ប្រាសាទក្រពុំឈូក ដែលទំនងជាមន្ទីរពេទ្យ១ ក្នុងចំណោមមន្ទីរពេទ្យ១០២ នៅសមយ័អង្គរ
ប្រាសាទក្រពុំឈូក ស្ថិតនៅប្រហែល ១៥០ម ខាងកើតផ្លូវជាតិលេខ៦២ ក្នុងឃុំរំដោះ ស្រុករវាង ខេត្តព្រះវិហារ ដែលមានចម្ងាយប្រមាណ ៤៥ គ.ម ពី ទីរួមខេត្តព្រះវិហារ។ ប្រាសាទ្រពុំឈូក ដែលសាងសង់ពីថ្មបាយក្រៀម និង ថ្មភក់នេះ ត្រូវបានកសាងឡើងក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ នាចុងស.វទី១២ និងដើមស.វទី១៣ តាមលំនាំរចនាបទបាយ័ន ដើម្បីឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនា។
បច្ចុប្បន្នតួប៉មដែលមានកម្ពស់ប្រមាណ ១២ម៉ែត្រ និងកំពែងព័ទ្ធជុំវិញស្ថិតនៅក្នុងលក្ខណៈល្អបង្គួរ លើកលែងតែគោបុរៈនៅទិសខាងកើត គឺបាក់បែកស្ទើរទាំងស្រុង។
បើផ្អែកតាមការសិក្សារស្រាវជ្រាវពីអ្នកបុរាណវិទ្យា ប្រាសាទក្រពុំឈូក គឺជាសំណង់ប្រាសាទមិនទាន់សម្រេចចប់សព្វគ្រប់ ដោយផ្អែកតាមការធ្វើកំណាយទៅលើតំបន់នៃប្រាសាទទាំងមូលឃើញថា សរសរពេជ្រ ផ្តែរ និងទ្វារចូលទៅក្នុងប្រាសាទ គឺនៅមិនទាន់មានការដាប់ ឬឆ្លាក់រចនាលម្អអ្វីនោះឡើយ។
ចំពោះមូលហេតុដែលបណ្តាលឲ្យមានការអាក់ខាន ទៅលើការសាងសង់នៃប្រាសាទក្រពុំឈូក អាចបង្កមកពីសង្រ្គាម និងការផ្លាស់ប្តូររបបគ្រប់គ្រងរបស់រាជា នាសម័យនោះ។
តាមរយៈអ្នកស្រាវជ្រាវខ្លះបានលើកឡើងថា ប្រាសាទនេះទំនងជាមន្ទីរពេទ្យ១ នៅក្នុងចំណោម១០២ នៃមន្ទីរពេទ្យសមយ័អង្គរ។
បច្ចុប្បន្នប្រាសាទក្រពុំឈូកនេះក៏ជាទីកន្លែងដែលគេជឿថាមានបារមីពូកែស័ក្កសិទ្ធមួយផងដែរ របស់អ្នកស្រុកស្ថិតនៅស្រុករវៀង ខេត្តព្រះវិហារ។
អត្ថបទដោយ៖ ទី សារឿន