ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន នឹងប្តឹងលោក គឹម សុខ ដាក់ពន្ធនាគារវិញ បើមិនសងសំណង ៨០០លានរៀល!

ដោយ៖ រៀម វណ្ណា ​​ | ថ្ងៃពុធ ទី២៩ ខែសីហា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 59
លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន នឹងប្តឹងលោក គឹម សុខ ដាក់ពន្ធនាគារវិញ បើមិនសងសំណង ៨០០លានរៀល! លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន នឹងប្តឹងលោក គឹម សុខ ដាក់ពន្ធនាគារវិញ បើមិនសងសំណង ៨០០លានរៀល!

លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨នេះ បាន​ព្រមានខ្លាំងៗថា នឹងប្ដឹងអ្នក​វិភាគសង្គម លោក គឹម សុខ ដាក់ពន្ធនាគារវិញ ប្រសិនបើមិនសងប្រាក់សំណង ៨០០លានរៀល ស្មើនឹងប្រមាណ ២០ម៉ឺនដុល្លារមកឲ្យគណបក្សប្រជាជនកម្ពុជាទេនោះ។

 

ការព្រមានប្តឹងអ្នកវិភាគសង្គមរិះគន់មិនសំចៃមាត់លោក គឹម សុខា ដាក់ពន្ធនាគារវិញនេះ បានធ្វើឡើងក្នុងពេលដែលលោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនីសរុប ១៤,៧៩៩នាក់ទៀត មកពីរោងចក្រ សហគ្រាសចំនួន៦ ក្នុងខណ្ឌពោធិ៍សែនជ័យ។

 

ពីលើវេទិកានេះលោកនាយករដ្ឋមន្ត្រី​​ ហ៊ុន សែន ហាក់បានបង្ហាញការខឹងសម្បាខ្លាំងជាមួយលោក គឹម សុខ ពាក់ព័ន្ធនឹងការវិភាគមួយចំនួនដែលនាំប៉ះពាល់ដល់ស្ថាប័នរបស់រាជរដ្ឋាភិបាលនាពេលថ្មីៗនេះ បន្ទាប់ពីរូបលោកបានចេញពីពន្ធនាគារមកវិញ។ លោកនាយករដ្ឋមន្ត្រី​ បានពន្យល់ដែរថា លោក គឹម សុខា បានចេញពីពន្ធនាគារដោយសារការអនុវត្តន៍ទោសរួចរាល់នៅក្នុងពន្ធនាគារ មិនមែនជាការរួចទោសដោយសារការព្រះរាជទានលើកលែងទោសពីព្រះមហាក្សត្រនោះឡើយ។ ដូច្នេះប្រាក់សំណងដែលតុលាការតម្រូវឲ្យសងដើមបណ្តឹង គឺគណបក្សប្រជាជនកម្ពុជាប្រមាណ ៨០០លានរៀលនោះ គឺនៅតែត្រូវសងដដែលមិនបានរលាយដូចអ្នកទោសដទៃដែលត្រូវបានព្រះមហាក្សត្រព្រះរាជទានលើកលែងទោសនោះឡើយ។

 

​លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «អ្នករួចទោសតាមរយៈការសុំលើកលែងទោសរបស់នាយករដ្ឋមន្ដ្រី ថ្វាយព្រះមហាក្សត្រ ព្រះរាជទានលើកលែងទោស សំណងទាំងឡាយមិនត្រូវបានសងទេ ក៏ប៉ុន្ដែផ្ទុយទៅវិញ អ្នករួចទោសដោយសាលក្រមផុតរលត់ ត្រូវតែសងលុយជំពាក់គេ»​ លោកនាយករដ្ឋមន្ត្រី​បានបន្ដថា «អ៊ីចឹងនរណាដែលរួចទោសបែបនេះ គណ​បក្សប្រជាជនត្រូវគេជំពាក់ ៨០០លានរៀល អ៊ីចឹងត្រូវរកលុយសង បើមិនសងលុយទេប្រហែលជាចូលគុកវិញ ព្រោះអ្នកឯងមិនសងលុយ។ អ្នកឯងជាប់ទោសរួចតែទោសទេ​ ប៉ុន្ដែលុយត្រូវសង បើករណីលើកលែងទោសអាហ្នឹងត្រូវរួចទាំងអស់ អ៊ីចឹងត្រូវបែងចែកគ្នាឲ្យច្បាស់»។

 

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានចំអកផងដែរថា អ្នកដែលទើបចេញពីគុកក្ដៅៗ កុំអាលប្រហើនជាមួយលោកឲ្យសោះ ព្រោះទ្វារគុកនៅចំហ ដើម្បីចាំស្វាគមន៍ត្រឡប់ទៅវិញ បើនៅតែខ្លាំងលោក​នឹងយកបញ្ចូលគុកវិញតែម្ដង។ ត្រង់ចំណុចនេះ លោកនាយករដ្ឋមន្ត្រី​បានប្រលយពាក្យថា «នីតិមាត់» គឺចេញពីនីតិរដ្ឋ ដោយនិយាយផ្អែកទៅលើទិដ្ឋភាពច្បាប់តែប៉ុណ្ណោះ។

សូមរំលឹកថា លោក គឹម សុខ អ្នកវិភាគនយោបាយ និងសង្គម ត្រូវបានតុលាការដោះលែងឲ្យមានសេរីភាពឡើងវិញនៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ បន្ទាប់ពីអនុវត្តទោសចប់សព្វគ្រប់ ពោលបានជាប់ពន្ធនាគារអស់រយៈពេលប្រមាណ ១៨ខែ។

លោក គឹម សុខ កាលពី​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ២០១៧កន្លងទៅ ត្រូវបានចៅក្រម​ជំនុំជម្រះសាលាដំបូង​រាជធានី​ភ្នំពេញ លោក គី ប្ញទ្ធី សម្រេច​ផ្ដន្ទាទោសដាក់​ពន្ធនាគារ​ចំនួន ១៨​ខែ និង​ពិន័យ​ប្រាក់ចំនួន ៨លាន​រៀល រួម​នឹង​ប្រាក់​សង​ជំងឺ​ចិត្ត​ដល់​ដើមបណ្តឹង ៨០០​លាន​រៀល ក្រោមការចោទប្រកាន់ពី​បទ​ញុះញង់​ឲ្យ​មាន​បទឧក្រិដ្ឋ​ជាអាទិ៍។ ការផ្តន្ទាទោសនេះ ធ្វើឡើងតាមបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីលោក គឹម សុខ បានញុះញង់ និងបរិហារកេរ្តិ៍គណបក្ស​ប្រជាជន​កម្ពុជាថា ​នៅ​ពី​ក្រោយ​ឃាតកម្ម​លោក កែម ឡី៕

 

អត្ថបទទាក់ទង