ខ្មែរប៉ុស្ដិ៍ Close

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានផ្តល់អាហារូបករណ៍ក្នុងស្រុកចំនួន ៤០កន្លែងដល់សិស្សជាប់បាក់ឌុបឆ្នាំ២០១៨ និងចុះបើកការដ្ឋានសាងសង់ផ្លូវបេតុងបន្ថែមទៀត នៅស្រុកកោះធំ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 20
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានផ្តល់អាហារូបករណ៍ក្នុងស្រុកចំនួន ៤០កន្លែងដល់សិស្សជាប់បាក់ឌុបឆ្នាំ២០១៨ និងចុះបើកការដ្ឋានសាងសង់ផ្លូវបេតុងបន្ថែមទៀត នៅស្រុកកោះធំ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានផ្តល់អាហារូបករណ៍ក្នុងស្រុកចំនួន ៤០កន្លែងដល់សិស្សជាប់បាក់ឌុបឆ្នាំ២០១៨ និងចុះបើកការដ្ឋានសាងសង់ផ្លូវបេតុងបន្ថែមទៀត នៅស្រុកកោះធំ

នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះស្រុកកោះធំ បាននាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួន ទៅប្រគេនព្រះសង្ឃដែល កំពុងគង់ចាំព្រះវង្សានៅវត្តព្រែកតាដួងឋិតក្នុងទឹកដីស្រុកកោះធំ ខេត្តកណ្តាល ដើម្បីសុំសេចក្តីសុខសេចក្តី ចម្រើន និងចូលរួមចំណែកដល់ការកសាងព្រះពុទ្ធសាសនាផងដែរ។

បន្ទាប់ពីពិធីប្រគេនទេយ្យវត្ថុ លោកទេសរដ្ឋមន្ត្រី បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសំណេះ សំណាលជាមួយសិស្សជ័យលាភីប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (សម័យប្រឡងថ្ងៃទី២០ សីហា ឆ្នាំ២០១៨) និងលោកគ្រូអ្នកគ្រូថ្នាក់ទី១២ ប្រមាណ៥២០នាក់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ក្រសួងសាធារណការ និងដឹកជញ្ជូន។

ឋិតនៅក្នុងនោះ លោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកគ្រូអ្នកគ្រូទាំងអស់ ដែលបានខិតខំប្រឹងប្រែងបង្រៀនសិស្សានុសិស្សឱ្យទទួលជោគជ័យ និងទទួលបានលទ្ធផលល្អ ទោះបី ការប្រឡងឆ្នាំនេះមិនទទួលបាននិទ្ទេសAក៏ដោយ ក៏ប៉ុន្តែនិទ្ទេសBមានការកើនឡើងគួរឱ្យកត់សម្គាល់។

លោកទេសរដ្ឋមន្ត្រី បានផ្តាំផ្ញើដល់ក្មួយៗសូមកុំឱ្យភ្លេចឬសគល់របស់ខ្លួនដែលជាកូនអ្នកកោះធំ ត្រូវខំប្រឹងប្រែងរៀនសូត្រឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត បង្កើនចំណេះដឹងឱ្យបានទូលំទូលាយ ដើម្បី អាចស្វែងរកការងារធ្វើបានល្អ ក៏ដូចជាយកចំណេះដឹងនោះមកបម្រើស្រុកកំណើតយើងវិញ។

ជាមួយគ្នានេះផងដែរ លោកទេសរដ្ឋមន្ត្រី បានអនុញ្ញាតឱ្យសិស្សានុសិស្សដែលទទួលបានជ័យលាភី ទាំង៥២០នាក់ អាចប្រើប្រាស់អាងហែលទឹកនៅកីឡដ្ឋានស្រុកកោះធំដោយឥតគិតថ្លែដើម្បីហ្វឹកហាត់ហែលទឹកឱ្យមានជំនាញពិតប្រាកដ។

លោកទេសរដ្ឋមន្ត្រី ក៏បានផ្តល់អាហារូបករណ៍ក្នុងស្រុកចំនួន៤០កន្លែង និងសន្យាខិតខំប្រឹងប្រែងស្វែង រកអាហារូបករណ៍បរទេសបន្ថែមដល់សិស្សានុសិស្សជ័យលាភីផងដែរដើម្បីអាចមានឱកាសទៅសិក្សានៅក្រៅប្រទេស និងបន្ថែមពីលើនេះ លោកទេសរដ្ឋមន្ត្រីបាននាំយកថវិកាមួយចំនួនចែកជូនលោកគ្រូអ្នក គ្រូ និងសិស្សានុសិស្សនៅក្នុងពិធីនេះផងដែរ។

ក្រោយពិធីសំណេះសំណាលជាមួយសិស្សានុសិស្សរួចមក លោកទេសរដ្ឋមន្ត្រី បានអញ្ជើញធ្វើដំណើរ ចុះចែកអំណោយ និងបើកការដ្ឋានសាងសង់ផ្លូវបេតុងចំនួនពីរខ្សែប្រវែងសរុប២៥០០ម៉ែត្របន្ថែមទៀត ឋិតក្នុងឃុំសំពៅពូន ស្រុកកោះធំ ដោយមានការចូលរួមពីប្រជាពលរដ្ឋប្រមាណ១១៨៥នាក់ ដើម្បីសម្រួល ដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងជាការអនុវត្តតាមអនុសាសន៍ខ្ពង់ខ្ពស់របស់សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យខិតខំប្រឹងប្រែងបម្រើប្រជារាស្ត្រឱ្យបានទ្វេដង និងធ្វើខ្លួនជាអ្នកបម្រើរាស្ត្រយ៉ាងពិតប្រាកដ៕