ខ្មែរប៉ុស្ដិ៍ Close

ប្រាសាទធំ នៅ​​កោះ​​កេរ ក្នុង​​ជំនឿ​​ខ្មែរ​​ស្ថិត​នៅ​ក្នុង​ភាព​អាថ៍កំបាំង

ដោយ៖ ទី និរន្ដ ​​ | ថ្ងៃសុក្រ ទី២៤ ខែសីហា ឆ្នាំ២០១៨ វប្បធម៌ & ប្រវត្តិសាស្រ្ដ 82
ប្រាសាទធំ នៅ​​កោះ​​កេរ ក្នុង​​ជំនឿ​​ខ្មែរ​​ស្ថិត​នៅ​ក្នុង​ភាព​អាថ៍កំបាំង ប្រាសាទធំ នៅ​​កោះ​​កេរ ក្នុង​​ជំនឿ​​ខ្មែរ​​ស្ថិត​នៅ​ក្នុង​ភាព​អាថ៍កំបាំង

​ដូច​ប្រាសាទ​ផ្សេងៗដែរ ប្រាង្គ​ប្រាសាទខ្មែរ​ដែល​ស្ថិតនៅ​ភូមិ​កោះ​កេរ ឃុំ​ស្រយង់ ស្រុក​គូលែន ខេត្តព្រះវិហារ ត្រូវបាន​អ្នកស្រុក​ទទួលស្គាល់ថា ជា​កន្លែង​ស័ក្តិសិទ្ធិ​អស្ចារ្យ ព្រោះ​នៅទីនោះ មាន​បារមី​ដ៏​សែនមាន​មហិទ្ធិឫទ្ធិ​។ ដោយសារហេតុនោះហើយ ទើបបានជា​ម្តងម្កាល​អ្នកស្រុក​ជិត​ឆ្ងាយ​រមែងតែ​ជួបជុំ​ប្រមូល​ផ្តុំគ្នា​មក​បន់ស្រន់នៅប្រាសាទ​កោះ​កេរនេះ។​

​តាម​ប្រពៃណី​ដែល​ធ្លាប់មាន​ពី​បុរាណ​មក អ្នកស្រុកអ្នក​ភូមិ​ជិត​ឆ្ងាយ​ចាត់ទុកថា កំពូល​ប្រាសាទធំ​នៃ​ក្រុម​ប្រាសាទ​កោះ​កេរ គឺជា​កន្លែង​មហា​ស័ក្តិសិទ្ធិ​អស្ចារ្យ ដោយហេតុថា នៅ​ទី​ណោះ​មាន​រូប​សិង្ហ​បួន ឈរ​ទូល​លិង្គ​មួយ​ដ៏​ធំ​មហិមា ធ្វើ​អំពី​លោហៈ ដែល​សព្វថ្ងៃ​ត្រូវ​បាត់បង់​ទៅ​។ ម្យ៉ាងវិញទៀត ភាព​ស័ក្តិសិទ្ធិ គឺ​បណ្តាលមកពី​នៅក្រោម​លិង្គ​នោះ មាន​រន្ធ​អាថ៌កំបាំង​មួយ​ធំ​ដែល​គេ​អាច​ចុះទៅ​ដល់​បាត​ប្រាសាទ​។​

​​សូម​រំ​លឹ​កថា ប្រាសាទធំ មាន​រាង​ជា​សាជី ដូច​ពីរ៉ាមីត​នៅ​ប្រទេស​អេ​ហ្សី​ប ក៏ប៉ុន្តែ​ភាពខុសគ្នា​គឺ​កោះ​កេរ ជាសំណង់​ស្ថាបត្យកម្ម​ធ្វើ​អំពី​ថ្មភក់ ហើយ​មាន​សណ្ឋាន​ជា​ថ្នាក់ៗ រីឯ​ប្រទេស​អេ​ហ្សី​ប​វិញ ធ្វើ​អំពី​ឥដ្ឋ​ដុត​។ ​ម្យ៉ាងវិញទៀត នៅលើ​កំពូល​ប្រាសាទខ្មែរ មាន​លិង្គ​ធំ​មួយ​ទ្រ​ដោយ​នរសិង្ហ​ចំនួន៤​។ ប្រាសាទធំ​ដ៏​មានបុណ្យ​បារមី​នេះ មាន​បណ្តោយ ៧០​ម៉ែត្រ ទទឹង ២២,៥៨ និង​កំពស់​ប្រមាណ​ជា ៣៥​ម៉ែត្រ ហើយ​ស្ថិតនៅ​ចំ​កណ្តាល​កំពែង​មួយ​ដ៏​ធំ​អស្ចារ្យ​។ ហើយ​បើ​យោងតាម​ខ្លឹមសារ​នៃ​សិលាចារឹក យើង​ក៏​អាច​ដឹង​ទៀតថា ប្រាសាទ​នេះ​ត្រូវបាន​កសាងឡើង​នៅ​ស​.​វ​ទី​១០ ដោយ​ព្រះបាទ​ជ័យ​វរ្ម័នទី​៤ ហើយ​ជា​ប្រាសាទ​រាជ​ខុសពី​ប្រាសាទ​ដទៃ​ឯទៀត ដែលជា​ឧបសម្ព័ន្ធ ដែលមាន​ចំនួន​មិនតិចជាង​៣០ នោះទេ​។

