ខ្មែរប៉ុស្ដិ៍ Close

សមាជិករាជវង្សសហព័ន្ធអារ៉ាប់រួម ផ្ដល់ឥណទាន ៥០០លានដុល្លារសហរដ្ឋអាមេរិកដល់កម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 643
សមាជិករាជវង្សសហព័ន្ធអារ៉ាប់រួម ផ្ដល់ឥណទាន ៥០០លានដុល្លារសហរដ្ឋអាមេរិកដល់កម្ពុជាសមាជិករាជវង្សសហព័ន្ធអារ៉ាប់រួម ផ្ដល់ឥណទាន ៥០០លានដុល្លារសហរដ្ឋអាមេរិកដល់កម្ពុជា

​ព្រះអង្គម្ចាស់ Ahmed Dalmook Al Maktoum សមាជិករាជវង្សសហព័ន្ធអារ៉ាប់រួមបាន​ផ្ដល់​​ឥណទានចំនួន ៥០០លានដុល្លារសហរដ្ឋអាមេរិកដល់កម្ពុជា សម្រាប់ប្រើប្រាស់ក្នុងការ​នាំ​​ទំនិញចូលពីសហព័ន្ធអារ៉ាប់រួម។

​ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ បានថ្លែងដូច្នេះប្រាប់អ្នកយក​ព័ត៌​មា​ន​​ បន្ទាប់ពីជំនួបរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរា​ជា​ណា​​ចក្រកម្ពុជា និងព្រះអង្គម្ចាស់ Ahmed Dalmook Al Maktoum សមាជិករាជវង្សសហព័ន្ធ​អា​រ៉ាប់រួម នាព្រឹកថ្ងៃអង្គារ ​១៣​រោ​ច​ ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែ​វិច្ឆិ​កា ឆ្នាំ២០១៨ នៅវិមាន​សន្តិ​ភា​ព។

នៅក្នុងជំនួបនោះ ព្រះអង្គម្ចាស់ Ahmed បានជម្រាប​ជូន​ស​ម្ដេចតេជោនាយករដ្ឋមន្ត្រី ថា ព្រះអង្គមានបំណងមកចូលរួមក្នុងការអភិវឌ្ឍ​ព្រះរាជា​ណា​ច​ក្រ​កម្ពុជា តាមការចាប់ផ្ដើម ទំនាកទំនង និងការដាក់ទុនវិនិយោគនៅកម្ពុជា ដោយព្រះអង្គម្ចាស់​បាន​បង្ហាញនូវចំណាប់ អារម្មណ៍ក្នុងការវិនិយោគទៅលើប្រព័ន្ធប្រេងឧស្ម័ន ពាណិជ្ជកម្ម និង​ហិ​រ​ញ្ញវត្ថុ។ ពាក់ព័ន្ធទៅ នឹងបញ្ហាហិរញ្ញវត្ថុនេះ ព្រះអង្គម្ចាស់បានជម្រាបជូនសម្ដេចតេជោថា នឹង​ផ្ដល់ជូនទឹកប្រាក់ ជាឥណទាន​ចំនួន៥០០លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ការប្រើ​ប្រា​ស់​​ក្នុងការនាំទំនិញ ចូលពីសហព័ន្ធអារ៉ាប់រួម ហើយនឹងពិនិត្យមើលការសិក្សា និង​លទ្ធ​ផល​ផ្សេ​ង​​ៗទៀត ដើម្បីធ្វើការវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ព្រះអង្គម្ចាស់ Ahmed Dal​mo​ok​ Al Maktoum ក៏បានគោរពអញ្ជើញសម្ដេចតេជោ ហ៊ុន សែន ទៅបំពេញទស្សនកិច្ចនៅ​ស​ហ​ព័ន្ធអារ៉ាប់រួមផងដែរ។

​ជាការឆ្លើយតប សម្ដេចតេជានាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះព្រះអង្គម្ចាស់ ក៏​ដូច​ជាប្រជាជននៃសហព័ន្ធអារ៉ាប់រួម ដែលកន្លងមកបានជួយដល់កម្ពុជា ជាពិសេសក្នុង​ការ​អភិ​វឌ្ឍធនធានមនុស្ស និងជួយដល់ការកសាងមជ្ឈមណ្ឌលកុមារកំព្រាកម្ពុជា ដែលជា​កុមារ​រង​គ្រោះដោយការបាត់បង់ឪពុក ម្ដាយ។ ពាក់ព័ន្ធនឹងការវិនិយោគលើវិស័យ ប្រេង និងឧស្ម័ន ស​ម្ដេចតេជោបានស្វាគមន៍ និងមានប្រសាសន៍ថា ក្នុងករណីដែល​បានវិនិយោគលើវិស័យ​ឧ​ស្ម័ន​​នេះ គឺបានជួយកាត់បន្ថយការកាប់ព្រៃឈើធ្វើអុសដុត ក៏ដូចជាការជួយគ្រប់គ្រងធនធាន​ធម្ម​ជាតិផងដែរ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះព្រះអង្គម្ចាស់​ផង​ដែរ ដែលបានផ្ដល់នូវឥណទានចំនួន៥០០លានដុល្លារសហរដ្ឋអាមេរិកដល់កម្ពុជា សម្រាប់​កា​រ​នាំទំនិញចូលពីសហព័ន្ធអារ៉ាប់រួមនិងថ្លែងអំណរគុណផងដែរសម្រាប់​ការអញ្ជើញ​ទៅបំពេញ​ទ​ស្ស​នកិច្ចនៅសហព័ន្ធអារ៉ាប់រួម ដោយសម្ដេចបានមានប្រសាសន៍ថា សម្ដេច នឹងពិនិត្យ​មើ​ល​​ពេលវេលាដែលសមស្របមួយ សម្រាប់ទស្សនកិច្ចនេះ។ ដោយឡែកចំពោះឥណទាន​ចំ​នួ​ន​៥០០លានដុល្លារសហរដ្ឋអាមេរិក នោះសម្ដេចតេជោក៏បានធ្វើការណែនាំ ឱ្យធ្វើការពិភាក្សា​ជា​មួយស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត ដើម្បីរកចំណុចណាមួយ សម្រាប់ការចាប់ផ្ដើមប្រើប្រាស់​ថវិ​កានេះ៕

អត្ថបទទាក់ទង