ខ្មែរប៉ុស្ដិ៍ Close

ក្រសួងការបរទេសបង្ហាញលទ្ធផលការងារឆ្នាំ២០២៣ និងដាក់ចេញទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៤

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 114

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបានគូសរំលេចនូវសមិទ្ធផលដែលសម្រចបានក្នុងឆ្នាំ២០២៣ ដែលរួមមាន៖
១. កម្ពុជាទទួលបានជោគជ័យក្នុងការចាកចេញពីបញ្ជីប្រផេះរបស់ក្រុមការងារហិរញ្ញវត្ថុ (FATF) ដែលជាការរួមចំណែកដ៏ធំធេងក្នុងការលើកកម្ពស់ទំនុកចិត្តវិនិយោគនៅកម្ពុជា។
២. បានជួយសង្គ្រោះពលរដ្ឋខ្មែរនៅបរទេស និងបានសម្របសម្រួលមាតុភូមិនិវត្តន៍ពលរដ្ឋខ្មែរ ដែលរងគ្រោះដោយការរំលោភសិទ្ធិសេរីភាពនៅបរទេស និងអំពីការជួញដូរមនុស្ស។
៣. ការបានសម្រេចដាក់បេក្ខភាពជាអ្នកសង្កេតការណ៍ក្នុងអង្គការសហប្រតិបត្តិការឥស្លាម និងអង្គការសហប្រតិបតិ្តការសៀងហៃ ព្រមទាំងបានដាក់បេក្ខភាពជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីឆ្នាំ២០២៦ ផងដែរ។
៤. ការចូលរួមក្នុងបុព្វហេតុសន្តិភាព ស្ថិរភាព និងដំណោះស្រាយបញ្ហាប្រឈមនានានៅក្នុងពិភពលោក មានជាអាទិ៍ ការបញ្ជូនកងកម្លាំងរក្សាសន្តិភាពទៅបំពេញបេសកកម្មនៅប្រទេសចំនួន១០ ដែលធ្វើឱ្យកម្ពុជាជាប់ចំណាត់ថ្នាក់ទី២៨ នៅលើពិភពលោក និងទី៣ ក្នុងតំបន់អាស៊ាន។
៥. ការអនុវត្តការងារការទូតសេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍ ដើម្បីលើកស្ទួយសេដ្ឋកិច្ច និងកិត្យានុភាពជាតិ។ ជាក់ស្តែង សៀវភៅ «កេរដំណែលម្ហូបខ្មែរ – The Taste of Angkor» ដែលបានបោះពុម្ពផ្សាយដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឈ្នះពានរង្វាន់ Best Television Awards in the World ដែលជាពានរង្វាន់ទី៤ បន្ទាប់ពីការឈ្នះពានរង្វាន់ Best Asian Cookbook និង Best Heads of State/Food កាលពីឆ្នាំ២០២១ និងឆ្នាំ២០២២។

ជាមួយគ្នានោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា បានមានប្រសាសន៍ថា ការងារចាំបាច់ដែលក្រសួងនឹងបន្តធ្វើនោះគឺការបន្តកសាងសមត្ថភាព វិជ្ជាជីវៈ និងបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសក្នុងការងារបរទេស និងទំនាក់ទំនងអន្តរជាតិ ដើម្បីឱ្យមន្រ្តីការទូតកាន់តែមានភក្តីភាពចំពោះជាតិប្រកបដោយវិជ្ជាជីវៈ និងទទួលបានជំនាញថ្មីៗគ្រប់គ្រាន់ មានភាពប៉ិនប្រសប់ មានសមត្ថភាពខ្ពស់ វៀងវៃ បត់បែន និងក្លាយជាយុទ្ធជនឈានមុខក្នុងការការពារផលប្រយោជន៍ជាតិ និងប្រជាជន។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានបន្តថា ការងារកំណែទម្រង់នេះ គឺជាការអនុវត្តយ៉ាងត្រឹមត្រូវស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលបន្តកំណត់យក «មនុស្ស» ជាអាទិភាពទី១ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ ដើម្បី «ជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ ធានាសមធម៌ បង្កើនប្រសិទ្ធភាព និងរក្សាចីរភាព»៕

អត្ថបទទាក់ទង