អង្គការសមាគមអភិរក្សសត្វព្រៃ បន្តអភិរក្សសត្វទោចថ្ពាល់លឿង ១២០០ក្បាល នៅដែនជម្រកសត្វព្រៃកែវសីមា
ដែនជម្រកសត្វព្រៃកែវសីមា គឺជាទីជម្រកដ៏សំខាន់សម្រាប់សត្វទោចថ្ពាល់លឿង ទាំងនៅប្រទេសកម្ពុជា និងសកលលោក។ បច្ចុប្បន្នសត្វទោចថ្ពាល់លឿង ប្រមាណជាង១២០០ក្បាលកំពុងរស់នៅក្នុងតំបន់នោះ។
ក្រុមការងារស្រាវជ្រាវសត្វព្រៃរបស់អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានឱ្យដឹងថា ចំនួនសត្វទោចថ្ពាល់លឿងនេះមានប្រហាក់ប្រហែលគ្នា ធៀបនឹងឆ្នាំមុនហើយគេរំពឹងថានឹងមានការកើនឡើងទៀតទៅថ្ងៃខាងមុខបើប្រជាសហគមន៍ចូលរួមអភិរក្ស និងការពារតំបន់នេះពីការកាប់ឈើខុសច្បាប់ ការរុករានធ្វើដីកសិកម្ម និងការបរបាញ់ខុសច្បាប់។
សត្វទោចថ្ពាល់លឿង គឺជាប្រភេទសត្វរងគ្រោះជិតផុតពូជនៅលើសកលលោក ដែលស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN។ គេប្រទះឃើញវត្ដមានរបស់ទោចថ្ពាល់ លឿងរស់នៅតំបន់ភាគខាងកើតទន្លេមេគង្គដូចជានៅភាគឦសាន្ដប្រទេសកម្ពុជា ប្រទេស វៀតណាមភាគខាងត្បូង និង ភាគខាងត្បូងប្រទេសឡាវ។
លោក សូត្រ វ៉ាន់ឌឿន ប្រធានក្រុមស្រាវជ្រាវសត្វព្រៃប្រចាំដែនជម្រក សត្វព្រៃកែវសីមារបស់អង្គការ WCS បានឱ្យដឹងនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ នេះថា នេះជាដំណឹង ល្អមួយក្រោយពីមានការតាមដានរកឃើញថាចំនួនរបស់សត្វទោច ថ្ពាល់លឿងនៅដដែល។ សត្វទោចថ្ពាល់លឿងប្រមាណជាង ១ ២០០ ក្បាលកំពុងរស់នៅ ក្នុងដែលជម្រកសត្វព្រៃកេវសីមា។ វាពិតជាមានសារៈសំខាន់ក្នុងការបន្តការអភិរក្សពួកវា ដែលជាប្រភេទសត្វរងគ្រោះជិតផុតពូជលើសកលលោក។ “ចំនួនរបស់ពួកវាបានធ្លាក់ ចុះយ៉ាងឆាប់រហ័សក្នុងប៉ុន្មានទសវត្សរ៍កន្លងមកនេះដោយសារការរុករានដីធ្វើកសិកម្ម និងការកាប់ឈើខុសច្បាប់”។
សត្វទោចថ្ពាល់លឿងចូលចិត្តរស់នៅលើដើមឈើខ្ពស់ៗ ចិញ្ចឹមជីវិតដោយស៊ីស្លឹកឈើ និងផ្លែឈើជាចំណីអាហារ និងតែងតែបញ្ចេញសំឡេ ងឆ្លើយឆ្លងគ្នាបង្កើតជាចម្រៀងយ៉ាងគ្រលួចនាពេលព្រឹកព្រលឹម។ ភ្ញៀវទេសចរអាចមកទស្សនា និងស្តាប់សំនៀងដ៏ពីរោះរណ្តំរបស់សត្វទោចថ្ពាល់លឿងនៅជំរំ Jahoo Gibbon នៅសហគមន៍អេកូទេសចរណ៍ធម្មជាតិអណ្តូង ក្រឡឹងដែលមានទីតាំងស្ថិតនៅក្នុងភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ សត្វទោចឈ្មោលមានរោមពណ៌ខ្មៅ ហើយថ្ពាល់ទាំងសងខាង មានពណ៌លឿង ចំណែកសត្វទោចញីមានរោមពណ៌លឿងស្លាទុំ។ ពួកវាមានដៃជើងវែងៗ ហើយគ្មានកន្ទុយនោះទេ លើសពីនេះគេកម្រឃើញសត្វទោចចុះមកដីណាស់។ សត្វទោចថ្ពាល់លឿងជាទម្លាប់តែងតែរស់នៅជាក្រុមចាប់ពី២ក្បាលទៅ៥ក្បាល។
លោក សូត្រ វ៉ាន់ឌឿន បានបញ្ជាក់ទៀតថា មេទោចត្រូវចំណាយពេលពពោះ រយៈពេល ២១០ ថ្ងៃ ក្រោយពីកើតកូនហើយយ៉ាងហោចណាស់ ២ ឬក៏ ៣ ឆ្នាំដែរទើប មេទោចថ្ពាល់លឿងមានកូនម្ដងទៀត។ ប្រធានក្រុមស្រាវជ្រាវសត្វព្រៃរូបនេះ បានសង្កេត ឃើញថាប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់អភិរក្សនេះបានយល់ដឹងច្រើនពីសារៈប្រយោជន៍របស់សត្វព្រៃ ហើយពួកគាត់បានចូលរួមយ៉ាងសកម្មក្នុងការអភិរក្សសត្វព្រៃ។ លោកក៏ បានសំណូមពរឱ្យមានការចូលរួមថែរក្សាសត្វព្រៃគ្រប់ប្រភេទទាំងអស់គ្នាដោយបញ្ឈប់ ការបរិភោគសាច់សត្វព្រៃ ៕