កញ្ញា អាប៊ី ទើបតែចេញចម្រៀងOriginal Song ដែលមានអ្នកទស្សនាមិនគួរអោយជឿ

ដោយ៖ ស៊ីវេត មធុរ៉ា​​ | ថ្ងៃអង្គារ ទី១៤ ខែសីហា ឆ្នាំ២០១៨​ | កំសាន្ដ & ប្លែកៗ | 0 |

ស្រីស្រស់ ប៊េប៊ី ត្រូវបានមហាជនដឹងថា ធ្លាប់តែជាតារាសម្ដែង មានទេពកោសល្យឆក់បានតំណែងជាតួឯក ស្រាប់តែពេលនេះ នាងបានបញ្ចេញស្នាដៃបទចម្រៀង Original Song របស់ខ្លួន មានចំណងជើងថា «អំណាចលុយ» ហើយត្រូវគេឃើញមានការចែកចាយ និងចូលស្ដាប់ក្នុងបណ្ដាញ You Tube រហូតដល់ម៉ឺនដង បង្កឲ្យអ្នកគាំទ្ររបស់នាងបើកភ្នែកធំៗ ភ្ញាក់ផ្អើលគ្រប់ៗគ្នា ព្រោះតែមិនដែលឃើញនាង ចេញបទផ្ទាល់ខ្លួនបែបនេះ។

យ៉ាងណាមិញ នេះជាបទចម្រៀង ដែលកញ្ញា ប៊េប៊ី ចេញស្ទីលរ៉េប យ៉ាងប្លែកត្រចៀក ខណៈដែលតារារូបនេះ ក៏បានប្រកាសថា នឹងចំណាយទុនផលិតជា MV ឲ្យញាក់សាច់ បន្ទាប់ពីបទចម្រៀងនេះចេញមក ក៏មានការពេញនិយមខុសពីការគ្រោងទុក។

តារាសម្ដែង និងកំពុងតែវិវឌ្ឍន៍ខ្លួន ទៅជាតារាចម្រៀង កញ្ញា ប៊េប៊ី បានអះអាងថា នាងមានអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំង ដែលបទចម្រៀងមួយបទនេះ ទើបបង្ហោះបានប៉ុន្មានម៉ោង កាលពីថ្ងៃទី១៤ សីហា ប៉ុណ្ណោះ តែអ្នកចូលទស្សនាកើនដល់រាប់ម៉ឺននាក់ ក្នុងពេលដែលនាងក៏ប្រកាសថា ខ្លួនគ្រាន់តែចេញបទចម្រៀងប្រភេទរ៉េបនេះ ដើម្បីស្ទាបស្ទង់សមត្ថភាព។

ប៊េប៊ី បន្តថា មួយបទនេះ ធ្វើឲ្យនាងកាន់តែមានកម្លាំងចិត្ត ក្នុងការបញ្ចេញបទថ្មី ដោយនាងក៏គម្រោងនឹងផលិតបទរ៉េបៗឲ្យប្លែកត្រចៀកបែបនេះ ដើម្បីវាយលុកទីផ្សារជាបន្តបន្ទាប់ផងដែរ។ ក្នុងនោះនាងបានប្រកាសថា ខ្លួនបានត្រៀមរួចហើយ នូវការផលិត MV បទ «អំណាចលុយ» ឲ្យកាន់តែធ្វើឲ្យបទនេះផ្ទុះខ្លាំង ក្នុងស្រទាប់យុវវ័យ ខណៈដែលស្ទីលដែលនាងរំលេចក្នុង MV ក៏នាងត្រៀមធ្វើឲ្យប្លែកខុសពីបទចម្រៀងមុនៗ។

មកដល់នឹងម៉ោងនេះ បទចម្រៀង «អំណាចលុយ» របស់កញ្ញាប៊េប៊ី កន្ត្រាក់បានអ្នកស្ដាប់បានច្រើនមិនធម្មតា ដោយសារតែអត្ថន័យរបស់បទនេះ ក៏ត្រូវចិត្តមនុស្សភាគច្រើន ហើយជាបទបើកឆាក ដែលនាងបកស្រាយប្រភេទរ៉េប ចាប់តាំងពីនាងវិវត្តន៍ បានក្លាយជាតារាចម្រៀងយុវវ័យ។

ដោយឡែក អ្នកស្នេហាវិស័យបទចម្រៀងរ៉េប បានសរសើរមិនដាច់ពីមាត់ ជាមួយនឹងសមត្ថភាពរបស់នាង ដែលក្រៅពីអាចបកស្រាយបទចម្រៀង បែបមនោសញ្ចេតនា និងបទប្រភេទញាក់ៗបានល្អហើយ ស្រាប់តែនាងអាចបកស្រាយ បទចម្រៀងប្រភេទរ៉េបមួយបទនេះ បានទៀត៕

ប្រភព៖ khmertalking.com

បញ្ចេញមតិ
ពាក្យគន្លឹះទាក់ទង