បុរសម្នាក់ត្រូវបានអាជ្ញាធរឃាត់ខ្លួនអោយលោកស្រោចទឹកហើយ បន្ទាប់ពីហុតឈាមឆ្កែ និងមាន់ទាំងរស់
កំពង់ចាម៖ ថ្មីៗនេះ មានបុរសម្នាក់ បានក្លាយជាបិសាច ដោយចាប់ ឆ្កែ ឆ្មា មាន់ហែក ស៊ី ហុតឈាមទាំងរស់ បង្កអោយមានការភ្ញាក់ផ្អើលកាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ១៩និង៣០នាទី នៅភូមិកោះចិនលើ ឃុំកំពង់រាប ស្រុកកោះសូទិន ខេត្តកំពង់ចាម។
ប៉ូលិសបានអោយដឹងថា បិសាចជញ្ជក់ឈាមខាងលើមាន ឈ្មោះរុន រាជ ភេទប្រុស អាយុ២៤ឆ្នាំ ជាតិខ្មែរ រស់នៅភូមិកោះចិនលើ ឃុំកំពង់រាប ស្រុកកោះសូទិនខេត្តកំពង់ចាម។
ប្រភពបានអោយដឹងថា មុនពេលកើតហេតុ គេឃើញបុរសចម្លែកម្នាក់នេះ បានផឹកស្រាស្រវឹង ហើយមានសកម្មភាពមិនប្រក្រតី(ខុសពីមនុស្សធម្មតា) ដោយចាប់កូនឆ្កែ ៣ក្បាលហែកស៊ីទាំងរស់ ក្នុងនោះ ស៊ីអស់០២ក្បាល រីឯ០១ក្បាលទៀតខាំស៊ីហែកបំពង់ ក ហុតឈាម(ដាច់ស្បែកសល់តែឆ្អឹង) និងស៊ីគីង្គក់ទាំងរស់ ចំនួន០១ក្បាល មិនតែប៉ុណ្ណោះ ថែមទាំងស៊ីកូនឆ្មារទាំងរស់ ចំនួន ០១ក្បាល។
ប៉ូលិសបានអោយដឹងថា ក្រោយទទួលព័ត៌មាននេះភ្លាម លោក វរសេនីយ៍ឯក អ៊ឹម ឃឿនអធិការ នគរបាលស្រុកកោះសូទិន បានចាត់ឲ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់រាប សហការជាមួយកម្លាំងប្រជាការពារចុះដល់កន្លែងកើតហេតុ។ ពេលឃើញសមត្ថកិច្ចភ្លាម ឈ្មោះរុន រាជ បានរត់គេចខ្លួនបាត់ ហើយសមត្ថកិច្ចនៅចាំតាមដានសកម្មភាពឈ្មោះរុន រាជ បន្តទៀត។ លុះម៉ោងប្រហែល ២១.១៥នាទី ឈ្មោះរុន រាជ បានត្រឡប់មកវិញហើយ ឡើងដេកលើផ្ទះបាត់ទៅ កម្លាំងសមត្ថកិច្ចយើងចាំឃ្លាំមើលសកម្មភាពឈ្មោះ រុន រាជ រហូត។
ប៉ូលិសបានបន្តថា នៅថ្ងៃទី ០៩.០៩.២០១៨ វេលាម៉ោង ៨.០០នាទីសមត្ថកិច្ចបានហៅឈ្មោះរុន រាជ ដើម្បីសាកសួរ តែឈ្មោះរុន រាជ នៅលើផ្ទះដាក់គន្លឹះទ្វារផ្ទះជាប់មិនព្រមចុះមកដីឡើយ កម្លាំងយើងនៅតាមដានបន្តជាប្រចាំ។ នៅវេលាម៉ោង១៤ ថ្ងៃដដែល បិសាចជញ្ជក់ឈាមខាងលើបានចុះពីលើផ្ទះ ចាប់មេមាន់ក្រាបពង ហើយបិទទ្វារដាក់គន្លឹះ ហើយខាំ ក មាន់បឺតឈាមអស់ រួចទម្លាក់មាន់មកដី។
ប៉ូលិសបានបន្តថា នៅម៉ោង ១៥និង៣០នាទី ម្តាយរបស់បុរសចម្លែកខាងលើឈ្មោះ ឆេង អេង អាយុ៤២ឆ្នាំដែលលក់ដូរនៅភ្នំពេញបានត្រឡប់មកដល់ផ្ទះ ហៅ រុន រាជ ជាកូនអោយចុះមក តែពេលនោះរុន រាជ មិនស្គាម្តាយឡើយ។ ប៉ូលិសបន្តថា នៅម៉ោង១៧និង៣០នាទីថ្ងៃដដែល ម្តាយ របស់ រុន រាជបានសំណូមពរដល់សមត្ថកិច្ចជួយចាប់កូន ទោះបីធ្វើយ៉ាងណាក៏ដោយគឺចាប់អោយទាល់តែបាន។ ដោយជិតយប់ផងខ្លាចរុន រាជបង្កភាពមហន្តរាយទៀត សមត្ថកិច្ច បានទម្លាយទ្វារ ចាប់ឈ្មោះ រុន រាជ យកធ្វើតេស្តទឹកនោមរកសារជាតិថ្នាំញៀន តែលទ្ធផលគឺពុំមានជាតិថ្នាំញៀនឡើយ ធ្វើអោយប្រជាពលរដ្ឋនៅទីនោះព្រឺក្បាល បះរោមគ្រប់គ្នា សង្ស័យថារុន រាជត្រូវព្រាយ បិសាចចូលសន្ថិត។ រុន រាជត្រូវអាណាព្យាបាលចាប់ដាក់ច្រវាក់ ហើយរកលោក សង្ឃនិងគ្រូមន្តអាគមស្រោចទឹកព្យាបាល៕