ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បន្តដាក់ចេញអនុសាសន៍១០ចំណុចដើម្បីជំរុញការអនុវត្តការងារឱ្យមានប្រសិទ្ធភាព

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១២ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 58
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បន្តដាក់ចេញអនុសាសន៍១០ចំណុចដើម្បីជំរុញការអនុវត្តការងារឱ្យមានប្រសិទ្ធភាព លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បន្តដាក់ចេញអនុសាសន៍១០ចំណុចដើម្បីជំរុញការអនុវត្តការងារឱ្យមានប្រសិទ្ធភាព

នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨នេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីចំនួនជិតពីរម៉ឺននាក់មកពីរោងចក្រសហគ្រាសចំនួន២៣ ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ដើម្បីជំរុញការអនុវត្តការងារឱ្យមានប្រសិទ្ធភាព លោកបានបន្តដាក់ចេញនូវអនុសាសន៍សំខាន់ៗ១០ចំណុចដូចខាងក្រោម៖

១- ត្រូវអនុវត្តបើកប្រាក់ខែអប្បបរិមាដល់កម្មករក្នុងឆ្នាំ ២០១៨ គឺ ១៧០ ដុល្លារ បើក្រុមហ៊ុនផ្តល់ជូន កម្មករលើសនេះគឺរឹតតែល្អប្រសើរ។ ប៉ុន្តែចាប់ពីឆ្នាំ២០១៩ ទៅ គឺប្រាក់ខែអប្បបរិមាកម្មករគឺ ១៨២ ដុល្លារសហរដ្ឋអាមេរិក។
២- ត្រូវអនុវត្តការចុះពិនិត្យនៅតាមមន្ទីពេទ្យរដ្ឋចំពោះការពិនិត្យសុខភាព និងការព្យាបាល កម្មករកម្ម ការិនី រោងចក្រ រួមទាំងកីឡាករ កីឡាការិនី ក្រុមប្រឹក្សាភូមិ ឃុំ ក៏ត្រូវបានអនុវត្តដូចគ្នាជាពិសេសរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងក្រសួងការងារត្រូវធ្វើអោយបានម៉ត់ចត់។
៣- ត្រូវអនុវត្តចំពោះស្រ្តីមានផ្ទៃពោះសំរាលកូនគឺនឹងទទួលបានពេលវេលាឈប់សម្រាក ពីការងាររយៈ ពេល៣ខែ ហើយទទួលបានប្រាក់ខែ ១២០% (៥០% ដោយក្រុមហ៊ុន និង ៧០%ដោយបេឡាជាតិ) ក្រសួងពាក់ព័ន្ធត្រូវតាមដានការងារឱ្យបានដិតដល់ចំពោះការអនុវត្តសកម្មភាពនេះ។
៤- ត្រូវអនុវត្តចំពោះកម្មការិនីសម្រាលបានកូន(១) គឺទទួលថវិកា៤០ម៉ឺនរៀលនិងពិនិត្យផ្ទៃពោះដោយឥតគិតថ្លៃ។ បើសម្រាលបានកូនភ្លោះ (២) គឺទទួលបានថវិកា៨០ម៉ឺនរៀល។ បើសម្រាលបាន កូន(៣) គឺទទួលបានថវិកា១លាន២សែនរៀលហើយបូកប្រាក់ឧបត្ថម្ភចំនួន៥លានរៀលទៀតពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា។ លោកបានជម្រាបផងដែរថា នៅពេលដ៏ខ្លី ខាងមុខនេះ ចំពោះកូនក្មួយកម្មការិនីក្រីក្របំផុតនោះគឺនឹងទទួលបាននូវប្រាក់ឧបត្ថម្ភប្រមាណ ៧៦០,០០០៛ (១៩០ដុល្លារ)។
៥- ត្រូវអនុវត្តចំពោះរបបសន្តិសុខសង្គម ដោយចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ តទៅ កម្មករកម្មការិនី មិនចាំបាច់បង់ទៀតទេ គឺម្ចាស់ក្រុមហ៊ុនជាអ្នកបង់ជំនួស ១០០%។
