ខ្មែរប៉ុស្ដិ៍ Close

ឯកអគ្គរដ្ឋទូតឡាវប្រចាំកម្ពុជា កោតសរសើរពីការរីកចម្រើនរបស់កម្ពុជា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 34
ឯកអគ្គរដ្ឋទូតឡាវប្រចាំកម្ពុជា កោតសរសើរពីការរីកចម្រើនរបស់កម្ពុជា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឯកអគ្គរដ្ឋទូតឡាវប្រចាំកម្ពុជា កោតសរសើរពីការរីកចម្រើនរបស់កម្ពុជា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន

នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឱ្យលោក Amphay KINDAVONG ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។

នៅក្នុងឱកាសនោះ លោក Amphay KINDAVONG បានថ្លែងអំណរគុណ ចំពោះប្រធានព្រឹទ្ធសភា ដែលបានចំណាយពេលវេលាដ៏មានតម្លៃអនុញ្ញាត ឲ្យលោកចូលជួបសម្តែងការគួរសមនាពេលនេះ។ លោកបានសម្តែងនូវការ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ការរីកចម្រើនយ៉ាងឆាប់រហ័ស លើ គ្រប់វិស័យរបស់ប្រទេសកម្ពុជា ដោយសារតែមានការរៀបចំយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន។

លោក Amphay KINDAVONG មានសេចក្តីសង្ឃឹមថា ប្រទេសទាំងពីរ នឹងមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អលើវិស័យទេសចរណ៍ និងវិនិយោគ ក្នុងនាមជាប្រទេសដែលមានភូមិផងរបងជាប់មួយគ្នា។ ជាមួយគ្នានេះ លោកបានបញ្ជាក់ថា ចំពោះវិស័យពាណិជ្ជកម្មនៃប្រទេស ទាំងពីរ មានភាពប្រហាក់ប្រហែលគ្នា ប៉ុន្តែប្រទេសកម្ពុជាមានការនាំ ចេញច្រើនជាងប្រទេសឡាវ ហេតុដូចនេះលោកមានបំណងចង់ស្វែង យល់អំពីការនាំចេញរបស់ប្រទេសកម្ពុជា ដើម្បីយកទៅផ្សព្វផ្សាយ នៅប្រទេសឡាវ។

លោក Amphay KINDAVONG បានបញ្ជាក់ជូនប្រធានព្រឹទ្ធសភាថា លោកបានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីត្រៀមរៀបចំទទួលដំណើរ ទស្សនកិច្ចជាផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ នៅដើមខែធ្នូខាងមុខនេះ។ តាមរយៈ ដំណើរទស្សនកិច្ចនេះ លោកសង្ឃឹមថា នឹងមានកិច្ចសហប្រតិបត្តិការរវាង រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរកាន់តែប្រសើរឡើងថែមទៀត។

ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមលោកផ្ទាល់ លោក សាយ ឈុំ បានសម្តែង នូវការអបអរសាទរ និងស្វាគមន៍ចំពោះលោក Amphay KINDAVONG ដែលត្រូវបានរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ តែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំកម្ពុជា។ លោកប្រធានព្រឹទ្ធសភា មានជំនឿជាក់ថា ឯកអគ្គរដ្ឋទូត នឹងខិតខំរួមចំណែកពង្រឹងពង្រីកទំនាក់ ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ដើម្បីនាំមកនូវផលប្រយោជន៍ទៅវិញ ទៅមកសម្រាប់ប្រជាជន និងប្រទេសទាំងពីរ។

ប្រធានព្រឹទ្ធសភា បានជម្រាបជូនអំពី ការរីកចម្រើន និងការទទួលបាន ជ័យជម្នះក្នុងការបោះឆ្នោតក្នុងពេលកន្លងទៅនេះ និងវាយតម្លៃខ្ពស់ចំពោះ ទំនាក់ទំនង សាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ បានយ៉ាងល្អ វាងប្រទេសទាំងពីរកម្ពុជា-ឡាវ។ ជាមួយគ្នានេះដែរ ក្នុងក្រប ខ័ណ្ឌស្ថាប័ននីតិប្បញ្ញត្តិ កម្ពុជា-ឡាវ ក៏មានកិច្ចសហប្រតិបត្តិការល្អគួរជាទី មោទនៈ ដោយបានធ្វើការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមកជាញឹកញាប់ ការចូលរួមប្រជុំទៀងទាត់រវាងសភាប្រទេសទាំង៣ (កម្ពុជា ឡាវ និងវៀត ណាម CLV) ព្រមទាំងគាំទ្រគ្នាលើកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងក្រប ខ័ណ្ឌ AIPA IPU និង APPF។

លោក សាយ ឈុំ បានគូសបញ្ជាក់ថា ព្រឹទ្ធសភារដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន ជាតិកម្ពុជា ត្រៀមខ្លួនជានិច្ច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការដ៏ ជិតស្និទ្ធជាមួយនឹងឯកអគ្គរដ្ឋទូត ក៏ដូចជាស្ថានទូតឡាវប្រចាំកម្ពុជា ដើម្បីលើកកម្ពស់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងនាំផលប្រយោជន៍ ដ៏ធំធេងសម្រាប់ប្រជាជន និងប្រទេសទាំងពីរ៕

អត្ថបទទាក់ទង