ខ្មែរប៉ុស្ដិ៍ Close

    ប្រធានាធិបតីចិន ពេញចិត្តចំពោះការដឹកនាំរបស់សម្តេច​តេជោ​​នាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលធ្វើឱ្យកម្ពុជាមានសន្តិភាពនិងស្ថេរភាពនយោបាយ

    ដោយ៖ សម ឬទ្ធិពល ​​ | ថ្ងៃសៅរ៍ ទី២ ខែធ្នូ ឆ្នាំ២០១៧ ព័ត៌មានទូទៅ 1277
    ប្រធានាធិបតីចិន ពេញចិត្តចំពោះការដឹកនាំរបស់សម្តេច​តេជោ​​នាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលធ្វើឱ្យកម្ពុជាមានសន្តិភាពនិងស្ថេរភាពនយោបាយប្រធានាធិបតីចិន ពេញចិត្តចំពោះការដឹកនាំរបស់សម្តេច​តេជោ​​នាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលធ្វើឱ្យកម្ពុជាមានសន្តិភាពនិងស្ថេរភាពនយោបាយ

    នៅរសៀលថ្ងៃទី០១ ខែធ្នូ ២០១៧ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញជួបពិភាក្សាការងារកម្រិតខ្ពស់ជាមួយឯកឧត្តម​ប្រធានាធិបតីចិន ស៊ី ជីនពីង នៅមហាវិមានប្រជាជនចិន។ នៅក្នុងជំនួបថ្ងៃនេះ លោកប្រធានាធិបតីចិន បានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុតដែលបានជួបសន្ទនាដោយផ្ទាល់ជាមួយលោកនាយករដ្ឋមន្រ្តីកម្ពុជា សារជាថ្មី ដែលកាលពីជំនួបលើកមុនគឺនៅក្នុងឆ្នាំ២០១៧ នៅក្នុងវេទិកាស្តីពីផ្លូវមួយខ្សែក្រវ៉ាត់មួយ នៅទីក្រុងប៉េកាំង កាលពីខែឧសភា។

    ឯកឧត្តម​ប្រធានាធិបតី ស៊ី ជីនពីង បានបញ្ជាក់សារជាថ្មីថា សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងកម្ពុជាគឺជាមិត្តចាស់ មិត្តពិតប្រាកដ និងជាមិត្តគួរជាទីទុកចិត្តរបស់ប្រជាជនចិន និងប្រទេសចិន។ ក្នុងពេលបច្ចុប្បន្ននេះ ទំនាក់ទំនងនៃប្រទេសទាំងពីរកម្ពុជា-ចិន គឺមានភាពល្អប្រសើរជាងពេលណាៗទាំងអស់។ មិនតែប៉ុណ្ណោះ ភាគី ទាំងពីរបានបន្តពង្រឹងនិងជំរុញទំនាក់ទំនងល្អរវាងប្រជាជននិងប្រជាជនទៅឱ្យកាន់តែស្អិតរមួតថែមទៀត។ ដោយសារឆ្នាំ២០១៨ គឺជាខួប៦០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរ ភាគីទាំងពីរបានសន្យារៀបចំពិធីឱ្យបានល្អ និងប្តេជ្ញារួមគ្នាពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំខ្លាំងឡើងថែមទៀត។

    សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន សប្បាយរីករាយដោយបានជួប ឯកឧត្តម​ប្រធានាធិបតីចិនសារជាថ្មីម្តងទៀតនៅថ្ងៃនេះ ហើយលោកបានអបអរសាទរសារជាថ្មីជូនចំពោះ លោកប្រធានាធិបតី ស៊ី ជីនពីង ដែលត្រូវបានអង្គមហាសន្និបាតបក្សកុម្មុយនីស្តចិនលើកទី១៩ បោះឆ្នោតជ្រើសតាំងជាអគ្គលេខាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិនសារជាថ្មីទៀត។ ទន្ទឹមនឹងនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើដល់លោកប្រធានាធិបតីធ្វើយ៉ាងណាជួយជំរុញការសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុឱ្យបានចេញជារូបរាងព្រោះផ្លូវនេះ គឺឆ្លើយតបទៅនឹងចក្ខុវិស័យផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ហើយក៏ជាប៉ូលសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។

    ឯកឧត្តម​ប្រធានាធិបតីចិន ពេញចិត្តចំពោះការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលធ្វើឱ្យកម្ពុជាមានសន្តិភាព និងស្ថេរភាពនយោបាយមកទល់សព្វថ្ងៃ។ លោកក៏បានបញ្ជាក់ផងដែរថា ប្រជាជនចិនគោរពស្រឡាញ់សម្តេចតេជោហ៊ុន សែន ហើយបានកំណត់ថា អ្នកដែលមានគុណមកលើប្រទេសចិន គឺមិត្តចិនត្រូវតែសងគុណទៅវិញ ពោលគឺប្រទេសចិននឹងបន្តជួយកម្ពុជាឱ្យកាន់តែរីកចម្រើនទៅមុខ។ ចិនមិនលូកលាន់កិច្ចការផ្ទៃក្នុងកម្ពុជាទេ ហើយមិត្តចិនក៏មិនចង់ឃើញបរទេសណាលូកលាន់កិច្ចការផ្ទៃក្នុងកម្ពុជាដែរ។ ប៉ុន្តែមិត្តចិននឹងបន្តជួយគាំទ្រកម្ពុជាទាំងក្នុងកម្រិតតំបន់ និងកម្រិតអន្តរជាតិដោយគ្មានការងាករេ។ ជាមួយគ្នានេះដែរឯកឧត្តម​ប្រធានាធិបតីចិន នឹងបន្តលើកទឹកចិត្ត និងជំរុញក្រុមហ៊ុនចិនទៅបណ្តាក់ទុនវិនិយោគ នៅកម្ពុជាឲ្យកាន់តែច្រើនឡើងថែមទៀត។

    ទន្ទឹមនឹងនោះ ឯកឧត្តម​ប្រធានាធិបតីចិន បានសន្យានឹងជួយដោះបោសសម្អាតម៉ីន និងគ្រាប់មិនទាន់ផ្ទុះនៅក្នុងប្រទេសកម្ពុជាផងដែរ។ កិច្ចពិភាក្សារវាង ប្រមុខដឹកនាំនៃប្រទេសទាំងពីរគឺបានបញ្ចប់ដោយបរិយាកាសរីករាយស្និទ្ធស្នាល ជាមួយលទ្ធផលល្អ ហើយបានរឹតបន្តឹងនូវចំណងមិត្តភាព និងកិច្ចសហប្រតិបតិការរវាងប្រទេសទាំងពីរកាន់តែល្អរឹងមាំបានមួយកម្រិតធំថែមទៀត៕