ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លើកឡើងពីសក្ដានុពលវិនិ​យោគ និងឧត្តមភាពសំខាន់ៗចំនួន៦ចំណុចរបស់កម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៧ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 45
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លើកឡើងពីសក្ដានុពលវិនិ​យោគ និងឧត្តមភាពសំខាន់ៗចំនួន៦ចំណុចរបស់កម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លើកឡើងពីសក្ដានុពលវិនិ​យោគ និងឧត្តមភាពសំខាន់ៗចំនួន៦ចំណុចរបស់កម្ពុជា

នៅល្ងាចថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញចូលរួមក្នុងវេទិកាធុរកិច្ចវៀតណាម-កម្ពុជា ដែលធ្វើនៅទីក្រុងហាណូយ ប្រទេសវៀតណាម ដែលមានការអញ្ជើញចូលរួមពីលោកនាយករដ្ឋមន្ត្រីវៀតណាម ង្វៀន សួនហ្វុក និងពាណិជ្ជករ អ្នកធុរកិច្ចវៀតណាមជាច្រើន រួមជាមួយនឹងសភាពាណិ​ជ្ជកម្មកម្ពុជា និងវៀតណាមជាច្រើនរូបផងដែរ។

ក្នុងវេទិកាធុរកិច្ចវៀតណាម-កម្ពុជា នេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជម្រាបជូនធុរជន និងអ្នកវិនិយោគទាំងអស់អំពីសក្ដានុពលវិនិ​យោគ និងឧត្តមភាព​សំខាន់ៗរបស់កម្ពុជា ដែលរួមមាន៖
ទី១៖ ភាពអំណោយផលនៃស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច។
ទី២៖ កម្ពុជាស្ថិតនៅលើទីតាំងជាយុទ្ធសាស្ត្រក្នុងតំបន់អាស៊ាន ដែលតំបន់នេះបាននិងកំពុងក្លាយជា “រោងចក្រនៃអាស៊ី” ហើយម្យ៉ាងទៀតកម្ពុជាក៏ស្ថិតនៅចំណុចកណ្តាលនៃតំបន់មេគង្គ ដែលជាតំបន់មានកំណើនសេដ្ឋកិច្ច និងការតភ្ជាប់ខ្ពស់ជាងគេ។
ទី៣៖ កម្លាំងពលកម្មដែលមានភាពសម្បូរបែបនិងវ័យ​ក្មេង ដែលក្នុងនោះប្រជាជនដែលមានអាយុត្រឹម៣៥ឆ្នាំចុះ មានចំនួនដល់ទៅ ៧២% នៃចំនួនប្រជាជនសរុប គួបផ្សំនឹងការកើនឡើងនៃចំនួនប្រជាជន ដែលមានចំណូលមធ្យម និងជាវណ្ណៈកណ្តាលនឹងបង្កើតកាលានុវត្តភាពសម្រាប់កម្ពុជា។
ទី៤៖ កម្ពុជាបានបើកចំហសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់អ្នកវិនិយោគទាំងអស់ ដោយគ្មានការរើសអើងរវាងអ្នកវិនិយោគ​កម្ពុជា និងអ្នកវិនិយោគបរទេសនោះទេ។
ទី៥៖ ទំនិញផលិត​នៅកម្ពុជាមិនមែនផ្គត់ផ្គង់សម្រាប់តែទីផ្សារនៅកម្ពុជា ដែលមានប្រជាជនប្រមាណតែជាង ១៥លាននាក់ប៉ុណ្ណោះនោះទេ ប៉ុន្តែអាចផ្គត់ផ្គង់ទៅក្នុងទីផ្សារអនុតំបន់មេគង្គដែលមានអតិថិជនប្រមាណ ២៥០លាននាក់, ទីផ្សារអាស៊ានដែលមានអតិថិជនប្រមាណ ៦៣០លាននាក់, និងទីផ្សារនៅក្នុងតំបន់នៃ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយតំបន់ (RCEP) ដែលមានអតិថិជនប្រមាណ ៣ប៊ីលាននាក់ ព្រមទាំងលទ្ធភាពចូលទីផ្សារធំដទៃទៀតក្នុងពិភពលោក។
ទី៦៖ កម្ពុជា និងវៀតណាមបានចុះកិច្ចព្រមព្រៀងស្តីពីការជៀងវាសការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពាក់ព័ន្ធនិងពន្ធលើប្រាក់ចំណូល នៅថ្ងៃទី៣១ មីនា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ។

តាងនាមរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្វាគមន៍ចំពោះរាល់ការសម្រេចចិត្តដ៏ឈ្លាស​វៃរបស់អ្នកវិនិយោគបរទេសទាំងអស់ ជាពិសេសអ្នកវិនិយោគវៀតណាម ដែលបានជ្រើសរើស និងមានបំណងជ្រើសរើសកម្ពុជា​ ជាគោលដៅវិនិយោគដ៏មានសក្ដានុ​ពលខ្ពស់ ក្នុងការចាប់ផ្ដើម ឬពង្រីកអាជីវកម្មរបស់ខ្លួន។
លោកក៏សូមអំពាវនាវដល់អ្នកវិនិយោគវៀតណាម ដែលមិនទាន់បានមកកម្ពុជាអញ្ជើញមកសិក្សាស្វែងយល់ពីសក្ដានុពល និងកាលា នុវត្តភាព​វិនិយោគនៅកម្ពុជា ព្រមទាំងសម្រេចចិត្តបណ្ដាក់ទុនវិនិយោគ ដើម្បីទាញយកប្រយោជន៍ជាអតិបរមាពីកិច្ចសហប្រតិបតិ្តការទ្វេភាគីរវាងវៀតណាម និងកម្ពុជា។

ជាថ្មីម្ដងទៀត ក្នុងនាមរាជរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សូមធានាជូនអ្នកវិនិយោគគ្រប់រូបនូវបរិស្ថាន ប្រកបដោយភាពអំណោយផល ជាពិសេស ​គឺសន្តិភាព សន្តិសុខ និងស្ថិរភាពនយោបាយ ក៏ដូចជាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ក្របខណ្ឌច្បាប់ និងស្ថាប័នដែលប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងភាពអាចប៉ាន់ប្រមាណបាន៕

អត្ថបទទាក់ទង