សំណង់ប្រាសាទអង្គរវត្តរបស់កម្ពុជា បង្ហាញខ្លួននៅលើទឹកដីប្រទេសមួយ
សំណង់មហាប្រាសាទអង្គរវត្តរបស់កម្ពុជា ត្រូវបានដាក់សម្ពោធជាផ្លូវការ នៅក្នុងសួនកម្សាន្តប្រទេសចិន ឈ្មោះថា Fantawild Asian Legend ស្ថិតនៅទីក្រុង ណាននីង នៃតំបន់ស្វយ័តជនជាតិជ័ងក្វាងស៊ី ។ សួននេះ ទើបនឹងកសាងថ្មី បន្ទាប់ពីបញ្ចប់ពិធីសម្ពោធពិព័រណ៌ចិន-អាស៊ាន នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ ដែលបានបើកឲ្យប្រជាជនចិន ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលទស្សនាកំសាន្ត ខណៈសួននេះមានភាពទាក់ទាញ់ខ្លាំងណាស់ សម្រាប់ប្រជាជនចិន និងភ្ញៀវទេសចរណ៍អន្តរជាតិនានា ដែលទៅកំសាន្តប្រទេសចិន ពិសេសតំបន់ស្វយ័តជនជាតិជ័ងក្វាងស៊ីនេះ។ នេះបើតាមប្រភពហ្វេសបុករបស់សម្ដេច ហ៊ុន សែន។
អ្វីដែលជាការចាប់អារម្មណ៍ និងទាក់ទាញបំផុតនោះ គឺការរៀបចំតុបតែងនូវ ក្បូរក្បាច់រចនានូវមហាប្រាសាទអង្គវត្ត របស់ព្រះរាជាណាចក្រកម្ពុជា ពោលគឺគោលបំណងនៃការការបង្កើតសួនកំសាន្តនេះ គឺដើម្បីបង្ហាញពីអរិយធម៌ និងទំនៀបទំលាប់ប្រពៃណីសាសនា របស់បណ្តាប្រទេសក្នុងតំបន់អាស៊ាន និងប្រទេសចិន។
សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី បានចាត់ទុក នោះគឺជាស្នាដៃសិល្បៈថ្មីមួយទៀត ដែលបង្ហាញឲ្យឃើញពីការចាប់អារម្មណ៍ពីសំណាក់មនុស្ស ជំនាន់ក្រោយ ពិសេសការសិក្សាស្រាវជ្រាវទៅនឹងប្រវត្តិនៃការកសាងអាណាចក្រអង្គរដ៏ល្បីល្បាញ របស់ព្រះរាជាណាចក្រកម្ពុជា៕