ខ្មែរប៉ុស្ដិ៍ Close

ក្រសួងការបរទេស ចេញសេចក្តីប្រកាសព័ត៌មានជុំវិញការរៀបចំវេទិកាសហគ្រិនវ័យក្មេងអាស៊ាន-ចិន រយៈពេល២ថ្ងៃ នៅខេត្តសៀមរាប

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១៨ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 49
ក្រសួងការបរទេស ចេញសេចក្តីប្រកាសព័ត៌មានជុំវិញការរៀបចំវេទិកាសហគ្រិនវ័យក្មេងអាស៊ាន-ចិន រយៈពេល២ថ្ងៃ នៅខេត្តសៀមរាប ក្រសួងការបរទេស ចេញសេចក្តីប្រកាសព័ត៌មានជុំវិញការរៀបចំវេទិកាសហគ្រិនវ័យក្មេងអាស៊ាន-ចិន រយៈពេល២ថ្ងៃ នៅខេត្តសៀមរាប

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ បានចេញសេចក្តីសេចក្តីប្រកាសព័ត៌មានមួយ ដោយបញ្ជាក់ថា ខ្លួនបានសហការជាមួយនឹងលេខាធិការដ្ឋានអាស៊ាន និងដោយមានការគាំទ្រពីស្ថានបេសកកម្មនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំអាស៊ាន រៀបចំដោយជោគជ័យនូវ វេទិកាសហគ្រិនវ័យក្មេងអាស៊ាន-ចិន ក្រោមមូលបទ «ការប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីការអភិវឌ្ឍ សហគ្រាសធុនតូច និងមធ្យមឱ្យរឹងមាំ» នៅថ្ងៃទី១៧-១៨ ខែធ្នូ ឆ្នាំ ២០១៨ នៅខេត្តសៀមរាប។

ក្រសួងការបរទេស បានបញ្ជាក់ទៀតថា វេទិកានេះ គឺជាសកម្មភាពមួយ ដើម្បីអបអរសាទរ «ឆ្នាំនវានុវត្តន៍អាស៊ាន-ចិន២០១៨» និង ដើម្បីប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៥ឆ្នាំ នៃភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-ចិន។

លោក កាន់ ផារិទ្ធ រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ និងជាឧត្តមមន្រ្តីអាស៊ាន (SOM) កម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិការនេះ។ ឥស្សរជនសំខាន់ៗដទៃទៀត ដែលបានអញ្ជើញចូលរួមក្នុងពីធីបើកវេទិកានេះ មានជាអាទិ៍ លោក ហេង សុខគង់ រដ្ឋលេខាធិការ នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម លោកស្រី ហ្វាង ប៊ីង ទីប្រឹក្សានៃស្ថានបេសកកម្ម នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំអាស៊ាន និង លោក ពិន ប្រាកដ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប។ មានយុវជន យុវតីប្រមាណជាង១០០នាក់ រួមទាំងសហគ្រិនជាស្រ្តី និងតំណាងមកពីប្រទេសសមាជិកអាស៊ានទាំង១០ សាធារណរដ្ឋ ប្រជាមានិតចិន លេខាធិការដ្ឋានអាស៊ាន មជ្ឈមណ្ឌលអាស៊ាន-ចិន និងអ្នកពាក់ព័ន្ធដទៃទៀត ដែលមកពីសហគ្រាសមីក្រូធុនតូច និងមធ្យម (MSMEs) បានចូលរួមក្នុងវេទិកានេះ។

ព្រឹត្តិការណ៍រយៈពេលពីរថ្ងៃនេះ បានលើកកម្ពស់ការយល់ដឹងរបស់យុវជន និងសហគ្រិនវ័យក្មេងទាំងអស់ អំពីតួនាទីដ៏សំខាន់របស់បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម នៅក្នុងបណ្ដាប្រទេសសមាជិកអាស៊ាន និងប្រទេសចិន។ អ្នកចូលរួមទាំងអស់បានធ្វើការផ្លាស់ប្តូរទស្សនៈយ៉ាងផុលផុស ស្តីពីគោលនយោបាយ បទពិសោធន៍ និងឧត្តមានុវត្តន៍ បញ្ហាប្រឈមសំខាន់ៗ និងនវានុវត្តន៍នាពេលអនាគត សម្រាប់សហគ្រាសមីក្រូ ធុនតូច និងមធ្យម នៅក្នុងអាស៊ាន និងប្រទេសចិន។ លើសពីនេះទៅទៀត វេទិកានេះបានផ្ដល់ឱកាសដ៍ល្អឱ្យអ្នកចូលរួមទាំងអស់បង្កើតបណ្តាញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងវិស័យដែលខ្លួនយកចិត្តទុកដាក់។

លោក អ៊ូក សោភ័ណ អនុរដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ បានថ្លែងសុន្ទរកថាក្នុងពិធីបិទវេទិកា នៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០១៨ ដែលបានបញ្ចប់ដោយការអនុម័តនូវអនុសាសន៍សំខាន់ៗមួយចំនួន ស្តីពីវិធីលើកកម្ពស់នវានុវត្តន៍សម្រាប់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម និងកិច្ចសហប្រតិបត្តិការក្នុងវិស័យនេះ៕

អត្ថបទទាក់ទង