តុលាការអន្តរជាតិ ICC មិនញញើតនឹងការគំរាមរបស់សហរដ្ឋអាមេរិកឡើយ ដោយប្តេជ្ញាបន្តដំណើរការស៊ើបអង្កេតទៅមុខទៀត!
តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ដែលមានមូលដ្ឋាននៅទីក្រុងឡាអេ នៃប្រទេសហូឡង់នោះបានប្រកាសថា ការស៊ើបអង្កេតលើបទឧក្រិដ្ឋកម្មសង្គ្រាមបង្កឡើងដោយសហរដ្ឋអាមេរិក នឹងនៅតែបន្តទៅមុខជានិច្ច ទោះបីជាមហាអំណាចលេខ ១ លើពិភពលោកមួយនេះ បាននិយាយគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ មកលើស្ថាប័នស្វែងរកយុត្តិធម៌របស់អន្តរជាតិមួយនេះ យ៉ាងណាក៏ដោយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The Guardian នាល្ងាចថ្ងៃអង្គារ ទី១១ ខែកញ្ញា ឆ្នាំ២០១៨។
បន្ទាប់ពីទទួលបានការព្រមានធ្ងន់ៗដោយលោក ចន បូលតុន (John Bolton) ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកនោះ នៅថ្ងៃអង្គារនេះតុលាការអន្តរជាតិ ICC បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបញ្ជាក់ពីជំហរយ៉ាងខ្លី និងច្បាស់លាស់របស់ខ្លួនថា «តុលាការនេះមិនមានការភិតភ័យ ឬមួយក៏ត្រូវបានរារាំង នៅក្នុងការបំពេញតួនាទីជាលក្ខណៈសកល របស់ខ្លួននោះឡើយ…»។
គួរបញ្ជាក់ថា នារយៈពេលប៉ុន្មានចុងក្រោយនេះ សហរដ្ឋអាមេរិកបានបង្ហាញកំហឹងក្រេវក្រោធយ៉ាងខ្លាំង ធ្វើឲ្យអន្តរជាតិមានការភ្ញាក់ផ្អើល ក៏ដោយសារតែតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC កំពុងតែព្យាយាមបើកការស៊ើបអង្កេត លើសំណុំរឿងចោទប្រកាន់ថា សហរដ្ឋអាមេរិកបានប្រព្រឹត្តបទឧក្រិដ្ឋសង្រ្គាម នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដោយសហរដ្ឋអាមេរិកបានគំរាមជាសាធារណៈថា នឹងចាប់ខ្លួន ព្រមទាំងដាក់ទណ្ឌកម្មលើចៅក្រម និងក្រុមមន្ត្រីនៃតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC បើសិនជាតុលាការអន្តជាតិមួយនេះហ៊ានធ្វើផ្ទុយនឹងការព្រមាននេះមែន៕