អង្គការសហប្រជាជាតិ អ.ស.ប (United Nations-UN)គឺជាអង្គការអន្តរជាតិដែលធំជាងគេបំផុតក្នុងពិភពលោក ត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី២៤ ខែតុលា ឆ្នាំ១៩៤៥ ក្រោយសង្គ្រាមលោកលើកទី២ត្រូវបានបញ្ចប់ (១៩៣៩-១៩៤៥)។ មកទល់បច្ចុប្បន្ននេះ អង្គការ UN មានរដ្ឋជាសមាជិករហូតដល់ទៅ១៩៣ប្រទេស ដែលក្នុងនោះប្រទេសកម្ពុជាក៏ជាសមាជិកមួយដែរ។ កម្ពុជាបានចូលជាសមាជិក UN នៅថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ១៩៥៥ គឺ១០ឆ្នាំក្រោយពីការបង្កើត UN។
គោលបំណង UN គឺការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ លើកស្ទួយសហប្រតិបត្តិការអន្តរជាតិក្រោមច្បាប់អន្តរជាតិ អភិវឌ្ឍផ្នែកសេដ្ឋកិច្ច ចូលរួមអន្តរាគមន៍ដោះស្រាយជម្លោះរវាងរដ្ឋជាសមាជិក និងបញ្ចៀសមិនអោយមានសង្គ្រាមលោក។
ជាក់ស្តែង គឺប្រទេសកម្ពុជាបានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពថែរក្សាសន្តិភាព ស្ថេរភាព ដែលក្នុងរយៈពេល ១១ឆ្នាំនេះ កម្ពុជារបស់យើងបានបញ្ជូនកងទ័ពមួកខៀវ ទៅក្រៅប្រទេសបានចំនួនជិត ៥,០០០នាក់ ក្នុងនោះកងទ័ពជាស្ត្រីមាន ២០២នាក់។ កន្លងមក កម្ពុជាបានបញ្ជូនកងទ័ពមួកខៀវទៅ៨ប្រទេស រួមមានស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រិកកណ្តាល សឺរី សាយប្រឹស ម៉ាលី និងប្រទេសឆាត។
កងកម្លាំងទ័ពមួកខៀវកម្ពុជា ជាកម្លាំងជំនាញ ផ្នែកវិស្វកម្ម កម្លាំងពេទ្យកម្រិត ២ កម្លាំងបោសសម្អាតមីន កម្លាំងអាវុធហត្ថ និងកម្លាំងកម្ទេចយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។ កាលពីពេលថ្មីៗនេះ កម្ពុជាបានជាប់ជាប្រទេសនាំមុខគេដែលផ្តល់ឱកាសឲ្យនារីកងទ័ពមួកខៀវទៅចូលរួមបេសកកម្មជាលក្ខណៈអន្តរជាតិក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ។
នាឱកាសនោះផងដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានជូនពរបងប្អូនជនរួមជាតិ ជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា៕