​ដូច​ពោល​ខាងលើ ប្រាសាទធំ​នេះ ដែល​នៅ​ចំ​កណ្តាល មាន​រន្ធ​ធំ​មួយនោះ មានរឿង​ព្រេង​ពាក់ព័ន្ធ​មួយចំនួន គួរ​ឲ្យ​ចាប់អារម្មណ៍​។ ឧទាហរណ៍​អ្នកស្រុក​ចាស់ៗ​នៅទីនេះ​បាន​និយាយ​តៗ​គ្នា​ថា នា​សម័យ​អាណានិគម​បារាំង មាន​ទា​ហា​នជាច្រើន​នាក់​បាន​ប៉ុនប៉ង​ចុះទៅ​បាត​ប្រាសាទ ដើម្បី​រាវរក​វត្ថុបុរាណ និង​មាស​ពេជ្រ កែវកង ដោយ​ចងខ្សែ​នៅ​ចង្កេះ​​នៅពេល​ចុះទៅ​ក្រោម ក៏ប៉ុន្តែ​ជា​អកុសល​មិនបាន​ទៅដល់​ឡើយ​។ ពួកគេ​ត្រូវ​បាត់​ខ្លួន​ទាំងអស់ មិន​អស់ចិត្ត​មេទ័ព​បារាំង​បាន​បញ្ជារ​ឲ្យ​រុះរើ​ថ្ម​នៅ​កាំជណ្តើរ ដើម្បី​ចុះ​ដល់​បាត​ប្រាសាទ​ទៀត ក៏ប៉ុន្តែ​ដូច​លើក​មុន កូនចៅ​របស់គេ​ក៏​នៅតែ​បាត់​ខ្លួន​ទៀត ម្ល៉ោះហើយ​គេ​ក៏​បញ្ឈប់​ស​កម្ម​ភាព​ទៅ​។​

​ការពិតទៅ ពំនោល​ដូច្នេះ​គ្រាន់តែ​ជាការ​ប៉ាន់ស្មាន​តែប៉ុណ្ណោះ ដែល​គ្មាន​មូលដ្ឋាន​វិទ្យាសាស្ត្រ​ទេ​។ ដោយហេតុថា វា​ជា​ទស្សនៈ​របស់​អ្នកស្រុក​ជុំវិញ​ភាព​ពិសិដ្ឋ​របស់​ប្រាសាទ​ដែល​មិនត្រូវ​ប៉ះពាល់ មើលងាយ មើលថោក​តែប៉ុណ្ណោះ ដូច​ករណី ’​ផ្នូរ​ស្តេច​ដំរី​ស ដែល​ស្ថិតនៅ​ខាងក្រោយ​នៃ​ប្រាសាទធំ​ខាងលើនេះ​ជា​សក្ខីភាព​ស្រាប់​”​។ កុំភ្លេចថា ពួក​បារាំង​ដែល​បាន​បញ្ជារ​ទាហាន​ឲ្យ​ចុះទៅ​កាន់​បាត​ប្រាសាទ តែ​ដោយ​ឥតប្រយោជន៍​នោះ គឺជា​លោក​ប៉ាក មុ័​ង​ទី​យេ អ្នកស្រាវជ្រាវ​ខាង​បុរាណវិទ្យា​បារាំង​ម្នាក់​ដ៏​ល្បីល្បាញ ដែល​កាលពី​ឆ្នាំ ១៩៣៣ បាន​អញ្ជើញ​មក​សិក្សា​ស្រាវជ្រាវ​ពី​ប្រវត្តិ​នៃ​ប្រជុំប្រាសាទ​នៅ​ទីក្រុង​កោះ​កេរ​ក្នុងសម័យ​អាណានិគម​៕

អត្ថបទដោយ៖ ម​.​ត្រា​ណ

អត្ថបទទាក់ទង