ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវដល់បណ្តាប្រទេសជាមិត្ត និងដៃគូសហប្រតិបត្តិការអន្តរជាតិ បន្តជួយរមណីយដ្ឋានអង្គរ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៤ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 47
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវដល់បណ្តាប្រទេសជាមិត្ត និងដៃគូសហប្រតិបត្តិការអន្តរជាតិ បន្តជួយរមណីយដ្ឋានអង្គរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវដល់បណ្តាប្រទេសជាមិត្ត និងដៃគូសហប្រតិបត្តិការអន្តរជាតិ បន្តជួយរមណីយដ្ឋានអង្គរ

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំបច្ចេកទេសលើកទី៣១ និងកិច្ចប្រជុំពេញអង្គលើកទី២៥នៃអាយស៊ីស៊ី-អង្គរនាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ នៅសណ្ឋាគារសុខាសៀមរាប លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវដល់បណ្តាប្រទេសជាមិត្តនិងដៃគូសហប្រតិបត្តិការអន្តរជាតិបន្តជួយគាំទ្រទាំងផ្នែកហិរញ្ញវត្ថុនិងធនធានមនុស្សបន្តទៀត។ រីឯក្រសួងស្ថាប័នជាតិដែលពាក់ព័ន្ធ រួមទាំងប្រជាជនកម្ពុជាទាំងអស់ ត្រូវតែចូលរួមសហការគ្នាឱ្យបានល្អក្នុងការការពារបេតិកភណ្ឌមនុស្សជាតិនិងរមណីយដ្ឋានអង្គរ ពោលគឺដើម្បីអង្គរទាំងអស់គ្នា។

លោកក៏បានសង្កត់ធ្ងន់ផងថា នាទសវត្សទី១៩៨០ កម្ពុជាអភ័ព្វណាស់ តាមរយៈការគាំទ្រអាសនៈរបស់ខ្មែរក្រហមនៅអង្គការសហប្រជាជាតិ កត្តាសង្គ្រាម និងកត្តានយោបាយ កម្ពុជាបានទទួលរងនូវទណ្ឌកម្មទាំងផ្នែកនយោបាយនិងសេដ្ឋកិច្ច ធ្វើឲ្យប្រទេសរងនូវការ​បំផ្លាញគ្រប់បែបយ៉ាង សូម្បីតែប្រាសាទអង្គរវត្តនិងប្រាសាទព្រះវិហារ ដែលចំណុចនេះលោកស្នើដល់ពិភព​លោកគួរធ្វើការដកពិសោធន៍ ហើយមិនគួរទុកឱ្យបេតិ​កភណ្ឌប្រវត្តិសាស្ត្ររបស់មនុស្សជាតិទាំងនៅកម្ពុជានិងនៅបណ្តាប្រទេសនានានៅឡូកឡំដោយទណ្ឌកម្មនយោបាយឡើយ។

អំពីការថែរក្សានិងគ្រប់គ្រងរមណីយដ្ឋានអង្គរ លោកបានថ្លែងថា វាមិនមែនជារឿងងាយស្រួលនោះទេស​ម្រាប់អាជ្ញាធរជាតិអប្សរា ដូច្នេះសូមអ្នកនយោបាយកុំធ្វើការញុះញង់ដោយប្រការណាមួយក្នុងន័យជំរុញប្រជាពលរដ្ឋឲ្យចូលទៅកាន់កាប់ឬរស់នៅដោយគ្មានការអនុញ្ញាតក្នុងតំបន់បេតិកភណ្ឌនារដូវបោះឆ្នោតដោយរួមទាំងតំបន់បេតិកភណ្ឌដែលចុះបញ្ជីនិងមិនទាន់បានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក ព្រោះការថែរក្សាតំបន់បេតិកភណ្ឌជាភារកិច្ចរបស់ខ្មែរគ្រប់រូប គ្រប់ជាន់ថ្នាក់។ លើសពីនេះ លោកបានប្រដូចអង្គរជាមេមាន់ ដែលមិនត្រូវសម្លាប់មាន់ដើម្បីឆ្ងាញ់តែមួយពេលទេ គឺត្រូវចិញ្ចឹមយកស៊ុតនិងកូន ទើបបានប្រយោជន៍យូរអង្វែងសម្រាប់អនាគតរបស់មនុស្សជំនាន់ក្រោយ។

ទន្ទឹមគ្នានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានរំឭកពីកិច្ចខិតខំប្រឹងប្រែងក្នុងការពារនិងបញ្ជៀសបញ្ហាផ្សេងៗដែលនាំឱ្យប៉ះពាល់ដល់បុរាណដ្ឋានក្នុងប្រទេសជាមួយអង្គព្រះមហាក្សត្រ ព្រះបរមតនកោដ្ឋ ពិសេសតំបន់អង្គរ ទាំងការបង្កើតច្បាប់ការពារបេតិកភណ្ឌ ការដោះដូរដីធ្លី និងផ្លាស់ប្តូរទីលំនៅរបស់បងប្អូនប្រជាពលរដ្ឋចេញពីតំបន់មុខប្រាសាទអង្គរវត្តនាដើមទសវត្សទី១៩៩០។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតឱ្យមានកិច្ចប្រជុំអាយស៊ីស៊ី-អង្គរ ពិសេសថ្លែងអំណរគុណដល់កិច្ចខិតខំប្រឹងប្រែងរបស់អង្គការយូណេស្កូ បណ្តាដៃគូសហ ប្រតិបត្តិការអន្តរជាតិផ្នែកអភិរក្ស អាជ្ញាធរជាតិអប្សរា ស្ថាប័នពាក់ព័ន្ធដែលបានធ្វើឱ្យអាយស៊ីស៊ី-អង្គរក្លាយជាស្ថាប័នគំរូសម្រាប់ជាតិនិងអន្តរជាតិ ជួយអភិរក្សប្រាសាទក្នុងរមណីយដ្ឋានអង្គរ និងបណ្តុះបណ្តាលធនធានមនុស្សបានយ៉ាងច្រើនក្នុងការថែរក្សាអង្គរ៕

អត្ថបទទាក់ទង