ខ្មែរប៉ុស្ដិ៍ Close

មកស្គាល់អតីត​អគារ​សាលា​ខេត្ត​បាត់ដំបង​ ដែល​មាន​អាយុកាលជាង ១០០ឆ្នាំ​

ដោយ៖ ទី និរន្ដ ​​ | ថ្ងៃពុធ ទី១២ ខែកញ្ញា ឆ្នាំ២០១៨ វប្បធម៌ & ប្រវត្តិសាស្រ្ដ 105
មកស្គាល់អតីត​អគារ​សាលា​ខេត្ត​បាត់ដំបង​ ដែល​មាន​អាយុកាលជាង ១០០ឆ្នាំ​ មកស្គាល់អតីត​អគារ​សាលា​ខេត្ត​បាត់ដំបង​ ដែល​មាន​អាយុកាលជាង ១០០ឆ្នាំ​

អតីត​អគារ​សាលា​ខេត្ត​បាត់ដំបងនេះ​ ត្រូវ​បាន​កសាង​ឡើង​នៅ​ក្នុង​សម័យ​លោក​ម្ចាស់​កថាថន ឈុំ​ ពេលដែល​​ខេត្ត​បាត់ដំបង​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ថៃ ពី​ឆ្នាំ​១៧៩៥ ដល់​១៩០៧​ (លោក​ម្ចាស់​កថាថន ឈុំ​ គឺជាពូជពង្សរបស់ចៅហ្វាបែន ដែលបាន​គ្រប់គ្រង​ខេត្ត​បាត់ដំបង ​រហូត ៥ ជំនាន់តៗគ្នា)។​

ក្នុង​ឆ្នាំ​១៩០៥​ ស្ដេច​ត្រាញ់ កថាថន ឈុំ បាន​ជួល​ស្ថាបត្យករ​អ៊ីតាលី​ពី​ទីក្រុង​បាងកក​ឲ្យ​មក​សាងសង់​អគារ​នេះ​ឡើង​សម្រាប់​ធ្វើ​ជា​លំនៅឋានផ្ទាល់​ខ្លួន​ ប៉ុន្តែ​ដោយ​ក្នុង​ឆ្នាំ​១៩០៧ ពេលដែល​បារាំង​ទាមទារ​បាន​ខេត្ត​ទាំង​បី​ រួម​មាន​ខេត្តបាត់ដំបង សិរីសោភណ្ឌ (ស្វាយស៊ីសុផុន) និងអង្គរ (សៀមរាប) ពី​ថៃ​មក​ឲ្យ​កម្ពុជា​វិញ ស្ដេចត្រាញ់​រូប​នេះ​ក៏​បាន​លក់​លំនៅឋាន​របស់​លោក​ទាំង​អស់ រួម​ទាំង​អាគារ​​នេះ​ផង ដែល​លោក​មិន​ទាន់​បាន​រស់​នៅ​នៅ​ឡើយ ឲ្យ​មក​អាជ្ញាធរ​បារាំង​ទាំង​អស់។​ ហើយ​អគារ​នេះ​ក៏​ត្រូវ​បាន​ប្រើប្រាស់​ធ្វើជាកន្លែងធ្វើការ និងកន្លែងស្នាក់នៅរបស់មន្ត្រីជាន់ខ្ពស់បារាំង​ និង​​ក្រោយ​មក​ជា​សាលារដ្ឋ​បាល​របស់​​ខេត្ត​បាត់ដំបង​ រហូត​មក​ដល់​ឆ្នាំ​២០០៥។​

បច្ចុប្បន្ន​អាជ្ញាធរ​របស់​ខេត្តបាត់ដំបង​បានរៀបចំ​អតីត​អគារ​សាលាខេត្ត​​នេះឲ្យទៅជា​សា​រ​មន្ទីរ​​បេ​តិក​ភ័ណ​របស់​ខេត្ត​ ​ដើម្បី​ឲ្យ​​ភ្ញៀវ​ជាតិ​ ​និង​អន្តរជាតិ​ចូល​ទស្សនា​កម្សាន្ត​ ដោយ​មាន​​ការដាក់​តាំង​រូបភាព ទស្សនីយភាព​ផ្សេងៗ​ដែល​កើតឡើង​ក្នុងសម័យ​គ្រប់គ្រង​ដោយ​លោក​ម្ចាស់​នីមួយៗ​រហូតដល់​ឆ្នាំ​១៩០៧ និង​ក្នុងសម័យ​អាណានិគមនិយម​បារាំង ប្រវត្តិ​នៃ​ការដឹកនាំ​ខេត្តបាត់ដំបង​និង​រូបថត​អភិបាលខេត្ត​ពី​សម័យ​អាណានិគមនិយម​បារាំង​រហូតដល់​បច្ចុប្បន្ន ក្រៅពីនេះ​រៀបចំ​ដាក់តាំង​នូវ​វត្ថុ​បុរាណ រូបចម្លាក់ រូបភាព​សិ​ល្បៈ បញ្ចូល​សម្លេង​និង​រូបភាព​ដោយ​រៀបរាប់​ប្រវត្តិ​ខ្លីៗ​តាម​ប្រវត្តិកាល​នីមួយៗ​ជា​ភាសា​ខ្មែរ អង់គ្លេស​ឬ​ភាសា​បារាំង​ផងដែរ​។​


និយាយ​ពីលោក​ម្ចាស់​កថាថន ឈុំ​ វិញ​ ​ពេល​ដែល​ផ្លាស់​ទៅ​រស់​នៅ​ក្នុង​ខេត្ត Prachin Buri ប្រទេស​ថៃ ក្នុង​ឆ្នាំ​១៩០៩​ លោក​បាន​សាងសង់​លំនៅឋាន​​ថ្មី​មួយ​ទៀត​ ដែល​ស្ទើរតែ​​ដូច​គ្នា​បេះបិទ​នឹង​អាគារ​ចាស់​នៅ​ខេត្តបាត់ដំបងនេះ​​ដែរ លើក​លែង​តែ​ហោជាង​ខាង​មុខ​បន្តិច​ ​ព្រោះ​សូម្បី​តែ​ជាង​ចម្លាក់​ក៏លោក​​ជួល​ពី​អ្នក​ធ្លាប់​ឆ្លាក់​នៅ​ផ្ទះ​ចាស់​របស់​លោកមក​ដែរ។​

Chaophraya Abhaibhubejhr Hospital នៅប្រទេសថៃ

អគារ​នោះ​មាន​ឈ្មោះ​ថា Chaophraya Abhaibhubejhr​ បច្ចុប្បន្ន​វា​ត្រូវ​បាន​ប្រើប្រាស់​​ជា​មន្ទីរ​ពេទ្យ​ខេត្ត ប្រាជិនបុរី (Prachin Buri) និង​ក្រោយ​មក​បាន​ប្ដូរ​ឈ្មោះ​ទៅ​ជាមន្ទីរពេទ្យមួយឈ្មោះ ចៅពញាអភ័យភីបេស (Chaophraya Abhaibhubejhr Hospital) វិញ។

អត្ថបទដោយ៖ ទី សារឿន

Chaophraya Abhaibhubejhr Hospital នៅប្រទេសថៃ

​កាលប្រែប្រួលអគារ​សាលាខេត្តពី​អតីត

រូបសំណាកស្តេចត្រាញ់ ប្រចាំខេត្តបាត់ដំបង កថាថន ឈុំ
លោកម្ចាស់កថាថន ឈុំ

អត្ថបទទាក់ទង