លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឲ្យអាជ្ញាធរយកចិត្តទុកដាក់ខ្ពស់ចំពោះសន្តិសុខ ដើម្បីបង្កលក្ខណៈសប្បាយរីករាយជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យអុំទូក
នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឲ្យអាជ្ញាធរពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសន្ដិសុខ សណ្ដាប់ធ្នាប់ ដើម្បីបង្កលក្ខណៈសប្បាយ រីករាយ ជូនប្រជាពលរដ្ឋក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក។
លោកនាយករដ្ឋមន្ត្រី មានប្រសាសន៍បែបនេះ ក្នុងឱកាសលោក និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា អញ្ជើញសួរសុខទុក្ខ ព្រមទាំងរៀបចំអាហារជូនកុមារពិការគ-ថ្លង់ និងកុមារកំព្រាសរុប ៨៧៨នាក់ មកពីសាលាគ្រួសារថ្មី និងមណ្ឌលកុមារកំព្រានានា ក្នុងរាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្រី ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ស្ថាប័ននានា សូមឲ្យបង្កើនការយកចិត្តទុកដាក់ រក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ សម្រាប់ពិធីដ៏ធំដែលប្រជាជននៅតាមទីជនបទរាប់លាននាក់ ចូលមកកាន់ទីក្រុងភ្នំពេញ របស់យើង ដើម្បីកម្សាន្ដ»។ គួរជម្រាបថា ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ នឹងត្រូវប្រារព្ធធ្វើឡើង ចាប់ពីថ្ងៃទី២១-២២-២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ខណៈកម្លាំងសមត្ថកិច្ចចំនួន ១៣,០៤៧នាក់ ត្រៀមការពារសន្តិសុខ សណ្ដាប់ធ្នាប់ ជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ។
នាយឧត្តមសេនីយ៍ ទូច ណារ៉ុថ អគ្គស្នងការរងនគរបាលជាតិ និងប្រធាននាយកដ្ឋានអង្គរក្ស បានលើកឡើងថា ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាថ្នាក់ដឹកនាំក្រសួង មកលេងកម្សាន្ដនៅក្នុង ព្រះរាជពិធីបុណ្យអុំទូក ក្រសួងមហាផ្ទៃ បានត្រៀមកម្លាំងជាច្រើននាក់ ទាំងចំហ និងសំងាត់ ក្នុងបុណ្យជាតិនេះ ខណៈព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តទៅធំជាងឆ្នាំមុន។
នាយឧត្តមសេនីយ៍ ទូច ណារ៉ុថ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមកលេងកម្សាន្ដឲ្យមានការប្រុងប្រយ័ត្ន និងធ្វើការសហការជាមួយសមត្ថកិច្ច ដើម្បីឲ្យព្រះរាជពិធីបុណ្យអុំទូក ប្រព្រឹត្តិទៅប្រកបដោយសប្បាយរីករាយ និងសណ្តាប់ធ្នាប់ល្អ គ្មានបញ្ហាអ្វីកើតឡើង៕