ខ្មែរប៉ុស្ដិ៍ Close

អគ្គនាយកស៊ីម៉ាក់នៅកម្ពុជា ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយអង្គការ APOPO លើគម្រោងសមាហរណកម្មកណ្តុរហិតមីន និងការបោសសម្អាតមីន តំបន់ចំការមីនខេត្តសៀមរាប

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១៨ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 50
អគ្គនាយកស៊ីម៉ាក់នៅកម្ពុជា ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយអង្គការ APOPO លើគម្រោងសមាហរណកម្មកណ្តុរហិតមីន និងការបោសសម្អាតមីន តំបន់ចំការមីនខេត្តសៀមរាប អគ្គនាយកស៊ីម៉ាក់នៅកម្ពុជា ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយអង្គការ APOPO លើគម្រោងសមាហរណកម្មកណ្តុរហិតមីន និងការបោសសម្អាតមីន តំបន់ចំការមីនខេត្តសៀមរាប

លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ គ្នាជាមួយអង្គការ APOPO លើគម្រោងសមាហរណកម្មកណ្តុរហិតមីន និងការបោស សម្អាតមីន ដែលមានថវិកាគាំទ្រចំនួន១៩៧,៧៨៦.៥៩ដុល្លារអាមេរិក។ លោក ហេង រតនា បញ្ជាក់ថា គម្រោងនេះមានរយ:ពេល១២ខែ ចាប់អនុវត្តន៍ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដោយប្រតិបតិ្តការបោសសំអាតតំបន់ ចំការមីន ស្ថិតនៅខេត្តសៀមរាប។

ស៊ីម៉ាក់ ជាអង្គភាពប្រតិបត្តិការដោះមីនរបស់ជាតិ ដែលមានគ្រឿងចក្រគ្រប់គ្រាន់ ប្រកបដោយប្រសិទ្ធភាព ហើយទន្ទឹមនឹងនេះស៊ីម៉ាក់ ក៏មានការបោសសំអាតមីន ដោយប្រើសុនខ (ឆ្កែ) ផងដែរ។ នៅឆ្នាំ២០១៤ ស៊ីម៉ាក់ជាមួយនឹងអង្គការ APOPO បាននាំយកនូវកណ្តុលហិតមីន មកធ្វើការសាកល្បងដើម្បីធ្វើតេស្ត និងហ្វឹកហ្វឺនគាំទ្រ ដល់ការបោសសំអាតមីន បន្ថែមលើការងារសុនខហិតមីន។ ដោយឆ្លងកាត់ការ ហ្វឹកហ្វឺន និងធ្វើតេស្តរយៈពេល២ឆ្នាំ ស៊ីម៉ាក់បានដាក់កណ្តុរនេះ ទៅកាន់ចំការមីន ជាក់លាក់ហើយទទួលលទ្ធផលល្អ ទើបមានការសហការបន្តទៀតនៅពេលនេះ។

សូមជម្រាបថា ស៊ីម៉ាក់ មានផែនការសម្រាប់ឆ្នាំ២០១៩ គ្រោងរំដោះផ្ទៃដីមានបញ្ហា គ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមឱ្យបានចំនួន១១៦គីឡូម៉ែត្រក្រឡា ជាមួយសកម្មភាពអប់រំ ការស្រាវជ្រាវតំបន់គំរាមកំហែង និងការជួយសង្គ្រោះ ជនពិការដោយសារមីន ដែលនឹងពង្រាយកំលាំងប្រតិបតិ្តការប្រមាណ១,៧០០នាក់ សុនខ ៦៨ក្បាល គ្រឿងចក្រកំទេចមីនចំនួន៤៥គ្រឿង និងកំលាំងអន្តរាគមន៍ បណ្តាញសគ្រ័ចិត្តជាង២,៥០០នាក់។ ដើម្បីសំរេចគោលដៅផែនការនេះ អង្គភាពស៊ីម៉ាក់ត្រូវអនុវត្តគំរោងនានាចំនួន២៩គំរោង គិតជាថវិកាចំនួនជាង១៦លាន ដុល្លារអាមេរិក ហើយគិតមកត្រឹមថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ អង្គភាពមានគំរោងមួយចំនួន បានទទួលការអនុមត័រួចហើយ ដែលមានថវិកាសរុបប្រមាណ១២លានដុល្លារ គម្រោងនៅសល់ស្ថិតក្នុងដំណាក់កាលចរចាដើម្បីទទួលបានការឯកភាព៕

 

អត្ថបទទាក់ទង