ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី យាងជាព្រះរាជាធិបតីភាពនៃព្រះរាជពិធីស្វាធ្យាយព្រះសត្តប្បករណាភិធម្ម (បង្សុកូល) ឧទ្ទិសជូនដួងវិញ្ញាណសាស្ត្រាចារ្យបណ្ឌិត Dr .med Beat Richner
នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តី ថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យ ស្ដេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត នៃព្រះរាជពិធីស្វាធ្យាយព្រះសត្តប្បករណាភិធម្ម (បង្សុកូល) ដើម្បីឧទ្ទិសជូនដួងវិញ្ញាណសាស្ត្រាចារ្យបណ្ឌិត Dr .med Beat Richner នាយកស្ថានិក មូលនិធិគន្ធបុប្ផា។
ក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លានេះផងដែរ មានការយាង និងអញ្ជើញដោយសម្ដេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ឧត្ដមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នាម៉ឺនសព្វមុខមន្រ្ដីព្រះបរមរាជវាំង និងថ្នាក់ដឹកនាំមន្ទីរពេទ្យ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស យ៉ាងច្រើនកុះករផងដែរ៕