សុនខ៣ក្បាល «ហិតឃើញក្លិនអ្នកជំងឺកូវីដ-១៩» បានដោយជោគជ័យ ក្រោយពីហ្វឹកហ្វឺនអស់ជាច្រើនខែ
ក្រុមការងារបច្ចេកទេសនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានទទួលជោគជ័យក្នុងការហ្វឹកហ្វឺនសុនខ៣ក្បាលឱ្យហិតរកឃើញក្លិនសំណាកនៃអ្នកផ្ទុកវីរុសកូវីដ-១៩ ក្នុងរយៈពេលប្រមាណតែ១០-១៥វិនាទី។
លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) ស៊ីម៉ាក បានគូសបញ្ជាក់ថា ក្រោយទទួលសំណាកក្លិន(VOC)អ្នកជម្ងឺកូវីដ-១៩ចំនួន៤៨សំណាក ពីក្រុមការងារបច្ចេកទេសនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលសំណាកទាំង៤៨បានឆ្លងកាត់ត្រួតពិនិត្យPCRនិងការបណ្តុះមេរោគ (cell culture) ដើម្បីធានាសុវត្ថិភាពសំណាកក្នុងការបម្រើការងារហ្វឹកហ្វឺន ក្រុមជំនាញសុនខស៊ីម៉ាក់បានដំណើរការហ្វឹកហ្វឺនសុនខហិតក្លិនអ្នកផ្ទុកវីរុសកូវីដ-១៩នេះតាមផែនការ។
លោកបានអបអរសាទរ ចំពោះសុនខក្រុមទី១ចំនួន៣ក្បាលដែលបានហិតរកឃើញក្លិនសំណាកនៃអ្នកជម្ងឺកូវីដ-១៩ ប្រកបដោយជោគជ័យក្នុងដំណាក់កាលហ្វឹកហ្វឺនស្រាវជ្រាវបឋមនេះ។ រីឯសុនខក្រុមទី២ចំនួន៧ក្បាលទៀត កំពុងមានវឌ្ឍនភាពគួរឱ្យកត់សំគាល់។
បើតាមលោក ហេង រតនា ការប្រើប្រាស់សុនខហិតអ្នកផ្ទុកវីរុសកូវីដ-១៩ មានប្រសិទ្ធភាពសំរាប់ហ្វូងមនុស្សប្រមូលផ្តុំច្រើនដូចជាព្រលានយន្តហោះ ច្រកទ្វារអន្តរជាតិ និងពហុកីឡាដ្ឋានជាដើម។ សុនខទាំងនេះកើតក្នុងប្រទេសកម្ពុជា និងបានបង្វឹកដោយគ្រូជំនាញសុនខកម្ពុជា ហើយការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកទេសសុនខហិតរកអ្នកផ្ទុកវីរុសកូវីដ-១៩នេះ ជាគំនិតផ្តួចផ្ដើមរបស់សម្តេច ហ៊ុន សែន៕ ស៊ីស៊ីថែមស៍