ខ្មែរប៉ុស្ដិ៍ Close

ថ្មីបំផុត! ជំនន់ស្ទឹងព្រែកត្នោត នឹងមកដល់ភ្នំពេញ នៅវេលាម៉ោងប្រមាណ២រំលងអាធ្រាត្តនេះ,ក្រសួងធនធានទឹក ត្រៀមគ្រឿងចក្រជាង២០គ្រឿងជួយអន្តរាគមន៍

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២០ ខែសីហា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 14

ទឹកភ្លៀងដែលបានធ្លាក់ក្នុងភូមិសាស្ត្រស្រុកភ្នំស្រួច និងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ប្រមាណ២០០មីល្លីម៉ែត្រ ត្រូវបានហូរចូលតាមព្រែកអូរតូចៗ ចាក់ចូលមកក្នុងស្ទឹងព្រែកត្នោត រួចបន្តហូរមកខាងក្រោម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្ដាល មុននឹងហូរចាក់ចូលទន្លេបាសាក់។ នេះជាការបញ្ជាក់របស់លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បាននិយាយនៅយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨នេះ។

អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា ជំនន់ស្ទឹងព្រែកត្នោត នឹងមកដល់ភូមិសាស្រ្តរាជធានីភ្នំពេញ នៅវេលាម៉ោងប្រមាណ២រំលងអាធ្រាត្រនេះ ប៉ុន្តែក្រសួងបាននិងកំពុងជួយអន្តរាគមន៍ហើយ។

លោក ចាន់ យុត្ថា បានបញ្ជាក់ថា «ប៉ុន្តែមុននឹងហូរចូលទៅកាន់ទន្លេបាសាក់ ទឹកជំនន់តែងតែបង្កការគំរាមកំហែង ដល់ទំនប់សណ្តរស្ទឹងព្រែកត្នោតទាំងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក៏ដូចជាខេត្តកណ្ដាល។ ចំពោះមុខបញ្ហានេះលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានត្រៀមលក្ខណៈរួចរាល់សម្រាប់ទប់ទល់ និងស្ថានភាពជំនន់នេះ»

បើតាមអ្នកនាំពាក្យរូបនេះ ចាប់តាំងពីថ្ងៃទី១៩ ខែសីហា ម្សិលមិញមកម្ល៉េះ គ្រឿងចក្រធុនធ្ងន់ជាង២០គ្រឿង រួមជាមួយមន្ត្រីបច្ចេកទេស ព្រមទាំងមធ្យោបាយសម្ភារផ្សេងៗ ដូចជា សំបកការ៉ុង សាច់ដីត្រូវបានបញ្ជូនទៅកាន់ទីតាំង នឹងដាក់ពង្រាយតាមទំនប់សណ្តរស្ទឹងដើម្បីត្រៀមអន្តរាគមន៍។

លោក ចាន់ យុត្ថា បានបញ្ជាក់បន្ថែមដោយខ្លីថា «ពួកយើងបានត្រៀមនៅទីនេះរួចជាស្រេចតាំងពីម្សិលមិញ យើងមិនសូវជាមានការព្រួយបារម្ភប៉ុន្មានទេ ដោយហេតុថា យើងបានត្រៀមលក្ខណៈ គ្រប់គ្រាន់ទាំងគ្រឿងចក្រទាំងមន្ត្រីបច្ចេកទេស និងមធ្យោបាយផ្សេងៗ សម្រាប់អន្តរាគមន៍ ម្យ៉ាងតួទំនប់របស់យើងក៏ទើបនឹងទទួលការជួសជុលទ្រង់ទ្រាយធំកាលពីខែកន្លងទៅ»

នៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨នេះ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ រួមជាមួយអធិការនគរបាលខណ្ឌ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ ចៅសង្កាត់ពាក់ព័ន្ធ មេភូមិ មន្ត្រីរាជការខណ្ឌ ក៏បានចុះពិនិត្យស្ថានភាពទឹកស្ទឹងព្រែកត្នោត និងត្រៀមដើម្បីចាត់វិធានការទាន់ពេលវេលា ចំពោះផលប៉ះពាល់ផ្សេងៗ ដែលអាចបង្កឡើងដោយសារទឹកជំនន់​ ដោយសហការជាមួយក្រសួងធនធានទឹក​ និងឧតុនិយម។

លោកអភិបាលខណ្ឌដង្កោ បានណែនាំឲ្យកម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ត្រូវតែសហការគ្នា ដើម្បីត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ ដើម្បីចេញជួយអន្ដរាគមន៍ ពលរដ្ឋឲ្យបានទាន់ពេលវេលា នៅពេលមានគ្រោះថ្នាក់កើតឡើងជាយថាហេតុ និងណែនាំពលរដ្ឋត្រូវតែបង្កើនការប្រុងប្រយ័ត្នដូចគ្នាផងដែរ៕

អត្ថបទ៖ EPOST

អត្ថបទទាក់ទង