សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារនៅថ្ងៃនេះថា « ចងចាំ និងដឹងគុណកងទ័ពជាតិ»
នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧នេះ ក្នុងពេលសម្តេចអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវហេដ្ឋារចនាសម្ព័ន្ធ អគារហ្វឹកហ្វឺនជំនាញចារកម្ម និងបុកគ្រឹះ សាងសង់សាលប្រជុំអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ចក្រសួងការពារជាតិ ដែលស្ថិតនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
សម្តេចតេជោ បានសរសេរខ្លឹមសារថា៖ យើងចងចាំបានថា កាលពី ៣៩ឆ្នាំមុន គឺកងទ័ពយើងកំពុងបោះជំហានយ៉ាងអង់អាចក្លាហានឈានឆ្ពោះមករំដោះទីក្រុងភ្នំពេញ និងប្រទេសជាតិទាំងមូល។ ខ្ញុំសូមអរគុណបងប្អូនកងទ័ពយើងជាច្រើនដែលបានចូលបម្រើប្រទេសជាតិជាង៤០ឆ្នាំមកហើយ ហើយកំពុងរស់រានមានជីវិតមកទល់ពេលនេះ។
សម្តេចបានបន្តថា សព្វថ្ងៃនេះ កងទ័ពជាតិយើងកំពុងរីកលូតលាស់ធំធាត់ទាំងកាយសម្បទារ និងសមត្ថភាព។ ជាប្រវត្តិសាស្រ្ត គឺកងទ័ពជាតិយើងបានចាប់កំណើតមកពី “កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា” ដែលបានបង្កើតឡើងនៅថ្ងៃ ២ធ្នូ ឆ្នាំ ១៩៧៨ ។ កងទ័ពជាតិបានចូលរួមវិភាគទានយ៉ាងធំធេងក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិដែលបានធ្វើអោយប្រទេសជាតិរីកចម្រើនមកទល់សព្វថ្ងៃ។
ខ្ញុំសូមអរគុណ និងជូនពរ បងប្អូនកូនក្មួយកងទ័ពជាតិទូទាំងប្រទេស ដែលកំពុបម្រើការនៅក្នុងប្រទេស និងការពារទឹកដីនៅតាមព្រំដែន និងចូលរួមបេសកកម្មថែរក្សាសន្តិភាពនៅតាមបណ្តាប្រទេសនានាជាមួយអង្គការសហប្រជាជាតិ សូមជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា៕