អភិបាលខេត្តកំពតបង្ហាញពីសក្តានុពលដ៏ល្អរបស់ខេត្ត កំពតដែលអំណោយផលសម្រាប់ការវិនិយោគ
នៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានអនុញ្ញាតឲ្យប្រតិភូវិនិយោគិនចិន ចូលជួបសំណេះ សំណាល និងពិភាក្សាការងារ នៅសាលប្រជុំសាលាខេត្តកំពត។ លោកអភិបាលខេត្ត បានស្វាគមន៍ប្រតិភូ និងបង្ហាញពីសក្តានុពលដ៏ល្អរបស់ខេត្តកំពត ពិសេសធនធានធម្មជាតិ រ៉ែធម្មជាតិ តំបន់ភ្នំ ប្រព័ន្ធគមនាគមន៍ទាំងផ្លូវទឹក/ផ្លូវគោក ផ្លូវរថភ្លើង កំពង់ផែ មានភូមិសាស្ត្រជាប់ជាមួយខេត្តព្រះសីហនុ និងប្រទេសវៀតណាម ដែលសុទ្ធតែជាបរិស្ថានល្អអំណោយផលដល់ការវិនិយោគ។
លោកតំណាងប្រតិភូវិនិយោគិនចិន បានបង្ហាញពីចំណាប់អារម្មណ៍ចំពោះលក្ខណៈពិសេសរបស់ខេត្តកំពត និងមានគម្រោងបោះទុនវិនិយោគច្រើន ក្នុងនោះរួមទាំងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសផងដែរ។
លោកអភិបាលខេត្ត បានសម្តែងការគាំទ្រចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុន ហើយរដ្ឋបាលខេត្ត ត្រៀមខ្លួនជានិច្ចដើម្បីផ្តល់កិច្ចសហការល្អជាមួយភាគីចិន និងក្រសួងស្ថាប័នពាក់ព័ន្ធជំរុញឱ្យគម្រោងវិនិយោគដំណើរការតាមផែនការ៕