អបអរសាទរ! បវរកញ្ញាកម្ពុជាទទួលបានពិន្ទុខ្ពស់ជាងគេ តាមរយៈការបោះឆ្នោតលើ Facebook ក្នុងវគ្គចុងក្រោយ «Top10» មានឈុតប្រពៃណីល្អបំផុត
បេក្ខនារីបវរកញ្ញាកម្ពុជា (Miss Grand Cambodia) គឺកញ្ញា ឌី លីកា (Dy Lika) បានឈ្នះដាច់គេតាមរយៈការបោះឆ្នោតលើ Facebook ក្នុងការប្រកួតបន្តឈុតតំណាងជាតិល្អបំផុត ក្នុងចំណោមឈុតតំណាងជាតិទាំង២០ប្រទេស។ បវរកញ្ញាទាំង២០នាក់ ដែលប្រកួតឈុតតំណាងប្រទេសនេះទៀតសោត ត្រូវជ្រើសយក១០នាក់ប៉ុណ្ណោះ ខណៈដែល៥នាក់ជ្រើសយកតាមការបោះឆ្នោតតាម Facebook និង៥នាក់ទៀតជ្រើសយកដោយគណៈកម្មាការប្រកួត។
បើយោងតាម Facebook ផ្លូវការរបស់ «Miss Grand International» នាប៉ុន្មានម៉ោងមុននេះ ពោលនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ ដែលជាថ្ងៃសរុបពិន្ទុចុងក្រោយ តាមការបោះឆ្នោតលើ Facebook ក្នុងវគ្គចុងក្រោយ «Top10» មានឈុតប្រពៃណីល្អបំផុត ក្នុងចំណោមបវរកញ្ញា៥រូបនោះ បរវរកញ្ញនៃព្រះរាជាណាចក្រកម្ពុជាយើង ទទួលបានការចែករំលែក (Share) ចំនួនជាង១លានដង ផុតលើសគេដាច់ ដែលធ្វើឲ្យបរវកញ្ញារបស់កម្ពុជាយើងជាប់លេខ១តែម្តង។
ក្រៅពីនេះបវរកញ្ញាវៀតណាម ទទួលបានការចែករំលែកចំនួនជាង១៨ម៉ឺនដង, បវរកញ្ញាកញ្ញាឥណ្ឌូនេស៉ី ទទួលបានការចែករំលែកចំនួនជាង១៧ម៉ឺនដង, បវរកញ្ញាម៉ិចស៉ីកូ ទទួលបានការចែករំលែកចំនួនជាំង១៤ម៉ឺនដង, និងបវរកញ្ញាផារ៉ាហ្កាយ ទទួលបានការចែករំលែកចំនួនជាង១៣ម៉ឺនដង។
បើតាម Facebook ដដែលបានឲ្យដឹងដែរថា បវរកញ្ញាឈុតប្រពៃណីល្អបំផុតចំនួន៥នាក់ទៀត ក៏នឹងត្រូវជ្រើសរើសក្នុងពេលឆាប់ៗនេះផងដែរ។ ជាមួយគ្នានេះ ពានរង្វាន់ឈុតតំណាងជាតិល្អជាងគេ (Best National Costumes Award) នឹងត្រូវផ្តល់ពិន្ទុជ្រើសរើស ដោយគណៈកម្មការកិត្តិយស ប្រចាំកម្មវិធីប្រកួតផ្តាច់ព្រ័ត្រ ព្រមទាំងប្រកាសលទ្ធផលនារាត្រី ប្រកួតផ្តាច់ព្រ័ត្តថ្ងៃទី២៥ តុលា ខាងមុខនេះហើយ។
សូមជម្រាបថា ការប្រកួតឈុតតំណាងជាតិល្អបំផុត (Best National Costumes) ក្នុងចំណោមឈុតទាំង២០នេះ ដើម្បីជ្រើសរើសឈុតតំណាងជាតិ ដែលល្អជាងគេចំនួន១០ឈុត (ក្នុងនោះ៥ឈុត ឬ ៥ បេក្ខភាព បានមកពីការបោះឆ្នោតគាំទ្រ។ រីឯ ៥ឈុត ឬ ៥ បេក្ខភាពទៀត បានមកពីការផ្តល់ពិន្ទុជ្រើសរើស ពីគណៈកម្មការប្រចាំវគ្គ)។ ការបោះឆ្នោតគាំទ្រ តាមរយៈការ Like និង Share ជាថ្មីនេះ បានចាប់ផ្តើមពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ នៅវេលាម៉ោង៥ល្ងាច (ម៉ោងនៅមីយ៉ាន់ម៉ា) ត្រូវនឹងម៉ោង ៥៖៣០នាទីល្ងាច ម៉ោងនៅប្រទេសកម្ពុជា។
ចំពោះរបៀបនៃការបោះឆ្នោតគាំទ្រ សម្រាប់វគ្គ Top10 នេះ គឺធ្វើឡើងដូចការបោះឆ្នោត Top 20 ដែរ ក្នុងនោះ Like ម្ដង គឺទទួលបាន ១ពិន្ទុ ហើយប្រសិនបើ Share ម្ដង គឺទទួលបានរហូតដល់ទៅ ៥ពិន្ទុ (សូមចុច តែ សញ្ញា like មេដៃ និង Share ទើបគេរាប់ពិន្ទុ សញ្ញាផ្សេងកុំចុច)។ ការបោះឆ្នោតតាមរយៈ Facebook នេះ ត្រូវបានបញ្ចប់ទាំងស្រុង ហើយសូមមហាគ្រួសារខ្មែរ រង់ចាំលទ្ធផលទាំងអស់គ្នាថា តើនរណានឹងក្លាយជាជើងឯកបវរកញ្ញាអន្តរជាតិឆ្នាំ២០១៨នេះ៕