អភិបាលរាជធានីភ្នំពេញ ចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់តាមមូលដ្ឋាន និងណែនាំឲ្យមន្រ្តីបន្តតាមដានត្រៀមដោះស្រាយ ជូនប្រជាពលរដ្ឋ
លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ បានដឹកនាំមន្ទីរជំនាញ និងមន្រ្តីបច្ចេកទេសក្រោមឱវាទ ចុះពិនិត្យ ជាក់ស្ដែងអំពីស្ថានភាព កម្ពស់ទឹកនៅតាមភូមិសាស្ត្រសំខាន់ៗមួយចំនួន ក្នុងរាជធានីភ្នំពេញ។
មន្ត្រីជំនាញមន្ទីរសាធារណការ និងមន្ទីរធនធានទឹក បានឱ្យដឹងថា លោកអភិបាលរាជធានីភ្នំពេញ បានចុះពិនិត្យស្ថានភាពកម្ពស់ទឹកនៅស្ថានីយ៍បូមទឹកស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រួចបន្តទៅស្ថានភាពកម្ពស់ទឹកនៅស្ថានីយ៍ចតុមុខ ខណ្ឌដូនពេញ និងខណ្ឌចំការមន ព្រមទាំងស្ថានភាពកម្ពស់ទឹកនៅព្រំប្រទល់ខេត្តកណ្តាល និងរាជធានីភ្នំពេញ។
នៅល្ងាចថ្ងៃដដែលនេះ លោកអភិបាលរាជធានីភ្នំពេញ បានចុះដល់ភូមិព្រែកតាឡុងបីផ្ដល់ជូននូវផ្លូវបេតុងមួយខ្សែប្រវែងជាង១.០០០ម៉ែត្រ ដល់ប្រជាពលរដ្ឋដែលរស់នៅភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
គួរបញ្ជាក់ផងដែរថា នៅល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ កម្ពស់ទឹកទន្លេចតុមុខ ឡើងដល់កំពស់នីវ៉ូ 9.7២ នៅសល់0.80ម៉ែត្រ ដល់កំពស់ប្រកាសអាសន្ន10.50ម៉ែត្រ។
ពាក់ព័ន្ធបញ្ហាទឹកជំនន់លោក សាំ ពិសិដ្ឋ បានឲ្យដឹងដែរថា «ពេលនេះយើងកំពុងប្រឈមទឹកជំនន់ចំនួន៣ប្រភេទ គឺជំនន់ដោយទឹកភ្លៀង ជំនន់ដោយទឹកទន្លេ និងជំនន់ដោយទឹកស្ទឹងព្រែកត្នោត។ តំបន់ខ្លះនៃភូមិសាស្ត្រ រាជធានីភ្នំពេញ មានស្ថានភាពដីទាបជាងនីវ៉ូទឹកទន្លេ ប៉ុន្តែរាជធានីភ្នំពេញ មិនអាចទទួលរងការគំរាមកំហែងដោយទឹកជំនន់បានឡើយ និងមានសុវត្ថិភាព ដោយសារមាន ទំនប់ការពារទឹកជំនន់ ដ៏រឹងមាំព័ទ្ធជុំវិញទីក្រុង និងមានស្ថានីយ៍បូមទឹកចំនួន១៣កន្លែង ដែលភាគច្រើនជាស្ថានីយ៍ថ្មីមានសមត្ថភាពបូមទឹក កើនជាងមុន៣ដង»៕