៦- អនុវត្តតាមដានមើលបញ្ហា ទឹក ភ្លើង គឺត្រូវខិតខំបន្ត តទឹក តភ្លើងដល់ផ្ទះរបស់កម្មករយើង ដែលនៅឆ្ងាយដែលមិនទាន់ទៅដល់ឱ្យបានគ្រប់គ្រាន់ និងតម្លៃផ្ទះជួលដល់កម្មករកម្មការិនីកុំ ឱ្យមានការឡើងថ្លៃក្នុងឆ្នាំ២០១៨ ពីព្រោះកន្លងមកយើងមានកំណត់រួចរាល់ហើយ។
៧- អនុវត្តប្រាក់សោធននិវត្តន៍ ចាប់ពីឆ្នាំ ២០១៩ ទៅក្មួយកម្មករ និងទទួលបានប្រាក់ ចូលនិវត្តន៍ (ប្រាក់រឺត្រែត) ដូចច្នេះក្នុងរយៈពេល១ឆ្នាំ (២០១៨) ត្រូវត្រៀមរៀបចំឱ្យហើយដើម្បីឱ្យដំណើរការបានល្អនៅក្នុងឆ្នាំ២០១៩នូវរបបសោធននិវត្តន៍នេះ។
៨- អនុវត្តចូលរួមបន្តយកចិត្តទុកដាក់ និងដោះស្រាយបញ្ហាផ្សេងៗដែលបងប្អូនពលករទៅក្រៅប្រទេសជួយសម្រួលនូវបែបបទលិខិតបទដ្ឋានផ្លូច្បាប់នានា និងដើម្បីទទួលបាននូវលក្ខខណ្ឌការងារល្អប្រសើរ។
៩- ក្រសួងការងារត្រូវចុះអនុវត្តតាមដានភ្លាមៗឱ្យបានដិតដល់ និងចូលរួមដោះស្រាយបញ្ហាប្រឈម នានាចំពោះកម្មករនៅពេលដែលម្ចាស់រោងចក្ររត់ចោល។ ក្នុងនោះគឺត្រូវដោះស្រាយផ្តល់ប្រាក់ឈ្នួល ជាបន្ទាន់ដល់កម្មករដែលបានធ្វើការក្នុងពេលដែលថៅកែរោងចក្របានរត់ចោល ហើយត្រូវបន្តដោះស្រាយបញ្ហានានាជាមួយម្ចាស់រោងចក្រដោយផ្ទាល់។ ទន្ទឹមនឹងនោះដែរ គឺត្រូវជួយរកការងារធ្វើដល់កម្មករ កម្មការិនីឱ្យបានឆាប់បំផុត។ ក្នុងឱកាសនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខសុវត្ថិភាពកម្មកក្នុងពេលធ្វើដំណើរតាមរថយន្តម៉ៅការដឹកកម្មករ។ រថយន្តស៊ីឈ្នួល ដឹកកម្មករ ទាំងអស់ត្រូវតែមានការប្រុង ប្រយ័ត្នខ្ពស់ក្នុងការធានាដល់ សុវត្ថិភាព កម្មកររួមដំណើរក្នុងពេលបើកបរ។
១០- ត្រូវបន្តដោះស្រាយជួយពលករដែលកំពុងធ្វើការនៅក្រៅប្រទេសធ្វើយ៉ាងណាឱ្យកម្មករធ្វើការបានស្របច្បាប់។ សូមបងប្អូនកុំយល់ច្រឡំឬគិតថាខុស ក្នុងពេលដែលបងប្អូនកូនក្មួយទៅ ធ្វើការនៅប្រទេសគេ។ សូម្បីប្រទេសថៃក៏គេបញ្ជូនកម្មករទៅធធ្វើការនៅបរទេសដូចជានៅប្រទេសកូរ៉េ ជប៉ុន រីឯប្រទេសហ្វីលីពីនក៏បានបញ្ជូនពលរដ្ឋឱ្យទៅធ្វើការនៅបរទេសដូចជានៅកម្ពុជា និងនៅសហរដ្ឋអាមេរិកជាដើម។ ពលរដ្ឋគេបាននាំមកវិញនូវប្រាក់ចំណូលជាច្រើនសម្រាប់ប្រទេសគេគឺមិនមែនជាការខ្មាសអៀនឬអាក្រក់អ្វីទេ។ បច្ចុប្បនេះ រាជរដ្ឋាភិបាលកម្ពុជា កំពុងបានខិតខំស្វែករកទីផ្សារការងារក្រៅប្រទេសផងដែរដូចជាកូរ៉េ ជប៉ុន និងប្រទេសមជ្ឈឹមបូព៌ា ដូចជាប្រទេសអារ៉ាប់ជាដើម ដើម្បីផ្តល់ការងារដល់បងប្អូនខ្មែរឥស្លាមបានទៅធ្វើការនៅទីនោះ។ កន្លងរាជរដ្ឋាភិបាល ក៏បានជួយដោះស្រាយនឹងនាំយកកាន់ប្រទេសវិញចំពោះបងប្អូនកម្មករមួយវចំនួនដែលចាញ់បោកមេខ្យល់បោកយកទៅធ្វើការងារដោយខុសច្បាប់៕

អត្ថបទទាក់ទង