ក្រសួងធនធានទឹក៖ រយៈពេល៣ ឬ៤ថ្ងៃ ខាងមុខ កម្ពស់ទឹកនៅខេត្ដកំពង់ចាម នឹងឡើងខ្ពស់ជាងកម្រិតកម្ពស់ប្រុងប្រយ័ត្ន សូមប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្ន!
ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨នេះ បានសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពទឹកជំនន់ទន្លេ ដោយក្នុងនោះ បានបញ្ជាក់ឲ្យដឹងថា នៅខេត្ដកំពង់ចាម ទឹកនឹងឡើងដល់កម្ពស់ ១៥,២៨ ម៉ែត្រ ខ្ពស់ជាងកម្រិតកម្ពស់ប្រុងប្រយ័ត្ន (កម្រិតកម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ១៥,២០ម៉ែត្រ) ក្នុងរយៈពេល ៣ឬ៤ថ្ងៃ ខាងមុខ។
សេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក ដែលទទួលបាននៅថ្ងៃនេះ បានឲ្យដឹងថា កាលពីថ្ងៃទី៦ ខែសីហា មានភ្លៀងធ្លាក់ ក្នុងកម្រិតពីមធ្យមទៅច្រើន នៅតំបន់ខ្ពង់រាបភាគឦសាន និងនៅតំបន់ផ្ទៃរងទឹកភ្លៀង របស់ទន្លេសាកុង ទន្លេសេសាន និងទន្លេស្រែពក និងបានបង្កធ្វើឲ្យទឹកទន្លេទាំងបីនេះ ហក់ឡើងបន្ដិចបន្ដួច។
ក្រសួងធនធានទឹក បានបន្ថែមទៀតថា ចំណែកថ្ងៃទី៧ ខែសីហា ភ្លៀងបានបន្ដធ្លាក់នៅតំបន់ ប៉ាក់សេ (ប្រទេសឡាវ) ក្នុងកម្រិត ១២៣ ម.ម តែផ្ទៃដីដែលទទួលបានរបាយទឹកភ្លៀងនេះ មានទំហំតូច ពោលគឺ ភ្លៀងបានធ្លាក់គ្របដណ្ដប់តែលើទីប្រជុំជន ប៉ាក់សេប៉ុណ្ណោះ។
បច្ចុប្បន្ន មានប្រព័ន្ធសម្ពាធទាបមួយ បាននិងកំពុងអូសកាត់អាងទន្លេមេគង្គ ក្នុងប្រទេស ថៃ និងប្រទេសឡាវ ប៉ុន្ដែប្រព័ន្ធសម្ពាធទាបនេះ នៅមានឥទ្ធិពលខ្សោយ ដោយបង្កឲ្យមានការធ្លាក់ភ្លៀង តែក្នុងកម្រិតពីតិចទៅមធ្យមប៉ុណ្ណោះ។
ក្រសួងធនធានទឹក បានសង្កត់ធ្ងន់ថា យោងតាមការព្យាករ ទឺកជំនន់ទន្លេ ក្នុងប្រទេសកម្ពុជា មានស្ថានភាពដូចខាងក្រោម៖
១- នៅខេត្តស្ទឹងត្រែង ទឹកនឹងកើនឡើងដល់កម្ពស់ ១០,៧៩ម៉ែត្រ ក្នុងរយៈពេល១ ឬ២ថ្ងៃទៀត (កម្រិតកម្ពស់ប្រុងប្រយ័ត្ន ១០,៧០ម៉ែត្រ)។
២- នៅខេត្តក្រចេះ ទឹកនឹងកើនឡើងដល់កម្ពស់ ២១,៩៦ ម៉ែត្រ (កម្រិតកម្ពស់ត្រូវប្រុងប្រយ័ត្ន ២២,០០ ម៉ែត្រ) ក្នុងរយៈពេល២ ឬ៣ថ្ងៃ ទៀត។
៣- នៅខេត្ដកំពង់ចាម ទឹកនឹងឡើងដល់កម្ពស់ ១៥,២៨ ម៉ែត្រ ខ្ពស់ជាងកម្រិតកម្ពស់ប្រុងប្រយ័ត្ន (កម្រិតកម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ១៥,២០ម៉ែត្រ) ក្នុងរយៈពេល ៣ឬ៤ថ្ងៃ ខាងមុខ។
៤- ចំពោះទន្លេមេគង្គក្រោម ទន្លេបាសាក់ និងទន្លេសាប ទឹកនឹងបន្ដកើនឡើង សន្សឹមៗបន្ថែមទៀត។
៥- បឹងទន្លេសាប ទឹកមានកម្ពស់ ៥,៣៣ ម៉ែត្រ ពោលគឺនៅមានលទ្ធភាពស្រូបយក ទឺកជំនន់បានច្រើនបន្ថែមទៀត ៕
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម៖