កម្ពុជានឹងបោសសំអាតមីន និងគ្រប់យុទ្ធភណ្ឌមិនទាន់ផ្ទុះឱ្យអស់នៅឆ្នាំ២០២៥
កម្ពុជានឹងបោសសម្អាតមីន និងគ្រប់យុទ្ធភណ្ឌមិនទាន់ផ្ទុះឱ្យអស់នៅឆ្នាំ២០២៥ ខាងមុខ។ នេះបើតាមការអះអាងរបស់ ឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា នៅក្នុងឱកាសអញ្ជើញសួរ សុខទុក្ខជនរង គ្រោះដោយសារគ្រាប់មីន ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨នេះ ដើម្បីធានាសុវត្ថិភាព និងរំដោះដីស្រែ ចម្ការជូនប្រជាពលរដ្ឋអាស្រ័យផល។
ក្នុងពិធីនេះដែរឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ ក្នុងនាមអាជ្ញាធរមីនកម្ពុជា បានលើក ឡើងថា នៅពេលដែលគណៈប្រតិភូអាជ្ញាធរមីនកម្ពុជាទៅចូលរួមកិច្ច ប្រជុំកំពូលវិស័យសកម្មភាពមីននៅប្រទេសស្វ៊ីសនាពេលខាងមុខនេះ ភាគីកម្ពុជាយើងនឹងបង្ហាញអំពីបញ្ហាប្រឈម និងផលលំបាកនានា នៃគ្រាប់មីនប្រាប់ដល់ប្រទេសជាមិត្ត និងបណ្តាអង្គការអន្តរជាតិនានា ដែលចូលរួម ដើម្បីឱ្យ ពួកគេបន្តជួយកម្ពុជាលើការងារបោសសម្អាតកម្ទេចគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទះឱ្យអស់នៅត្រឹមឆ្នាំ២០២៥ព្រោះថាការងារនេះទាមទារឱ្យ មានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។
ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានលើកឡើងថា បញ្ហាគ្រាប់មីន និងគ្រាប់ យុទ្ធភណ្ឌមិនទាន់ផ្ទុះ បានបង្កឱ្យបាត់បង់អាយុជីវិតប្រជាពលរដ្ឋបន្សល់ទុកជនពិការ ស្ត្រីមេមាយ និងកុមារកំព្រាជាបន្តបន្ទាប់ ដែលលោកសូមអំពាវនាវឱ្យ ប្រជាពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយ័ត្នពីបញ្ហាគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនេះ ដោយមិនត្រូវចូល ឬឆ្លងកាត់កន្លែងណាដែលមានការដាក់សញ្ញាក្បាលខ្មោចហាមឃាត់បញ្ជាក់ថាមានមីន សូមកុំចូលឱ្យសោះ ហើយបញ្ហាមួយទៀតក៏ត្រូវចៀសវាងដាច់ខាតមិនត្រូវយកមីន ឬគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះទៅវាយដំ កែច្នៃធ្វើជារបស់ប្រើប្រាស់នោះទេ ព្រោះវាងាយរងគ្រោះដល់អាយុជីវិតជាទីបំផុត។
លោក វ៉ឹងឌីម រស់នៅភូមិអូរសំបូរ ឃុំក្តីដូង ស្រុកកំពង់ ស្វាយ ខេត្តកំពង់ធំ ដែលជាជនរងគ្រោះដោយសារមីននៅខេត្តព្រះវិហារកាលពីខែមុន ដែលកំពុង ដេកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសមៈ បានបង្ហាញការ សោកស្តាយ និងរន្ធត់យ៉ាងខ្លាំងចំពោះគ្រោះថ្នាក់ដោយសារមីននេះ បណ្តាលឱ្យលោកពិការជើងឆ្វេង មិនអាចធ្វើការអ្វីកើត ហើយគ្រួសារក្រីក្រមានកូន ៦នាក់ ក្នុងបន្ទុកទៀតមិនដឹងមានអ្វីជាទីពឹងទៅថ្ងៃមុខនោះទេ។
តាមរបាយការណ៍អាជ្ញាធរមីនបង្ហាញថា កាលពីទសវត្សរ៍៩០ប្រជាជនកម្ពុជារងគ្រោះដោយសារមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាង ៤ពាន់នាក់ក្នុងមួយឆ្នាំៗ។ បច្ចុប្បន្ន ដោយមានការគាំទ្រពីអង្គការជាតិ អន្តរជាតិ និងពីបណ្តាប្រទេសជាមិត្ត បញ្ហាគ្រោះថ្នាក់ ដោយសារមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ គឺមាននថយចុះមកត្រឹមតែប្រមាណ ៥០នាក់ប៉ុណ្ណោះ៕