ខ្មែរប៉ុស្ដិ៍ Close

សហរដ្ឋអាមេរិកផ្ដល់ថវិកាសម្រាប់ជួសជុលជណ្តើរបុរាណផ្នែកខាងជើង របស់ប្រាសាទព្រះវិហារ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 51
សហរដ្ឋអាមេរិកផ្ដល់ថវិកាសម្រាប់ជួសជុលជណ្តើរបុរាណផ្នែកខាងជើង របស់ប្រាសាទព្រះវិហារ សហរដ្ឋអាមេរិកផ្ដល់ថវិកាសម្រាប់ជួសជុលជណ្តើរបុរាណផ្នែកខាងជើង របស់ប្រាសាទព្រះវិហារ

សហរដ្ឋ អាមេរិកបានសម្រេចផ្ដល់ថវិកាចំនួន២០ម៉ឺនដុល្លារ ជួយជួសជុលជណ្តើរបុរាណផ្នែកខាងជើងរបស់ប្រាសាទព្រះវិហារ ដែលកំពុងមានសភាពទ្រុឌទ្រោមឱ្យមានភាពប្រសើរឡើងវិញ ក្នុងគោលបំណងចូលរួមអភិរក្ស ទុកជាមរតកមនុស្សគ្រប់ជំនាន់។

គម្រោងនេះនឹងត្រូវបានអនុវត្តដោយមន្ត្រីជំនាញអាជ្ញាធរជាតិព្រះវិហារ និងមានការចូលរួមពីអ្នកជំនាញការជាតិ និងអន្តរជាតិនៅក្នុងដំណាក់កាលទី១ រហូតដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ បន្ទាប់ពីគម្រោងជំនួយនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដោយស្ថានទូតអាមេរិកនៅកម្ពុជា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីរសៀលថ្ងៃទី៦ ខែវិច្ឆិកានេះ។

ឯកឧត្តម វីលៀម ហៃ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា មានប្រសាសន៍ថា កិច្ចព្រមព្រៀងដែលចុះហត្ថលេខា នាពេលនេះ មាន ចំនួន២ដោយផ្តោតកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌នៅប្រទេសកម្ពុជា ក្នុងនោះទាក់ទងនឹង «ការដាក់កម្រិតហាមប្រាមនូវការនាំចូលប្រភេទវត្ថុបុរាណរបស់ប្រទេសកម្ពុជា» សម្រាប់រយៈពេល៥ឆ្នាំ ២០១៨-២០២៣ និងការផ្តល់ថវិកាពីមូលនិធិឯកអគ្គរដ្ឋទូត សម្រាប់ការអភិរក្សវប្បធម៌ ឆ្នាំ២០១៨ ដែលបានយល់ព្រមហើយ រវាងក្រសួងការបរទេសសហរដ្ឋអាមេរិក តាមរយៈស្ថានទូតអាមេរិកនៅភ្នំពេញ ដែលមានទឹកប្រាក់ចំនួន២០ម៉ឺនដុល្លារ សម្រាប់ការអភិរក្សជណ្តើរបុរាណផ្នែកខាងជើងរបស់ប្រាសាទព្រះវិហារ ដែលត្រូវបានសង់តាំងពីសតវត្សទី១១។ ឯកឧត្តម បានបន្តថា អនុស្សារណៈនៃការយោគយល់នេះ មានបំណងកាត់បន្ថយការលួចវត្ថុបុរាណ ដែលតំណាងឱ្យកេរដំណែលវប្បធម៌ដ៏មានតម្លៃ និងសម្បូរបែបរបស់កម្ពុជា ដ៏មានតម្លៃមិនអាចរកអ្វីជំនួសបាន។ ជាមួយគ្នាដែរ តាមរយៈកិច្ចសហប្រតិបត្តិការនេះ នឹងបន្តកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សា និងចែករំលែកព័ត៌មាន ជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក ស្តីពីការជីកគាស់កកាយដែលគ្មានការអនុញ្ញាត ការលួចសម្បត្តិវប្បធម៌ ការជួញដូរខុសច្បាប់នូវសម្បត្តិវប្បធម៌ និងការគំរាមកំហែងដទៃទៀត ដែលធ្វើឱ្យគ្រោះថ្នាក់ដល់សម្បត្តិបេតិកភណ្ឌវប្បធម៌របស់កម្ពុជា។

លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ថា ការជួយជ្រោមជ្រែងនេះ បង្ហាញឱ្យឃើញពីការប្តេជ្ញា និងការខិតខំ ដើម្បីសហការគាំទ្រថែរក្សាបេតិកភណ្ឌវប្បធម៌ខ្មែរ សម្រាប់ប្រយោជន៍ដល់ប្រជាជនខ្មែរ សហគមន៍អន្តរជាតិ និងសម្រាប់អ្នកជំនាន់ក្រោយ។ សូមបញ្ជាក់ថា ជណ្តើរបុរាណខាងជើង ជាជណ្តើរមួយយ៉ាងសំខាន់ក្នុងចំណោមជណ្តើរ និងផ្លូវដើរដែលបានតភ្ជាប់មកខ្លោងទ្វារគោបុរៈទី៥នៃប្រាសាទព្រះវិហារ ។ កាលពីសម័យអង្គរចន្លោះសតវត្សរ៍ទី៩ និងទី១២ ជណ្តើរនេះប្រហែលជាមានតួនាទីសំខាន់ទាក់ទងទៅនឹងជំនឿសាសនាហិណ្ឌូ និងបម្រើដល់សហគមន៍ខ្មែរបុរាណរស់នៅភាគខាងជើងក្នុងការមកគោរពប្រតិបត្តិសាសនាខាងលើ។

ជណ្ដើរបុរាណខាងជើងសណ្ដូកពីត្បូងទៅជើងស្របតាមអ័ក្សប្រាសាទតភ្ជាប់ពីស្ពានហាលដែលមានបង្កាន់ដៃនាគស្ថិតនៅពីមុខខ្លោងទ្វារគោបុរៈទី៥ ផ្នែកខាងជើងមានរយៈកំពស់ធៀបនឹងផ្ទៃទឹកសមុទ្រចន្លោះពី៥៦៩ម៉ែត្រនិង៥៣០ម៉ែត្រ។ ជណ្ដើរនេះឋិតនៅលើល្បាក់ភ្នំដែលមានជម្រាលពីលើទៅក្រោម៣៩ម៉ែត្រមានបណ្ដោយប្រវែង១១០ម៉ែត្រ និងទទឹងមានទំហំចាប់ពី៩ម៉ែត្រទៅ១១ម៉ែត្រ។ បន្ទាប់ពីបោះបង់ចោល និងគ្មានការថែរក្សាជាច្រើនសតវត្សមក បណ្តាលឱ្យជណ្តើរនេះទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយធម្មជាតិ និមនុស្សនាពេលកន្លងមក៕

អត្ថបទទាក់ទង