ សេដ្ឋកិច្ច និងនយោបាយ ចាប់តាំងពីថ្នាក់មូលដ្ឋាន ថ្នាក់ជាតិ និងអន្តរជាតិ ។
សមាគមបានដំណើរការការងាររបស់ខ្លួន ដោយឈរលើមូលដ្ឋាន នារីគឺជាដៃគូក្នុងការជួយអភិវឌ្ឍន៍សង្គមជាតិយ៉ាងសំខាន់ និងមិនអាចខ្វះបានឡើយ ដូច្នេះហើយទើបសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានទទួលការគាំទ្រយ៉ាងពេញលេញ ពីរាជរដ្ឋាភិបាលកម្ពុជាដែលបានលើកកម្ពស់ដល់នារីទាំងអស់ ឱ្យមានភាពស្មើមុខស្មើមាត់ដូចបុរសដែរ៕

 

អត្ថបទទាក់ទង