មកស្វែងយល់ចំនុចមួយចំនួន ដែលអ្នកមិនបានចាប់អារម្មណ៍ ប៉ុន្តែល្មើសនឹងច្បាប់ចរាចរណ៍
ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ត្រូវបានអនុវត្តយ៉ាងតឹងរឹងចាប់ពីដើមឆ្នាំ ២០១៦។ ថ្ងៃនេះយើងសូមចែករំលែកបទល្មើសចរាចរណ៍មួយចំនួន ដែលប្រិយមិត្តអាចប្រព្រឹត្តដោយមិនដឹងខ្លួន។
យោងតាមអនុក្រឹត្យស្ដីពី ការពិន័យអន្ដរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ត្រង់មាត្រា៧ ចែងថា ការពិន័យទៅលើទោចក្រយានយន្ត ឬទោចក្រយានយន្តសណ្ដោងរ៉ឺម៉ក ឬត្រីចក្រយានយន្ត ២០ ០០០រៀល យានយន្តធុនស្រាល ៤០ ០០០រៀល និងយានយន្តធុនធ្ងន់ ៧៥ ០០០រៀល ចំពោះអំពើល្មើសដូចខាងក្រោម៖
១ – អ្នកបើកបរទោចក្រយានយន្តអូសចន្ទល់លើផ្លូវថ្នល់ ឬព្រលែងដៃចង្កូត ឬលើកជើងដាក់លើដៃចង្កូត
២ – អ្នកបើកបរយានយន្តបង្ហោះ រេចុះឡើងរេឡើង ឆាប ឬកៀរ
៣ – អ្នកបើកបរយានយន្តរៀបចំដាក់តាំងភ្លើង និងភ្លើងសញ្ញានៃយានជំនិះ មិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស
៤ – អ្នកបើកបរយានយន្តដែលម៉ាស៊ីនបញ្ចេញសំឡេងខ្លាំង ឬផ្សែងច្រើនខុសពីបទដ្ឋានបច្ចេកទេស
៥ – អ្នកបើកបរយានយន្តដែលគ្មានឬមិនដំណើរការនូវផ្លិតទឹកជូតកញ្ចក់មុខ ឬកញ្ចក់មុខ ឬកញ្ចក់ក្រោយមានប្រេះស្រាំដែលលំបាកមើលផ្លូវ ឬគ្មានកញ្ចក់មើលក្រោយ
៦ – អ្នកបើកបរយានយន្តហួសល្បឿនកំណត់ចាប់ពី ២០-២៩គីឡូមែត្រក្នុងមួយម៉ោង
៧ – អ្នកបើកបររថយន្តធ្វើអាជីវកម្មដឹកអ្នកដំណើរឬដឹកទំនិញ មិនមានសញ្ញាសំគាល់ ឬប្រើសញ្ញាសម្គាល់មិនត្រឹមត្រូវ
៨ – អ្នកបើកបររថយន្តដឹកទំនិញមានគ្រោះថ្នាក់មិនមានសញ្ញាសម្គាល់ ឬប្រើសញ្ញាសម្គាល់មិនត្រឹមត្រូវ
៩ – អ្នកបើកបរយានយន្តល្មើសនឹងបែបបទ នៃការសណ្ដោងយានដូចមានចែងក្នុងមាត្រា ១៤ នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក។
១០ – អ្នកបើកបរយានយន្តដែលមិនបានប្រើសញ្ញាអាសន្ន ឬមិនបានដាក់សញ្ញាត្រីកោណជាដំណឹងក្នុងករណីដែលយានយន្តខូចមិនអាចរំកិលចេញពីទ្រូងផ្លូវបាន។អ្នកបើកបរយានយន្តដែលមិនបានប្រើសញ្ញាអាសន្ន និងមិនបានដាក់សញ្ញាត្រីកោណជាដំណឹងសម្រាប់ការពារគ្រោះថ្នាក់ ក្នុងករណីដែលយានយន្តខូចមិនអាចរំកិលចេញពីទ្រូងផ្លូវបាននៅកន្លែងផ្លូវកោង ឬផ្លូវបត់ ឬផ្លូវចោត៕