សួស វីសា ចាប់ផ្ដើមអាជីវកម្មថ្មីជាមួយមិត្តប្រុស

ដោយ៖ លី វិទ្យា​​ | ថ្ងៃចន្ទ ទី៩ ខែកក្កដា ឆ្នាំ២០១៨​ | កំសាន្ដ & ប្លែកៗ | 0 |
សួស វីសា ចាប់ផ្ដើមអាជីវកម្មថ្មីជាមួយមិត្តប្រុស សួស វីសា ចាប់ផ្ដើមអាជីវកម្មថ្មីជាមួយមិត្តប្រុស

សួស វីសា និងសង្សារថ្មីប្រុសក្មេង ប៊ុនថុល ប៊ុនថង ហៅថមមី កាន់តែល្អូកល្អិនគ្នាពីមួយថ្ងៃទៅមួយថ្ងៃលើសពីគូស្នេហ៍យុវវ័យទៅទៀត ហើយបើតាមព័ត៌មានបានបង្ហើបថា អ្នកទាំង២ បានចូលហ៊ុនគ្នាបើកហាងបាយមួយ នៅម្តុំស្តុបបូកគោ រាជធានីភ្នំពេញដែលចំណាយលុយជាង៣ម៉ឺនដុល្លារទៀតផង។

ព័ត៌មានបានឱ្យដឹងថា ការដែលពួកគេងាកមករកស៊ីនៅពេលនេះ គឺទាំងសួស វីសា និងលោកថមមី ចង់មានមុខរបរផ្ទាល់ខ្លួនឱ្យរឹងមាំជាមុនសិន ទើបពួកគេដឹកដៃគ្នាចូលរោងការនៅក្រោយហាងបាយនោះ ដំណើរការដោយរលូន។

ក្នុងជំនួបជាមួយលោកថមមី ថ្ងៃសែនក្រុងពលីថតរឿង “មន្តស្នេហ៍អនុសេនីយ៍” របស់ប៉ុស្តិ៍លេខ៥នោះ តារាសម្តែងរូបនេះ បានឱ្យដឹងថា លោកពិតជាមមាញឹកទៅលើការរៀបចំបើកហាងលក់បាយនោះមែន ព្រោះត្រូវមើលលើការឌីហ្សាញឱ្យស្អាត ហើយពេលនេះជិតដំណើរការក្នុងពេលឆាប់ៗនេះហើយ តែហាងនោះគ្មានភាគហ៊ុនរបស់សួស វីសា ដែលជាគូស្នេហ៍លោកនោះទេ។

លោកថមមី ថ្លែងថា “អូបង! ហាងបាយនោះ កំពុងសាងសង់ជិតរួចរាល់ហើយ តែហាងហ្នឹងជាលុយរបស់ខ្ញុំសុទ្ធសាធ​គ្មានលុយវីសា ចូលជាមួយទេ។ មូលហេតុដែលខ្ញុំបើកហាងលក់បាយ ដោយសារតែខ្ញុំយល់ថា ការញ៉ាំបាយ គឺជាតម្រូវការចាំបាច់របស់មនុស្សគ្រប់គ្នា ដែលគេញ៉ាំរាល់ថ្ងៃ អ៊ីចឹងបើយើងរកខាងហ្នឹង គឺបានយូរអង្វែងជាង ព្រោះថា អាជីពសិល្បៈមិនទៀងទាត់ទេ។ ក្រោយហាងនោះសង់រួច ខ្ញុំនឹងធ្វើពិធីសម្ពោធជាផ្លូវការ ដោយហៅតារាសិល្បៈរួមអាជីពឱ្យចូលរួមផងដែរ”។

សួស វីសា ដែលបែកបាក់សង្សារចាស់ លោកមាស សាឡី នោះ ត្រូវបានមន្ត្រីធំៗមួយចំនួនព្យាយាមថ្ពក់បេះដូងស្រីស្រស់មកស្អំរបួសបេះដូង ដោយធានាជូនសម្ភារៈគ្រប់យ៉ាង ដែលនាងចង់បាន។ ប៉ុន្តែ វីសា បានទៅភ្ជាប់ស្នេហ៍ថ្មីជាមួយប្រុសក្មេងថមមី ដោយកន្លងមកធ្លាយរូបលោកថមមី គេងកើយភ្លៅវីសា ទៀតផង តែរាល់លើកឱ្យតែអ្នកកាសែតសួរនាំរឿងស្នេហាថ្មីនេះ វីសា ដែលទើបបានតំណែងធំនៅហង្សមាស The Voice Kids Cambodia រដូវកាលទី២ បែរជាប្រកែកញ៉ាញ និងមិនពេញចិត្តអ្នកកាសែតសួររឿងនេះឡើយ ព្រោះនាងថា ការលេចឮនោះមិនមែនជាការពិត។ ប៉ុន្តែ លោកថមមី បានបញ្ជាក់នៅពេលនេះថា រឿងស្នេហាលោកជាមួយសួស វីសា គឺជាការពិតឥតក្លែងក្លាយ គ្រាន់តែមិនទាន់មានពិធីភ្ជាប់ពាក្យ ឬកំណត់ពេលចូលរោងការជាក់លាក់ឡើយព្រោះថាពេលនេះលោក និងវីសា កំពុងតែមមាញឹកការងារសិល្បៈដូចគ្នា ៕

បញ្ចេញមតិ