ខ្មែរប៉ុស្ដិ៍ Close

កម្មវិធីប្រកួតជ្រើសរើសស្រូវល្អជាងគេបំផុតប្រចាំប្រទេសកម្ពុជាលើកទី៣ នឹងមានអ្នកចូលរួមច្រើនជាងឆ្នាំកន្លងទៅ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២០ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 44
កម្មវិធីប្រកួតជ្រើសរើសស្រូវល្អជាងគេបំផុតប្រចាំប្រទេសកម្ពុជាលើកទី៣ នឹងមានអ្នកចូលរួមច្រើនជាងឆ្នាំកន្លងទៅ កម្មវិធីប្រកួតជ្រើសរើសស្រូវល្អជាងគេបំផុតប្រចាំប្រទេសកម្ពុជាលើកទី៣ នឹងមានអ្នកចូលរួមច្រើនជាងឆ្នាំកន្លងទៅ

មន្រ្តីសហព័ន្ធស្រូវអង្ករកម្ពុជាបានឲ្យដឹងថា កម្មវិធីប្រកួតជ្រើសរើសស្រូវល្អជាងគេបំផុតប្រចាំប្រទេសកម្ពុជាលើកទី៣ ដែលប្រារព្វធ្វើឡើងនៅដើមឆ្នាំ២០១៩ខាងមុខ នឹងមានអ្នកចូលរួមច្រើនជាងឆ្នាំកន្លងទៅ ដោយសារតែសមាជិកបណ្តាញសហគមន៍កសិកម្ម និងក្រុមហ៊ុននានាកាន់តែយល់ដឹងពីអត្ថប្រយោជន៍នៃការលើកកម្ពស់វិស័យស្រូវអង្ករនៅកម្ពុជា។

លោក មូល សារិទ្ធី អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជាបានមានប្រសាសន៍ ប្រាប់វិទ្យុជាតិកម្ពុជាថា សមាជិកបណ្តាញសហគមន៍កសិករផលិតស្រូវ រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននានា បានដាក់ពាក្យ ចូលរួមព្រឹត្តិការណ៍ នៃការប្រកួតជ្រើសរើសស្រូវល្អជាងគេបំផុត ប្រចាំប្រទេសកម្ពុជា លើកទី៣ ជាបណ្តើរៗហើយ។ លោកបន្តថា ការប្រកួតជ្រើសរើស ស្រូវល្អជាងគេបំផុត ប្រចាំប្រទេសកម្ពុជានេះ គឺដើម្បីរួមចំណែកក្នុងការលើកទឹកចិត្ត និងផ្តល់កិត្តិយសដល់អ្នកផលិតស្រូវ ជាពិសេស សហគមន៍កសិករដែលជំរុញឲ្យចូលរួមផ្សព្វផ្សាយប្រភេទស្រូវថ្មីៗដែលល្អបំផុត ដែលមានសក្ដានុពល ដើម្បីបង្កើនការនាំចេញទៅទីផ្សារក្រៅ ប្រទេស។

លោកបានបន្តថា ប្រជាកសិករនៅតាមបណ្តាលខេត្តនីមួយៗ ដែលមានបំណង ចង់ដាក់ពាក្យសំរាប់ចូលរួមប្រកួតជ្រើសរើសស្រូវល្អជាងគេ បំផុតប្រចាំប្រទេសកម្ពុជា កាន់តែមានភាពងាយស្រួលជាងពេលកន្លងមក ដោយគ្រាន់តែយកស្រូវដែលកសិករផលិតបានទាំងនោះ យកមកដាក់នៅតាមសហគមន៍ដែលនៅជិតភូមិស្រុក របស់ខ្លួនជាការស្រេច។

សំឡេង៖ យើងទើបតែប្រកាសតែ ហើយអីលូវនេះយើងឃើញថាសហគមន៍គាត់បានទាក់ទងមកច្រើន ហើយណាមួយទៀតយើងមានបុគ្គលិកយើងប្រចាំតំបន់ នៅតាមខេត្តដែលពួកគាត់ជួយធ្វើការងារជាមួយសហគមន៍ជួយសម្រួលក្នុងការស្រូវកុំឲ្យពិបាកដល់ពួកគាត់យកស្រូវមកឡើងដល់លើដោយការពីមុនមកយើងអត់មានបណ្តាយទេ ហើយអីលូវនេះ យើងទើបពួកគាត់ជួយផ្សព្វផ្សាយដល់សហគមន៍បានច្រើន ដល់ប្រជាពលរដ្ឋជាពិសេសហគមន៍កសិករដែលជាអ្នកផលិតស្រូវ នៅតំបន់ណា ជួនកាលពួកគាត់នៅឆ្ងាយៗចង់យកស្រូវមកដាក់ប្រកួតឬបង្ហាញ ទោះបីជាឈ្នះឬចាញ់វាគឺជារឿងធម្មតា ប៉ុន្តែសំខាន់គឺការចូលរូមឲ្យបានច្រើនគឺដើម្បីបង្ហាញអំពីសហគមន៍របស់ពួកគាត់ដែលបានដាំដុះស្រូវដែលល្អ ដែលមានគុណភាពហើយវាជាឱកាសដែលពួកគាត់គួរតែចូលរួមអោយបានច្រើន។

លោក មូល សារិទ្ធី អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ឲ្យដឹងទៀតថា អង្ករកម្ពុជាធ្លាប់បានជាប់ចំណាត់ថ្នាក់លេខ១ រយៈពេល៣ឆ្នាំជាប់គ្នាគឺពីឆ្នាំ២០១២ រហូតដល់ឆ្នាំ២០១៤ ដែលធ្វើឲ្យពិភពលោកបានស្គាល់ពីកេរ្តិ៍ឈ្មោះអង្ករកម្ពុជាលើឆាកអន្តរជាតិ ហើយសហព័ន្ធស្រូវអង្ករកម្ពុជា កំពុងតែជំរុញការចុះបញ្ជីម៉ាក់អង្ករខ្មែរ ជាឈ្មោះរួមមួយ ដើម្បីលើកកម្ពស់មុខមាត់កម្ពុជានៅលើឆាកអន្តរជាតិផងដែរ។

សូមបញ្ជាក់ថា សហព័ន្ធស្រូវអង្ករកម្ពុជា នឹងរៀបចំការប្រកួតជ្រើសរើស ស្រូវល្អជាងគេបំផុតប្រចាំប្រទេសកម្ពុជា លើកទី៣ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩ ខាងមុខនេះ ដើម្បី ស្វែងរកជ័យលាភីចំនួន៣ លើប្រភេទស្រូវផ្ការំដួល ប្រភេទស្រូវសែនក្រអូប និងប្រភេទស្រូវអ៊ីអ៊ែរ ដែលជាប្រភេទពូជស្រូវដ៏ល្អរបស់កម្ពុជា៕