ខ្មែរប៉ុស្ដិ៍ Close

អបអរសារទរយុវជនកម្ពុជាទទួលបានមេដាយឆ្នើម (Medallion for Excellence) លើជំនាញចុងភៅក្នុងការប្រកួតជំនាញអាស៊ានលើកទី១២ នៅទីក្រុងបាងកក

ដោយ៖ រៀម វណ្ណា ​​ | ថ្ងៃពុធ ទី៥ ខែកញ្ញា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 5
អបអរសារទរយុវជនកម្ពុជាទទួលបានមេដាយឆ្នើម (Medallion for Excellence) លើជំនាញចុងភៅក្នុងការប្រកួតជំនាញអាស៊ានលើកទី១២ នៅទីក្រុងបាងកក អបអរសារទរយុវជនកម្ពុជាទទួលបានមេដាយឆ្នើម (Medallion for Excellence) លើជំនាញចុងភៅក្នុងការប្រកួតជំនាញអាស៊ានលើកទី១២ នៅទីក្រុងបាងកក

ក្នុងពេលថ្មីៗនេះ ក្រសួងទេសចរណ៍ បានចូលរួមដឹកនាំយុវជនកម្ពុជាចំនួន ៤រូប ជំនាញសេវាកម្មភោជនីយដ្ឋាន ២រូប និងជំនាញចុងភៅ ២រូប ចូលរួមប្រកួតជំនាញអាស៊ានលើកទី ១២ ចាប់ពីថ្ងៃទី២៦ ខែសីហា ដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុងបាងកក ប្រទេសថៃ។ ជាលទ្ធផលគួឲ្យមោទនៈយុវជនជំនាញចុងភៅឈ្មោះ ឡាំ រិទ្ធី ជាសិស្សមកពីសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល ខេត្តសៀមរាប ទទួលបានជ័យជំនះមេដាយឆ្នើម (Medallion for Excellence) ក្នុងចំនោមបេក្ខជន ២០រូបមកពី ១០ប្រទេស និងទទួលបានជាបេក្ខជនមានពិន្ទុខ្ពស់ជាងគេរបស់កម្ពុជា (Best of Nation) នាឱកាសកម្មវិធីប្រកួតជំនាញអាស៊ានលើកទី១២ (12th ASEAN Skills Competition)។ 

ការប្រកួតជំនាញអាស៊ាននេះ ប្រព្រឹត្តទៅរៀងរាល់ ២ឆ្នាំម្តង ក្នុងគោលបំណងដើម្បីលើកកម្ពស់ជំនាញវិជ្ជាជីវៈ និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ាន សំដៅអភិវឌ្ឍធនធានមនុស្ស និងជំនាញវិជ្ជាជីវៈស្របតាមតម្រូវការទីផ្សារការងារ និងការប្រែប្រួលនូវបច្ចេកវិទ្យា ក្នុងយុគ្គសម័យបដិវត្តឧស្សាហកម្ម ៤.០។

សូមរំលឹកផងដែរថា កន្លងមកក្រសួងទេសចរណ៍កម្ពុជា បានបញ្ជូនយុវជនកម្ពុជាចូលរួមប្រកួតជំនាញអាស៊ានចំនួន ៣លើក ដោយទទួលបានលទ្ធផលដូចខាងក្រោម៖

១. ឆ្នាំ២០១២៖ ប្រកួតជំនាញអាស៊ានលើកទី៩ នៅទីក្រុងចាកាតា ប្រទេសឥណ្ឌូណេស៊ី ទទួលបានមេដាយឆ្នើម (Medallion of Excellence) ១រូប លើជំនាញចុងភៅ សិស្សមកពីសាលាទេសចរណ៍ និងបដិសណ្ឋារកិច្ច ប៉េ អេស អឺ។

២. ឆ្នាំ២០១៤៖ ប្រកួតជំនាញអាស៊ានលើកទី១០ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ទទួលបានមេដាយឆ្នើម (Medallion of Excellence) ២រូប លើជំនាញចុងភៅ សិស្សមកពីសាលាទេសចរណ៍ និងបដិសណ្ឋារកិច្ច ប៉េ អេស អឺ និងសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយ ប្រ៊ូល ខេត្តសៀមរាប។

៣. ឆ្នាំ២០១៦៖ ប្រកួតជំនាញអាស៊ានលើកទី១១ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ទទួលបានមេដាយឆ្នើម (Medallion of Excellence) ២រូប លើជំនាញសេវាកម្មភោជនីយដ្ឋាន សិស្សមកពីសាលាទេសចរណ៍ និងបដិសណ្ឋារកិច្ច ប៉េ អេស អឺ។

សមិទ្ធផលខាងលើនេះ ជាកិច្ចខិត្តខំប្រឹងប្រែងក្នុងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ស្របតាមផែនការយុទ្ធសាស្ត្រដែលបានដាក់ចុះ សំដៅសម្រេចនូវចក្ខុវិស័យដូចខាងក្រោម៖

-ឆ្នាំ២០២០: ក្រសួងទេសចរណ៍ និងភាគីពាក់ព័ន្ធត្រូវសហការចូលរួមបង្កើតការងារផ្ទាល់ឲ្យបានប្រមាណ ១លាននាក់ ហើយត្រូវជំរុញឲ្យអ្នកជំនាញយ៉ាងតិច ៥០% ត្រូវមានវិញ្ញាបនបត្រ ឬសញ្ញាបត្របញ្ជាក់សមត្ថភាពស្របតាមស្តង់ដាជាតិ និងអាស៊ានតាមរយៈការបណ្តុះបណ្តាល ឬការវាយតម្លៃសមត្ថភាព។

-ឆ្នាំ២០២៥: ក្រសួងទេសចរណ៍ និងភាគីពាក់ព័ន្ធត្រូវសហការចូលរួមបង្កើតការងារផ្ទាល់ឲ្យបានប្រមាណ ១,២លាននាក់ និងត្រូវសម្រេចឲ្យបានយុទ្ធនាការ “បុគ្គលិកម្នាក់ ជំនាញមួយ” ពោលគឺជំរុញឲ្យអ្នកជំនាញទេសចរណ៍ទាំងអស់ (១០០%) ឲ្យមានវិញ្ញាបនបត្រ ឬសញ្ញាបត្របញ្ជាក់សមត្ថភាពស្របតាមស្តង់ដាជាតិ និងអាស៊ាន។

-ឆ្នាំ២០៣០: ក្រសួងទេសចរណ៍ និងភាគីពាក់ព័ន្ធត្រូវសហការចូលរួមសម្រេចឲ្យបានគោលដៅអភិវឌ្ឍប្រកបដោយនិរន្តរភាព SDG4: «ធានាឲ្យបាននូវការអប់រំបណ្តុះបណ្តាល ប្រកបដោយគុណភាព សមធម៌ និងបរិយាបន្ន ព្រមទាំងលើកកម្ពស់ឱកាសសិក្សាពេញមួយជីវិត (Long Life Learning) ដល់ជនគ្រប់រូប» និង SDG8: «ជំរុញកំណើនសេដ្ឋកិច្ច និងការងារសមរម្យដល់ជនគ្រប់រូប» ក្នុងវិស័យទេសចរណ៍កម្ពុជា តាមរយៈការអភិវឌ្ឍមូលធនមនុស្ស ក្រោមបរិបទជាតិ និងតំបន់៕

អត្ថបទទាក់ទង