ប្រធានសភា IPU អបអរសាទរយ៉ាងពេញទំហឹងចំពោះជោគជ័យនៃការបោះឆ្នោតនៅកម្ពុជាដែលបង្ហាញពីលទ្ធិប្រជាធិបតេយ្យយ៉ាងពិតប្រាកដ
លោកស្រី Gabriela Cueva Barron ប្រធានសហភាពអន្តរសភា IPU បានអបអរសាទរយ៉ាងពេញទំហឹង ក៏ដូចជាវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលកម្ពុជាសម្រេចបាន ជាពិសេសលទ្ធផលដ៏ជោគជ័យនៃការបោះឆ្នោតឆ្នាំ២០១៨នៅកម្ពុជា ដែលបានបង្ហាញអំពីលទ្ធិប្រជាធិបតេយ្យយ៉ាងពិតប្រាកដ។
ការអបអរសាទរនេះ ធ្វើឡើងក្នុងឱកាសលោកស្រីប្រធានសភា IPU ឯកភាពទទួលជួបសម្តែងការគួរសមជា មួយគណៈប្រតិភូសភាកម្ពុជា ដឹកនាំដោយ លោកស្រី ឃួន សុដារី អនុប្រធានទី២រដ្ឋសភា និងជាប្រធានគណៈ ប្រតិភូសភាកម្ពុជា ចូលរួមមហាសន្និបាតលើកទី១៣៩ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨។
ថ្លែងក្នុងឱកាសនោះ លោកស្រី ឃួន សុដារី បាននាំនូវសារអបអរសាទរពីលោក ហេង សំរិន ប្រធានរដ្ឋសភា ជូនចំពោះលោកស្រី ប្រធានសហភាពអន្តរសភា ដែលខិតខំប្រឹងប្រែងក្នុងឋានៈលោកស្រី ជាប្រធានសហភាពអន្តរសភា ដែលមានសមាជិកដល់ទៅ១៧៨ប្រទេសនៅទូទាំងពិភពលោកឆ្ពោះទៅរកជោគជ័យជានិច្ច។
លោកស្រី ឃួន សុដារី ក៏បានគូសបញ្ជាក់ផងដែរថា នៅក្នុងអំឡុងការបោះឆ្នោតជាសាកលចុងក្រោយនេះ ក្នុងខែកក្កដា ឆ្នាំ២០១៨ មានគណបក្សនយោបាយចំនួន២០ ដែលបានប្រកួតប្រជែងដើម្បីអាសនៈសភា ដែលនេះគឺជាការបង្ហាញយ៉ាងច្បាស់លាស់ណាស់ថា គណបក្សទាំង២០នេះ ជាតំណាងស្របច្បាប់នៃពហុគណបក្សនយោបាយដែលចូលរួមក្នុងការបោះឆ្នោត ហើយបានឆ្លុះបញ្ចាំងនូវអ្វីដែលអ្នកសង្កេតការណ៍មួយចំនួនហៅថា ដំណើរការប្រជាធិបតេយ្យដ៏ត្រឹមត្រូវនិងស្ថេរភាពជាទូទៅនៅកម្ពុជា។
សម្រាប់ដំណើរការបោះឆ្នោតកន្លងទៅនេះ មានអ្នកចូលរួមបោះឆ្នោតជិត ៧លាននាក់ បើគិតជាភាគរយ៨៣.០២% នៃអ្នកចុះបញ្ជីបោះឆ្នោតសរុប បានបោះឆ្នោត និងបានធ្វើការជ្រើសរើស តាមបែបផែននយោបាយដោយសេរីរបស់ខ្លួន។ ដោយឡែកអ្នកសង្កេតការណ៍អន្តរជាតិ ចំនួន៥៣៩មកពីប្រទេសជាង ៥០ប្រទេស ក្នុងចំណោមនោះមកពីស្ថាប័នអន្តរជាតិ រួមមាន គណបក្សនយោបាយអាស៊ាន សភាអាស៊ី អន្តរសភាអាស៊ាន និងក្រុមប្រឹក្សាសហគមន៍អឺរ៉ុប ផ្នែកទំនាក់ទំនងអន្តរជាតិដើម្បីជាសាក្សី តាមដានពិនិត្យមើលលើការអនុវត្តលទ្ធិប្រជាធិបតេយ្យពោរពេញដោយសន្តិវិធីដែលជាឱកាសប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា។
បន្ថែមលើនេះទៀត លោកស្រីអនុប្រធានទី២រដ្ឋសភា បានពន្យល់បន្ថែមអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដែលជាការពិតរបស់កម្ពុជា ដែលមជ្ឈដ្ឋានខាងក្រៅ និងពួកអគតិមួយក្តាប់តូចនាំគ្នាដើរបំភ្លៃការពិតបោកប្រាស់អន្តរជាតិក្នុងចេតនាអាក្រក់ក្នុងការបំផ្លិចបំផ្លាញជាតិកម្ពុជា ដែលកំពុងតែរីកចម្រើនអត់ឈប់ឈរក្នុងកំណើនសេដ្ឋកិច្ច៧%ជាប្រចាំឆ្នាំ។
តាមការណែនាំរបស់ប្រធានរដ្ឋសភា លោកស្រី ឃួន សុដារី បានអញ្ជើញលោកស្រីប្រធានសហភាពអន្តរសភា ចូលរួមកិច្ចប្រជុំប្រចាំលើកទី២៧ របស់វេទិកាសភាអាស៊ី-ប៉ាហ្វិក ចាប់ពីថ្ងៃទី១៤-១៧ ខែមករា ឆ្នំា២០១៩ ក្នុងឋានៈជាភ្ញៀវកិត្តិយស និងស្នើលោកស្រីពិនិត្យអំពីស្ថានភាពពីអំពីកម្ពុជាផងដែរ។
ជាការឆ្លើយតបលោកស្រី Gabriela Cueva Barron ប្រធានសហភាពអន្តរសភា បានឯកភាពដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំប្រចាំលើកទី២៧ របស់វេទិកាសភាអាស៊ី-ប៉ាហ្វិក និងបានអបអរសាទរយ៉ាងពេញទំហឹង ក៏ដូចជាវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលកម្ពុជា សម្រេចបានជាពិសេសលទ្ធផលដ៏ជោគជ័យនៃការបោះឆ្នោតឆ្នាំ២០១៨នៅកម្ពុជាដែលបានបង្ហាញអំពីលទ្ធិប្រជាធិបតេយ្យយ៉ាងពិតប្រាកដ៕