រដ្ឋបាលខេត្តសៀមរាប ផ្ញើសារលិខិតរំលែកមរណទុក្ខចំពោះក្រុមគ្រួសារសពលោកវេជ្ជបណ្ឌិត BEAT RICHNER ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា
សៀមរាប៖ ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត កង កម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តសៀមរាប មានសេចក្តីរន្ធត់តក់ស្លុតឥត ឧបមា ក្រោយពីបានទទួលដំណឹងយ៉ាងក្រៀមក្រំថាលោកវេជ្ជបណ្ឌិត BEAT RICHNER បានទទួលមរណភាពនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ០២ : ៤៥ នាទីព្រឹក ក្នុងជន្មាយុ ៧១ ឆ្នាំ ដោយជរាពាធ។ ក្នុងបរិយាកាសដ៏សែនក្តុកក្តួលនេះ ថ្នាក់ដឹកនាំខេត្តសៀមរាប បានផ្ញើសាររំលែកទុក្ខសម្តែងនូវការសោកស្តាយអាឡោះអាល័យជាអនេក និងសូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំនេះ ជាមួយក្រុមគ្រួសារសព។
មរណភាពរបស់លោកវេជ្ជបណ្ឌិត BEAT RICHNER គឺជាការបាត់បង់ដ៏ធំធេង មិនត្រឹមតែចំពោះក្រុមគ្រួសារប៉ុណ្ណោះទេ តែក៏ជាការបាត់បង់នូវធនធានមនុស្សដ៏សំខាន់មួយរូប ដែលបានលះបង់កម្លាំងកាយចិត្ត ស្ទើរពេញមួយជីវិតលើការងារមនុស្សធម៌សម្រាប់ប្រជាជនកម្ពុជា តាមរយៈការបង្កើតមន្ទីរពេទ្យគន្ធបុប្ផា និងផ្តល់សេវាព្យាបាលដោយពុំគិតថ្លៃសម្រាប់កុមារ ដែលបានរួមចំ ណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យសុខាភិបាលក្នុងព្រះរាជាណាចក្រកម្ពុជា។
សូមគុណបុណ្យព្រះរតនត្រៃ វត្ថុសក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា បារមីថែរក្សាទឹកដីអង្គរ សូមតាមប្រោសប្រទាន សព្វសាធុការពរ ជូនដួងវិញ្ញាណក្ខន្ធរបស់លោក បានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។