Honda មកដល់ល្ងាចមិញ និងត្រៀមបង្វឹកជម្រើសជាតិសម្រាប់ការប្រកួតថ្ងៃខាងមុខនេះ
គ្រូបង្វឹកកីឡាករបាល់ទាត់ជម្រើសជាតិ លោក Keisuke Honda បានមកដល់កម្ពុជាហើយកាលពីវេលាម៉ោងជិត៦ល្ងាចនេះ ដើម្បីដឹកនាំក្រុមជម្រើសជាតិកម្ពុជាហ្វឹកហាត់ផ្ទាល់ត្រៀមប្រកួតមិត្តភាពអន្តរជាតិនាពេលខាងមុខ។
ដំណឹងនៃការមកដល់ដឹកនាំ និងបង្ហាត់ផ្ទាល់របស់គ្រូបង្វឹកជម្រើសជាតិកម្ពុជា Keisuke Honda មិនត្រូវបានគេទម្លាយឲ្យដឹងឡើយ ប៉ុន្តែក៏មានប្រភពព័ត៌មានខ្លះលេចចេញថា រូបគេអាចនឹងមកផ្ទាល់ ស្របពេលក្រុមជម្រើសជាតិកម្ពុជាត្រូវបានប្រមូលថ្ងៃចន្ទ ទី៣ ខែកញ្ញានេះ និងគ្រោងហ្វឹកហាត់នៅល្ងាចថ្ងៃស្អែក។
យ៉ាងណា កាលពីល្ងាចមិញនេះ ស្របពេលដែលគណៈប្រតិភូកីឡាកម្ពុជាត្រឡប់មកពីការប្រកួតកីឡាទ្វីបអាស៊ី ក៏លេចមុខកីឡាករបាល់ទាត់លំដាប់អន្តរជាតិ និងជាគ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជា Honda មានវត្តមានដល់ប្រទេសកម្ពុជាដែរ។
ជាពិសេសទៀតនេះ ល្ងាចស្អែកមុនការហ្វឹកហាត់ Honda ក៏នឹងផ្តល់ឲ្យអ្នកសារព័ត៌មានសម្ភាសន៍មុនពេលចាប់ផ្តើមហ្វឹកហាត់របស់ក្រុមជម្រើសជាតិកម្ពុជាទៀត។ ការហ្វឹកហាត់នេះដើម្បីប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ី នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ខាងមុខនេះនៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ៕