ខ្មែរប៉ុស្ដិ៍ Close

លោក អ៊ុ សំអាន ត្រូវបានដោះលែងចេញពីពន្ធនាគារ ក្រោយព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យលើកលែង…………..

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសៅរ៍ ទី២៥ ខែសីហា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 40
លោក អ៊ុ សំអាន ត្រូវបានដោះលែងចេញពីពន្ធនាគារ ក្រោយព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យលើកលែង………….. លោក អ៊ុ សំអាន ត្រូវបានដោះលែងចេញពីពន្ធនាគារ ក្រោយព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យលើកលែង…………..

អតីតតំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិ លោក អ៊ុ សំអាន ត្រូវបានដោះលែងចេញពីពន្ធគារឲ្យមានសេរីភាពវិញហើយ នៅវេលាម៉ោង៤រសៀល ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨នេះ បន្ទាប់ពីខាងពន្ធគារ ទទួលបានដីកាបង្គាប់ឲ្យដោះលែងពីសាលាដំបូងរាជធានីភ្នំពេញ។

ការសម្រេចដោះលែង លោក អ៊ុ សំអាន បានធ្វើឡើងបន្ទាប់ពីព្រះមហាក្សត្រនៃកម្ពុជា ព្រះករុណា ព្រះបាទ ព្រះមរបនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់លើកលែងទោស នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨នេះ តាមសំណើរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ។

ព្រះរាជក្រឹត្យត្រាស់បង្គាប់ មាត្រា១៖ ត្រូវបានលើកលែងទោសឲ្យទណ្ឌិតឈ្មោះ អ៊ុ សំអាន ភេទប្រុស អាយុ៤០ឆ្នាំ ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ (បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម) និងបទញុះញង់ឲ្យមានការរើសអើងតាមអំណាចសាលដីកាលេខ ៥៤ ចុះថ្ងៃទី០៩ ខែ០២ ឆ្នាំ២០១៨ របស់តុលាការកំពូល»។

ដីការបស់តុលាការបានបញ្ជាក់ថា «តាមអំណាចព្រះរាជក្រឹត្យខាងលើ ឈ្មោះ អ៊ុ សំអាន កើតថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៧៦ ត្រូវបានលើកលែងទោស» គប្បីធ្វើការដោះលែងឲ្យមានសេរីភាពវិញ។

គួរបញ្ជាក់ថា លោក អ៊ុ សំអាន ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅខេត្តសៀមរាប កាលពីយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ បន្ទាប់ពីលោកត្រឡប់ពីសហរដ្ឋអាមេរិក មកដល់ប្រទេសកម្ពុជា តាមច្រកព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប។

លោក អ៊ុ សំអាន ត្រូវបានតុលាការចេញដីកាចុះថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ (លេខ៥៤) សម្រេចផ្តន្ទាទោស ដាក់ពន្ធនាគាររយៈពេល២ឆ្នាំ៦ខែ និងពិន័យជាប្រាក់ចំនួន៤លានរៀល ក្រោមការចោទប្រកាន់ចំនួន ពីរបទល្មើសគឺបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»(បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម) និងបទ «ញុះញង់ឱ្យមានការរើសអើង» តាមមាត្រា៤៩៥ និង ៤៩៦ នៃក្រមព្រហ្មទណ្ឌដែលប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ និងព្រះរាជាណាចក្រកម្ពុជា កាលពីអំឡុងឆ្នាំ២០១៥ រហូតដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ តាមរយៈការសរសេរ និងអត្ថាធិប្បាយ ចោទប្រកាន់រាជរដ្ឋាភិបាលពាក់ព័ន្ធផែនទីសន្ធិសញ្ញាព្រំដែនកម្ពុជាវៀតណាម។ លោកត្រូវបានតុលាការសម្រេចឃុំខ្លួន នៅក្នុងពន្ធនាគារព្រៃស ដើម្បីអនុវត្តទោស ៕

អត្ថបទទាក់ទង