អ្នកនាំពាក្យក្រសួងការបរទេស ឆ្លើយតបការចោទប្រកាន់ខុសពីការពិតរបស់ភាគីថៃទៅលើ៤ចំណុច
ថ្លែងនៅក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មានស្ដីពី«លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» ដែលធ្វើនៅទីស្តីការគណៈរដ្ឋមន្ត្រី នារសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ នេះ ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ឆ្លើយតបការចោទប្រកាន់ខុសពីការពិតរបស់ភាគីថៃទៅលើ៤ចំណុច ដែលបានលើកឡើងក្នុងកិច្ចប្រជុំជាមួយនឹងអ្នកកាសែតកាលពីថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០២៥ នាពេលកន្លងមកនេះ រួមមាន៖
១. កម្ពុជា នៅតែរក្សាគោលជំហរដ៏រឹងមាំ និងប្រកបដោយសង្គតិភាពរបស់ខ្លួនក្នុងការដោះស្រាយរាល់បញ្ហាទាំងអស់ជាមួយនឹងប្រទេសថៃ តាមរយៈមធ្យោបាយសន្តិវិធី ហើយកម្ពុជាបានត្រៀមរួចជាស្រេចធ្វើការប្រកបដោយស្ថាបនា តាមរយៈកិច្ចសន្ទនាទ្វេភាគី និងបំពេញបន្ថែមឱ្យការសម្របសម្រួលរបស់អាស៊ាន ដើម្បីសម្រេចឱ្យបាននូវដំណោះស្រាយដ៏ស្ថិតស្ថេរ និងពេញដោយសន្តិភាពមួយ ឈរលើមូលដ្ឋាននៃកិច្ចព្រមព្រៀងឈប់បាញ់ និងច្បាប់អន្តរជាតិ។
២. កម្ពុជា សូមអំពាវនាវឱ្យភាគីថៃឱ្យបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពយោធាជាឯកតោភាគីដែលអាចធ្វើឱ្យឆាបឆេះឡើងវិញនូវភាពប្រទូស្តសារាយ និងធ្វើឱ្យបាត់ស្ថិរភាពចំពោះសន្ថិភាពដ៏ផុយស្រួយ និងស្ថិរភាពនៅតាមបណ្តោយព្រំដែន។ កម្ពុជា សូមទាមទារឱ្យភាគីថៃគោរពនូវការតាំងចិត្តរបស់ខ្លួន ក្រោមកិច្ចព្រមព្រៀងឈប់បាញ់គ្នា ហើយចូលរួមស្ថាបនាដោយសុទ្ធចិត្តក្នុងកិច្ចសន្ទនា និងគោរពច្បាប់អន្តរជាតិ។
៣. កម្ពុជា សូមបដិសេធចោលជាដាច់ខាតចំពោះសកម្មភាពរបស់យោធាដែលបំភ័ន្តសាធាណៈជនដោយមិនឆ្លុះបញ្ចាំងពីការពិតដែលកើតមានឡើង ដែលការពិតគឺកងកម្លាំងប្រដាប់អាវុធរបស់ថៃបានចាប់ផ្តើមឱ្យមានភាពតានតឹងនាពេលបច្ចុប្បន្នរវាងប្រទេសទាំងពីរ តាមរយៈការទន្ទ្រាន្តជាបន្តបន្ទាប់ចូលមកទឹកដីរបស់កម្ពុជា ដែលសកម្មភាពនេះគាំទ្រដោយការបាញ់ផ្លោង និងប្រតិបត្តិការតាមផ្លូវអាកាស។ កម្ពុជាបានគោរពអនុវត្តដោយម៉ត់ចត់ត្រឹមត្រូវ ចំពោះការការពារអធិបតេយ្យភាពរបស់ខ្លួនស្របទៅតាមច្បាប់អន្តរជាតិ ជាមួយការអត់ធ្មត់ជាអតិបរិមា ដើម្បីជៀសវាងការរីករាលដាលនៃជម្លោះ។
៤. កម្ពុជានៅតែរក្សានូវតម្លាភាព និងផ្អែកលើការពិតក្នុងការជូនព័ត៌មានរបស់ខ្លួន ដោយផ្អែកលើព័ត៌មានដែលបានផ្ទៀងផ្ទាត់ ដើម្បីជម្រាបជូនពលរដ្ឋរបស់ខ្លួន និងសហគមន៍អន្តរជាតិ ហើយកម្ពុជាមិនដែលធ្វើសកម្មភាពក្នុងការបង្កើតព័ត៌មាន ឬក៏ក្នុងលក្ខណៈជាការអុចអាលញុះញង់ ហើយក៏សូមអំពាវនាវឱ្យភាគីថៃជៀសវាងនូវការយកបញ្ហានយោបាយទៅប្រើប្រាស់នៅក្នុងការងារព័ត៌មាន។ កម្ពុជា សូមអះអាងជាថ្មីម្តងទៀតនូវការគាំទ្ររបស់ខ្លួនចំពោះការជូនព័ត៌មានដោយចំហមានទទួលខុសត្រូវ និងផ្ទៀងផ្ទាត់ ហើយស្វាគមន៍ចំពោះការចូលរួមរបស់ភាគីទី៣ រួមទាំងអាស៊ាន និងអ្នកសង្កេតការណ៍អន្តរជាតិ ដើម្បីវាយតម្លៃការពិតដោយឥតមានលម្អៀង



