ខ្មែរប៉ុស្ដិ៍ Close

អតីតតំណាងរាស្រ្តបក្សប្រឆាំង បបួល សម រង្ស៊ី ភ្នាល់គ្នា ហើយបើចាញ់ តម្រូវឱ្យសុំទោស លោក កឹម សុខា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 54
អតីតតំណាងរាស្រ្តបក្សប្រឆាំង បបួល សម រង្ស៊ី ភ្នាល់គ្នា ហើយបើចាញ់ តម្រូវឱ្យសុំទោស លោក កឹម សុខា អតីតតំណាងរាស្រ្តបក្សប្រឆាំង បបួល សម រង្ស៊ី ភ្នាល់គ្នា ហើយបើចាញ់ តម្រូវឱ្យសុំទោស លោក កឹម សុខា

អតីតតំណាងរាស្រ្តនៃអតីតគណបក្សសង្រ្គោះជាតិ លោក សួន សូរីដា ជាអ្នកស្ម័គ្រស្មោះនឹងលោក កឹម សុខា បានចេញមុខបបួលលោក សម រង្ស៊ី ភ្នាល់គ្នាដោយ លោកអះអាងថា លោក សម រង្ស៊ី នឹងមិនហ៊ានចូលស្រុក ដូចអ្វីដែលលោកបានប្រកាសនោះទេ។ កម្មវត្ថុភ្នាល់នេះ បើសិនជាលោក ចាញ់ គឺលោកសុខចិត្តបួសជាសង្ឃរយៈពេល១ឆ្នាំ ហើយលាឈប់ពីថ្នាក់ ដឹកនាំក្រុមប្រឆាំង ប៉ុន្តែបើលោក សម រង្ស៊ី ចាញ់ក្នុងការភ្នាល់នេះវិញ លោកចង់ឱ្យលោក សម រង្ស៊ី សុំទោសលោក កឹម សុខា ចំពោះការយក សិទ្ធិសេរីភាព និងជីវិតនយោបាយរបស់លោក កឹម សុខា ទៅធ្វើជា កម្មវត្ថុភ្នាល់ជាមួយលោកនាយករដ្ឋមន្ត្រី ។

លោក សួន សូរីដា បានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំថា លោក សម រង្ស៊ី មិនហ៊ានត្រឡប់ចូលស្រុកខ្មែរ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ឡើយ។ បើខ្ញុំចាញ់ ខ្ញុំនឹងបួសជាសង្ឃរយៈពេល១ឆ្នាំ ដើម្បីជាការសូមអភ័យទោស ហើយលាឈប់ពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃ (អតីត)គណបក្សសង្គ្រោះជាតិ មកធ្វើជាសមាជិកធម្មតា។ តែបើលោកសម រង្ស៊ីចាញ់ លោកត្រូវសុំទោសលោកកឹម សុខា ពីការភ្នាល់ជាមួយលោក ហ៊ុន សែន ដែលធ្វើឱ្យប៉ះពាល់លើសិទ្ធិបុគ្គលរបស់លោក កឹម សុខា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨។ សង្ឃឹមថា លោក សម រង្ស៊ី ព្រមទទួលនូវការភ្នាល់នេះ ជាក់ជាមិនខាន»។

ប្រតិកម្មពីក្រុមអ្នកស្ម័គ្រស្មោះនឹង លោក កឹម សុខា បានធ្វើឡើងបន្ទាប់ ពីលោក សម រង្ស៉ី កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅបានយក ជីវិតនយោបាយរបស់ លោក កឹម សុខា ទៅបបួលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ភ្នាល់គ្នា។ ដោយអះអាងថា ឮសម្ពាធបរទេស នឹងធ្វើឱ្យនាយករដ្ឋ មន្ត្រី ហ៊ុន សែន លើកលែងទោសដល់លោក កឹម សុខានោះ លោក សម រង្ស៊ី បានកំណត់ការភ្នាល់ថា «បើសិនមានការដោះលែង កឹម សុខា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ឬយ៉ាងយូរថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ ខាងមុខនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវចុះចេញពីតំណែង តែបើសិនមិនមានការដោះលែងទេ លោក សម រង្ស៊ី ស្ម័គ្រចិត្តប្រឈម ចំពោះមុខច្បាប់ដោយចូលឲ្យសមត្ថកិច្ចចាប់ខ្លួន ដើម្បីអនុវត្តទោស ក្នុងពន្ធនាគារ»។

ភ្លាមៗឆ្លើយតបនឹងការបបួលនេះ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសតាមរយៈបណ្តាញព័ត៌មាន ដោយសម្រេចភ្នាល់ជាមួយលោក សម រង្ស៊ី តែម្តង។ លោកនាយករដ្ឋមន្ត្រី បានកំណត់ថា ប្រសិនសម រង្ស៊ី ចាញ់ក្នុងការភ្នាល់លើកនេះ ត្រូវហ៊ានចូល ឲ្យចាប់ខ្លួនដើម្បីអនុវត្តទោស បន្ទាប់ពីបញ្ចប់ការភ្នាល់ភ្លាមៗ។

បើតាម លោក សួន សូរីដា ការភ្នាល់រវាង លោក សម រង្ស៊ី ជាមួយលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺប្រាកដជាធ្វើឱ្យលោក កឹម សុខា ខឹងមិនខាន។ លោកនិយាយថា៖ «សូមគិតឱ្យបានច្បាស់ ការភ្នាល់របស់លោកសម រង្ស៊ី ជាមួយលោកហ៊ុន សែន ច្បាស់ជាធ្វើឱ្យលោកកឹម សុខា ខឹងជាក់ជាមិនខាន “មនុស្សមិនមែនព្រះទេ”»។

លោកសួន សូរីដា បានបញ្ជាក់ទៀតថា «ខ្ញុំភ្នាល់ជាមួយលោកសម រង្ស៊ី ដើម្បីពាក្យ “សុំទោស១ម៉ាត់ ពីលោក សម រង្ស៊ីទៅលោកកឹម សុខា” ដើម្បី ផ្សះផ្សាររបួសកុំឱ្យមានការបែកបាក់តែប៉ុណ្ណោះ ដូចពាក្យថា «ឪពុកខុស ម្តាយខឹង កូនចៅសំភីឱ្យឪពុកសុំទោសម្តាយ អ្វីៗក៏អាចនាំមកនូវភាព សុខដុមរមនា ក្នុងគ្រួសារឡើងវិញ»៕

អត្ថបទទាក់ទង