ខ្មែរប៉ុស្ដិ៍ Close

លោក ហ៊ុន សែន ផ្តល់អនុសាសន៍ ៥ចំណុច ដើម្បីលុបបំបាត់ឱសថក្លែងក្លាយ និងអន់គុណភាព

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 45
លោក ហ៊ុន សែន ផ្តល់អនុសាសន៍ ៥ចំណុច ដើម្បីលុបបំបាត់ឱសថក្លែងក្លាយ និងអន់គុណភាព លោក ហ៊ុន សែន ផ្តល់អនុសាសន៍ ៥ចំណុច ដើម្បីលុបបំបាត់ឱសថក្លែងក្លាយ និងអន់គុណភាព

ដោយសារផលប៉ះពាល់អាក្រក់កើតចេញពីការប្រើប្រាស់ឱសថក្លែងក្លាយ និងអន់គុណភាព កាន់តែរីករាលដាល ក្លាយជាបញ្ហាប្រឈមនៅក្នុងថ្នាក់តំបន់ និងពិភពលោកនោះ បញ្ហានេះតម្រូវឱ្យមានការចាត់វិធានការជាបន្ទាន់ ប្រកបដោយប្រសិទ្ធភាព។ ឆ្លើយតបនឹងបញ្ហានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា «ការទប់ស្កាត់ចរាចរណ៍ និងជួញដូរឱសថក្លែងក្លាយ និងអន់គុណភាពនេះ មិនអាចមានប្រទេសណាមួយធ្វើតែម្នាក់ឯង ហើយទទួលបានជោគជ័យទាំងស្រុងនោះទេ»។ លោកបានបន្តថា «យើងត្រូវតែបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និតថែមទៀត ទាំងការបង្កើនការផ្លាស់ប្តូរព័ត៌មានឱ្យគ្នាទៅវិញទៅមក ការអនុវត្តច្បាប់តឹងរ៉ឹង និងការទទួលខុសត្រូវដូចគ្នារវាងប្រទេសដែលមានប្រភពផលិត ប្រទេសដែលមានការឆ្លងកាត់ និងប្រទេសដែលបានប្រើប្រាស់ឱសថក្លែងក្លាយ និងអន់គុណភាព ដើម្បីទប់ស្កាត់ និងលុបបំបាត់សកម្មភាពអវិជ្ជមានទាំងអស់នេះឱ្យកាន់តែមានប្រសិទ្ធភាព»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងដូចនេះ ក្នុងពិធីបើកសន្និសីទថ្នាក់តំបន់ស្តីពី «ការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព» ដែលធ្វើឡើងនៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា នៅព្រឹកថ្ងៃច័ន្ទ ទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨។

ដើម្បីឱ្យការលុប់បំបាត់ការជួញដូរ និងប្រើប្រាស់ ឱសថក្លែងក្លាយ និងអន់គុណភាព ប្រព្រឹត្តទៅឱកាន់តែមានប្រសិទ្ធភាព លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់អនុសាសន៍ចំនួន ៥ចំណុច ដល់អង្គសន្និសីទសម្រាប់ជាមូលដ្ឋានរៀបចំយន្តការ និងវិធានការនានា រួមមាន៖
១- រៀបចំ និងចាត់វិធានការកែទម្រង់ច្បាប់ និងបទដ្ឋានគតិយុត្តិនានាតាមការចាំបាច់របស់ប្រទេសរៀងៗខ្លួន ដើម្បីធានាថាក្របខ័ណ្ឌច្បាប់នៅក្នុងយុត្តាធិការរបស់ខ្លួនមានអនុឡោមភាពជាមួយយន្តការអន្តរជាតិ។
២- អនុវត្តនូវយន្តការប្រឆាំងនឹងបទល្មើសឱសថក្លែងក្លាយ និងអន់គុណភាព ជាពិសេសត្រូវផ្តន្ទាទោសយ៉ាងតឹងរឹងចំពោះជនល្មើស និងជនទាំងឡាយណាដែលមានការពាក់ព័ន្ធ។
៣- ប្រទេសនីមួយៗគួរបង្កើតក្រុមជំនាញពាក់ព័ន្ធការងារប្រយុទ្ធប្រឆាំងនឹងបទល្មើសឱសថក្លែងក្លាយ និងអន់គុណភាព ក្នុងគោលដៅសម្របសម្រួលបញ្ជូនព័ត៌មាននិងផ្សព្វផ្សាយអំពីហានិភ័យ និងគ្រោះថ្នាក់ផ្សេងៗដល់សាធារណៈជន និងកិច្ចសហប្រតិបត្តិការខ្ពស់ក្នុងតំបន់ ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការផលិត ការចរាចរណ៍ឱសថក្លែងក្លាយ និងអន់គុណភាពឱ្យមានប្រសិទ្ធភាព និងបានទាន់ពេលវេលា។
៤- អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅតាមព្រំដែននៃប្រទេសនីមួយៗត្រូវផ្តល់កិច្ចសហប្រតិបត្តិការណ៍ជិតស្និតជាមួយគ្នាក្នុងការស្វែងរកបទល្មើសពាក់ព័ន្ធនឹងឱសថក្លែងក្លាយ និងអន់គុណភាព ហើយត្រូវបង្កើតកម្មវិធីផ្លាស់ប្តូរព័ត៌មានដើម្បីស៊ឺបអង្កេតរកខ្សែរសង្វាក់ការផលិត ការចែកចាយ និងអត្តសញ្ញាណឧក្រឹដ្ឋជនទាំងនោះ។
៥- បង្កើតកិច្ចសហប្រតិបត្តិការរវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ពិសេសម្ចាស់ក្រុមហ៊ុនដើមដែលផលិតឱសថ ដើម្បីស្រាវជ្រាវរកឱសថក្លែងក្លាយនិងអន់គុណភាពដែលកំពុងចរាចរណ៍លើទីផ្សារ ហើយត្រូវរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចដើម្បីចាត់វិធានការណតាមផ្លូវច្បាប់៕

អត្ថបទទាក់ទង