សហគមន៍ទេសចរណ៍ធម្មជាតិត្រាវកុដ្ឋ នឹងអាចក្លាយទៅជាសហគមន៍ទេសចរណ៍វប្បធម៌ និងធម្មជាតិ
ប្រធានសហគមន៍ទេសចរណ៍ធម្មជាតិត្រាវកុដ្ឋ គ្រោងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍មួយនេះឱ្យក្លាយទៅជាសហគមន៍ទេសចរណ៍វប្បធម៌ និងធម្មជាតិ ដែលទាក់ទាញភ្ញៀវទេស ចរបំផុតនៅថ្ងៃអនាគត និងជួយធ្វើឱ្យប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់នេះមានជីវភាពកាន់តែប្រសើរតាមរយៈការទទួលបានចំណូលពីវិស័យទេសចរណ៍។
សហគមន៍ទេសចរណ៍ធម្មជាតិត្រាវកុដ្ឋ ស្ថិតក្នុងឃុំបល្ល័ង ស្រុកប្រាសាទបាគង ខេត្ដសៀមរាប ដែលមានចម្ងាយប្រមាណជា២៤គីឡូម៉ែត្រនៅផ្នែកខាងកើតឆៀងខាងជើងពីក្រុងសៀមរាប បានកំពុងតែទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើន ឱ្យទៅកម្សាន្តតំបន់នេះជារៀងរាល់ថ្ងៃ។
បឹងធម្មជាតិត្រាវកុដ្ឋបានក្លាយជាសហគមន៍ទេសចរណ៍រណបដែលស្ថិតនៅចំកណ្ដាលរវាងក្រុងសៀមរាប និងភ្នំគូលេន ប្រាសាទបន្ទាយស្រី ប្រាសាទបាគង ប្រាសាទបឹងមាលា និងតំបន់អង្គរ។
លោក អ៊ូ បញ្ញា ប្រធានសហគមន៍ទេសចរណ៍ធម្មជាតិត្រាវកុដ្ឋបានឱ្យដឹងកាលពីរសៀលថ្ងៃពុធ ៣រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ថា សហគមន៍ទេសចរណ៍ធម្មជាតិត្រាវកុដ្ឋ គឺមានបឹងធម្មជាតិត្រាវកុដ្ឋ ដែលមានសក្កានុពលស្រាប់ បឹងនេះមានទេសភាពស្អាត ដែលមើលទៅផ្ទៃទឹកជាប់ជើងភ្នំខៀវស្រងាត់។
លោកបានបន្តថា ដើម្បីឱ្យបឹងនេះកាន់តែមានភាពស្រស់ស្អាតសហគមន៍ទេសចរណ៍ធម្មជាតិត្រាវកុដ្ឋ បានសហការជាមួយដៃគូអភិវឌ្ឍន៍ដោយបានរៀបចំឱ្យមានភោជនីយដ្ឋាន និងបូទិចនៅជុំវិញបឹងនេះ និងបានកែលម្អ តុបតែងដោយផ្កាផ្សេងៗដែលរួមចំណែកធ្វើឱ្យ សហគមន៍ទេសចរណ៍មួយនេះ កាន់តែមានភាពទាក់ទាញ។ បច្ចុប្បន្ននេះ សហគមន៍ទេសចរណ៍ធម្មជាតិត្រាវកុដ្ឋ មានកន្លែងកម្សាន្តជាច្រើនដូចជា ការជិះទូកកម្សាន្ត ការជិះកង់លើអាកាស និង ការអង្គុយទទួលទានអាហារនៅមាត់ទឹកស្របខ្យល់បរិសុទ្ធ។
លោក អ៊ូ បញ្ញា បានបញ្ជាក់ថា ដើម្បីឱ្យតំបន់នេះកាន់តែមានភាពទាក់ទាញ លោកនឹង អភិវឌ្ឍន៍សហគមន៍ទេសចរណ៍មួយនេះឱ្យក្លាយទៅជាសហគមន៍ទេសចរណ៍វប្បធម៌ និងធម្មជាតិ ដែលទាក់ទាញភ្ញៀវទេសចរបំផុតនៅថ្ងៃអនាគត និងជួយធ្វើឱ្យប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់នេះមានជីវភាពកាន់តែប្រសើរឡើងតាមរយៈការទទួលបានចំណូលពីវិស័យទេសចរណ៍ ដូចបង្កើតឱ្យមានវង់ទស្សនារបស់ភ្ញៀវទេសចរបន្ថែមទៀតដូចជា កន្លែងមើលថ្ងៃលិច កន្លែងភ្ញៀវជិះរទេះគោ ទស្សនាការដាំបន្លែរបស់ប្រជាពលរដ្ឋ និងបង្កើតឱ្យមានភូមិកសិទេសចរណ៍ជាដើម។ លោកបានបន្តថា បច្ចុប្បន្ននេះសហគមន៍ទេសចរណ៍ធម្មជាតិត្រាវកុដ្ឋ មានភ្ញៀវទេសចរទៅកម្សាន្តក្នុង១ថ្ងៃពី ៥០០នាក់ទៅ១.០០០នាក់ជារៀងរាល់ថ្ងៃ។
លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាបបានឱ្យដឹងថា លោកគំាទ្រចំពោះការរៀបចំសហគមន៍ទេសចរណ៍មួយនេះឱ្យកាន់តែមានភាពទាក់ទាញ ដើម្បីឱ្យប្រជាពលរដ្ឋនៅតាមសហគមន៍ទទួលបានចំណូលដោយផ្ទាល់ពីវិស័យទេសចរណ៍។
លោកប្រធានមន្ទីរទេសចរណ៍បានបន្តថា បច្ចុប្បន្ននេះក្រៅពីប្រាសាទបុរាណ ខេត្តសៀមរាបមាន ផ្ទះស្នាក់បែបបុរាណ ភោជនីយដ្ឋានក្នុងស្រុក ទំនៀមទម្លាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាជន វប្បធម៌ និងសហគមន៍ទេសចរណ៍ជាច្រើនទៀត ដែលភ្ញៀវទេសចរ តែងតែចង់ឈ្វេងយល់ និងទៅដោយផ្ទាល់។ ដើម្បីឱ្យភ្ញៀវទេសចរបានស្គាល់ពីរមណីយដ្ឋានធម្មជាតិជាច្រើន ដែលមាននៅខេត្តសៀមរាបក្រៅពីប្រាសាទបុរាណ អាជ្ញាធរខេត្តបានបង្កើតឱ្យមានផែនទីទេសចរណ៍សៀមរាបក្រៅពីប្រាសាទ ដែលផែនទីនេះបានបង្ហាញអំពីរមណីយដ្ឋានធម្មជាតិទាំងអស់នៅក្នុងខេត្តសៀមរាបឱ្យអ្នកទេសចរបានដឹង ហើយផែនទីនេះបានដាក់ជូនទៅទីភ្នាក់ងារទេសចរណ៍ទាំងអស់ ដើម្បីដាក់បញ្ជូលទៅក្នុងកញ្ចប់ទស្សនាដែលបានលក់ជូនភ្ញៀវទេសចរ ដើម្បីធ្វើយ៉ាងណាឱ្យភ្ញៀវទេសចរបានទៅដល់សហគមន៍៕