ខ្មែរប៉ុស្ដិ៍ Close

    ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយភាគីពាក់ព័ន្ធដាក់ចេញផែនការសកម្មភាពគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់ ដើម្បីរក្សាសោភ័ណភាពទីក្រុង និងសុខុមាលភាពប្រជាពលរដ្ឋ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 1418

    នារសៀលថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារពាក់ព័ន្ធនឹងគម្រោងនានារបស់អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ។

    កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងពិនិត្យលើគម្រោងនានាដែលកំពុងអនុវត្ត នាពេលបច្ចុប្បន្ន និងនាពេលអនាគត និងរៀបចំរចនាសម្ព័ន្ធមន្ត្រីគ្រប់គ្រង និងមន្ត្រីអនុវត្តគម្រោងឱ្យមានប្រសិទ្ធភាព ដើម្បីធានាឱ្យការអនុវត្តគម្រោងនានាទាក់ទងនឹងការគ្រប់គ្រងប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ប្រព្រឹត្តទៅដោយរលូន មានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។

    ថ្លែងក្នុងកិច្ចប្រជុំនាពេលនោះ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ផែនការសកម្មភាពគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់គឺជាការងារមួយដ៏ធំ និងសំខាន់បំផុត ដែលយើងត្រូវតែយកចិត្តទុកដាក់អនុវត្តឱ្យមានប្រសិទ្ធភាព ដើម្បីរក្សាបាននូវសោភ័ណភាព សុខុមាលភាព និងកំណើនសេដ្ឋកិច្ចជាតិ។

    ឯកឧត្ដមទេសរដ្ឋមន្ត្រីបានបន្តថា បច្ចុប្បន្នក្រសួងមានគម្រោងជាច្រើនជាមួយធនាគារអភិវឌ្ឍន៍អាស៊ី និងធនាគារពិភពលោក ដែលត្រូវពន្លឿនក្នុងការអនុវត្ត ឱ្យស្របតាមផែនការសកម្មភាពរបស់ក្រសួង និងផែនការអភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាល ដើម្បីសម្រេចឱ្យបាននូវសោភ័ណភាពទីក្រុង(ទីក្រុងបៃតង) និងភាពទាក់ទាញ។

    ឯកឧត្ដមទេសរដ្ឋមន្ត្រីបានឱ្យដឹងថា ផែនការមេគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់នៅខេត្តព្រះសីហនុត្រូវបានរៀបចំរួចហើយ ហើយស្ថានីយបូមទឹកកខ្វក់ទាំងបីស្ថានីយដែលបានសិក្សារួច រួមទាំងការស្ដារអូរប្រឡាយនានាត្រូវពន្លឿនការសាងសង់ និងស្ដារឱ្យបានលឿនបំផុត ដើម្បីរក្សាបាននូវកំណើនទេសចរថែមទៀតចូលទៅទស្សនានៅខេត្តជាប់សមុទ្រមួយនេះ។

    ជាមួយគ្នានោះដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គនាយកដ្ឋាននេះ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី និងពេលវេលាក្នុងការអភិវឌ្ឍវិស័យនេះឲ្យមានការរីកចម្រើនថែមមួយកម្រិតទៀត។

    ឯកឧត្តមទេសរដ្ឋមន្ត្រី បានផ្ដាំផ្ញើឱ្យថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានថ្មីនេះ ជួបពិភាក្សាឱ្យបានញឹកញាប់ថែមទៀត ដើម្បីសិក្សាស្រាវជ្រាវពីបច្ចេកទេសថ្មីៗ បទដ្ឋានគតិយុត្តពាក់ព័ន្ធ រៀបចំក្រុមការងារគ្រប់គ្រង ក្រុមការងារអនុវត្តផ្ទាល់ និងសហការគ្នាអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ដើម្បីរក្សាបាននូវសោភ័ណភាព សុខុមាលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ៕

    អត្ថបទទាក់ទង